ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍វាយតម្លៃថា សន្និសីទអន្តរជាតិ ស្តីពីគណបក្សនយោបាយនៅអាស៊ី(ICAPP) លើកទី៦ ដែល រៀបចំឡើងដោយ គណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ ទទួលបានជោគជ័យនិងមានទំហំធំជាងគេបង្អស់ក្នុងចំណោមសន្និបាតដែលបានប្រព្រឹត្ត៥ លើកកន្លងមក។
ក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី នារាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលជាប្រធានរៀបចំសន្និសីទ ICAPP បានមានប្រសាសន៍ឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១ ដល់៣ ខែធ្នូ ឆ្នាំ២០១០ អង្គប្រជុំធំៗ ដែលរួមមានសន្និសីទស្តីពី គណបក្សប្រជាធិបតេយ្យនិយមកណ្តាល អាស៊ីប៉ាស៊ីហ្វិក អន្តរ ជាតិ(CAPDI) មហាសន្និបាតលើកទី៦នៃ សន្និសីទអន្តរជាតិ ស្តីពីគណបក្សនយោបាយ នៅអាស៊ី(ICAPP) សន្និសីទស្តីពីសហប្រតិបត្តិការរវាង CAPDI និងគណបក្សនយោបាយ មកពីអាមេរិកឡាទីន (COPPAL) ។ ការប្រារឰខួបលើកទី១០ នៃការបង្កើត ICAPP ការ ប្រារឰ សិក្ខាសាលាពិសេស ស្តីពីតួនាទីរបស់ស្ត្រីនៅក្នុងនយោបាយ និង អ្នកដឹកនាំ នយោបាយវ័យក្មេង ទទួលបានគាំទ្រពីក្រុមគណៈប្រតិភូគណបក្សនយោបាយមក ពី៤៦ ប្រទេសនៅក្នុងទ្វីបអាស៊ី ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ថ្លែងបញ្ជាក់ទៅកាន់អ្នកកាសែតជាតិ និង អន្តរជាតិថា “នេះបានបង្ហាញឱ្យ ឃើញពីការរីកធំធាត់របស់ស្ថាប័ន ICAPP សន្និសីទអន្តរជាតិ នៃ គណបក្ស នយោបាយនៅ អាស៊ី” ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថា “កម្ពុជាជាគំរូដ៏ល្អ សម្រាប់ ពិភពលោក” ។ ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍ទៀតថា “អ៊ីចឹង ហើយបាន ជាស្ថាប័ន ICAPP ចាត់ទុក កម្ពុជាប្រទេសគំរូ ដែលធ្វើឱ្យពួកគេ បង្កើតគណៈកម្ម ការ សន្តិភាព ដើម្បីជួយ សម្របសម្រួល ដល់ប្រទេសដែលកំពុង មានបញ្ហាដោយយកបទ ពិសោធន៍ពី ប្រទេសកម្ពុជា” ។
ជោគជ័យធំៗដែលព្រះរាជាណាចក្រកម្ពុជាទទួលបានក្នុងការរៀបចំសន្និសីទ ICAPP លើក ទី៦នេះរួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាត្រូវ បានតែងតាំងជា “វរប្រធាន” របស់ គណបក្សប្រជាធិបតេយ្យ និយមកណ្តាលអន្តរជាតិ អាស៊ីប៉ាស៊ីហ្វិក (CAPDI) ដែលមានសមាជិកចំនួនជាង ៤០គណបក្ស នយោបាយ។ ក្នុងនោះ នយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកសាង សន្តិភាព និងរួបរួមជាតិ ការបង្កើតគណៈកម្មការសម្របសម្រួលអន្តរជាតិ ដើម្បីអភិរក្ស និង អភិវឌ្ឍតំបន់អង្គរ ICC ត្រូវបានចាត់ទុកជាគំរូសម្រាប់រៀនសូត្រដកពិសោធន៍ នៅក្នុងប្រទេស ផ្សេងៗទៀត។
ឯកឧត្តម ចូហ្សេ ដឺវិនិសៀ (Jose Venecia Jr) ជាប្រធានស្ថាបនិក និងជាសហប្រធាន នៃស្ថាប័ន ICAPP នៅក្នុងសន្និសីទកាសែតនោះដែរក៏បានថ្លែងកោតសរសើរអំពី យុទ្ធសាស្ត្រដឹកនាំរបស់ព្រះមហាក្សត្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន និង បណ្តាថ្នាក់ដឹក នាំកំពូលៗឯទៀតរបស់ គណបក្សប្រជាជនកម្ពុជាព្រមទាំងការចូលរួមពីគណបក្ស ហ៊្វុន ស៊ិន ប៉ិច ចំពោះ ការបញ្ចប់ជម្លោះអស់ រយៈពេលជាង៣០ ឆ្នាំនោះដែរ។ នៅពេលនេះអតីត មេដឹកនាំ ខ្មែរក្រហមបាន និងកំពុងត្រូវគេកាត់ ទោសចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ របស់ពួកគេក្នុងអំឡុងពេលដែល ខ្មែរក្រហមកាន់អំណាចចន្លោះពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ ដែលក្នុងរយៈ ពេលនោះ មនុស្សជិត២លាននាក់បានបាត់បង់ជីវិត ដោយសារការសម្លាប់ ក្រៅរង្វង់ច្បាប់ អត់អាហារ ឈឺ និងអ្នកខ្លះទៀតស្លាប់ ដោយការបង្ខំធ្វើការហួសកម្លាំង ។
ក្នុងចំណោមគណបក្សនយោបាយប្រមាណ១០០ មកពីទ្វីបអាស៊ី អាស៊ីប៉ាស៊ីហ្វិក និងទ្វីប អាមេរិក នៅក្នុងប្រទេសប្រមាណជិត ៥០ប្រទេស បានមកចូលរួមការប្រជុំនេះ ដែលមាន គណៈប្រតិភូប្រមាណជាង ៥០០ នាក់រាប់ទាំងអ្នកសង្កេតការណ៍អន្តរជាតិត្រូវបានដឹកនាំ ដោយអតីតប្រធានាធិបតី ប្រធានសភា នាយករដ្ឋមន្រ្តីក្នុងមុខតំណែង និងអតីត នាយករដ្ឋមន្ត្រីជាច្រើនរូបផងដែរ ។
ឯកឧត្តម បាន គីមូន អគ្គលេខាធិការ អង្គការសហប្រជាជាតិបានថ្លែងការ អបអររបស់លោក តាមប្រព័ន្ធ Video Conference ចំពោះ ការខិតខំប្រឹងប្រែងរបស់ ស្ថាប័ន អៃកាប់ (ICAPP)ក្នុងការចូល រួមចំណែកការថែរក្សាសន្តិភាព ការអភិវឌ្ឍ វិបុលភាព និងយុត្តិធម៌សង្គម ក៏ដូច ជាការគោរព សិទ្ធិមនុស្ស ។
ឯកឧត្តម ចូហ្សេ ដឺវិនិសៀ ប្រសាសន៍ថា “យើង ICAPP ក៏បានស្នើឱ្យមានមូនិធិប្រឆាំង ភាពក្រីក្រ សម្រាប់អាស៊ី និងសម្រាប់ពិភពលោក ផងដែរ” ។ ឯកឧត្តម ចូហ្សេ ដឺវិនិសៀបានបន្តថា សន្និសីទអន្តរជាតិនៅក្រុងភ្នំពេញ ពេលនេះក៏បានលើកឡើងការបង្កើត គណៈកម្មការមួយ ដើម្បី និយាយទៅកាន់ គណបក្សកាន់អំណាចនៅឥណ្ឌា និងប៉ាគី ស្ថាន ដើម្បីដោះស្រាយបញ្ហាជម្លោះនៅ រដ្ឋកាស្មៀរ ។
ឯកឧត្តម ចូហ្សេ ដឺវិនិសៀ ក៏បានប្រាប់អ្នកកាសែត ថា សន្និសីទរបស់ ICAPP ក៏បានគាំទ្រ បង្កើតឱ្យមានគណៈ កម្មការសន្តិភាព សម្រាប់ ដោះស្រាយវិបត្តិនយោបាយនៅ ប្រទេសនេប៉ាល់ ដែលកំពុងប្រឈមមុខ ការជាប់គាំងនយោបាយអស់រយៈពេល ៤ខែ ក្រោយ ពី ការបោះឆ្នោត។
នាយករដ្ឋមន្ត្រីចាំផ្ទះ នេប៉ាល់ ឯកឧត្តម ម៉ាតហាវ កុមារ នេប៉ាល់ (MADHAV KUMAR NEPAL) បានថ្លែងអំឡុង ពេលចូលរួមរបស់លោកនៅក្នុងសន្និសីទថា ប្រទេស របស់លោក កំពុងស្វែងរកដំណោះស្រាយនយោបាយតាមគំរូព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះដែរ លោក ចូហ្សេ បានមានប្រសាសន៍ថា សន្និសីទបាន យល់ព្រមគ្នាថានឹងបញ្ជូនគណៈកម្មការ សន្តិភាព របស់ ICAPP ទៅកាន់ក្រុងកាត ម៉ាន់ឌូ ប្រទេស នេប៉ាល់នៅដើមឆ្នាំក្រោយ ក៏ដូចជាបញ្ជូន គណៈកម្មការសន្តិភាព របស់ ICAPP ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បី ស្វែងរកឱ្យមានការចរចារវាងពួកឧទ្ទាមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលកំពុង ដឹក នាំដោយប្រធានាធិបតី អាមីត កាសៃ ។
នៅក្នុងសន្និសីទអន្តរជាតិក្រោមប្រធានបទថា “ការស្វែងរកអនាគតកាន់តែប្រសើរសម្រាប់ អាស៊ី”ICAPP បានផ្តោតសំខាន់ លើ៣ចំណុចធំៗគឺ សេដ្ឋកិច្ច ថាមពល និងបរិស្ថាន។ ជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំ ចាប់តាំងពីការ បង្កើតស្ថាប័ន ICAPP នាឆ្នាំ២០០០ មកបញ្ហាស្តីពីស្ត្រីជា អ្នកនយោបាយ និងអ្នកដឹកនាំយុវជនវ័យក្មេង និងការ អភិវឌ្ឍសេដ្ឋកិច្ច ដោយរក្សាបាននូវបរិស្ថានល្អត្រូវបានលើកយកមកពិភាក្សា ។
មហាសន្និបាតលើកទី៦របស់សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅ អាស៊ី ICAPPដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជានៅពេល នេះគឺត្រូវ នឹងខួប កំណើត លើក ទី៣២នៃការបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាថ្ងៃ ទី២ ខែធ្នូ ១៩៧៨ ដើម្បីផ្តួលរំលំ របបប្រល័យពូជសាសន៍ខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ ផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី៤ -៥ ខែធ្នូ ឆ្នាំ២០១០ គណៈប្រតិភូ ICAPP ត្រូវបានអញ្ជើញ ឲ្យទៅទស្សនកិច្ចនៅតំបន់ប្រាសាទអង្គរ និងប្រាសាទព្រះវិហារ។
No comments:
Post a Comment