បន្ទាប់ពីបានរួចផុតជីវិតពីការកាប់សម្លាប់នៃបនប្រល័យពូជសាសន៍ប៉ុល ពត ថ្ងៃទី៧ខែមករា ឆ្នាំ១៩៧៩ មក កម្ពុជាបានប្រែមុខមាត់ថ្មីដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្តារ កសាង និងអភិវឌ្ឍប្រទេសពីបាតដៃទទេរហូតធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខ និងការអភិវឌ្ឍរីកចំរើនស្ទើគ្រប់វិស័យ។
ទាំងនេះ គឺជាសក្ខីភាពប្រវត្តិសាស្ត្រដែលខ្មែរគ្រប់រូបមិនអាចបំភ្លេចបាននូវសាមគ្គីភាពរវាងខ្មែរនិងខ្មែរ ជាពិសេសឥស្សរជនសំខាន់ៗជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូ ជំនះគ្រប់ឧបសគ្គ ប្តូរជីវិត ដើម្បីនាំមកនូវលំនឹងនយោបាយក្នុងប្រទេស និងការរស់ឡើងវិញនូវប្រពៃណី វប្បធម៌ ក៏ដូចជាការកើតមាននូវលទ្ធិប្រជាធិបតេយ្យ ការគោរពនិងការលើកកម្ពស់សិទ្ធិសេរីភាព ក៏ដូចជាបានពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងសកលលោក។ ប៉ុន្តែ គួរឲ្យសោកស្តាយជាពន់ពេកក្នុងខណៈពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងគោរពយ៉ាងត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញ និងប្រកាន់ខ្ជាប់នូវរបបប្រជាធិបតេយ្យសេរីពហុបក្សដោយយកចិត្តទុកដាក់ជា សំខាន់បំផុតក្នុងការគោរពសិទ្ធិមនុស្ស បែរជាមានក្រុមអង្គការមិនមែនរដ្ឋាភិបាលមួយក្រុមតូចមើលរំលងពីការពិត និងបានបន្ទាបបន្ថោកតម្លៃសិទ្ធិមនុស្សនៅកម្ពុជាថាដើរថយក្រោយ ដោយពួកគេប្រែក្លាយទិវាសិទ្ធិមនុស្ស១០ធ្នូ ដើម្បីនាំគ្នាដើរដង្ហែក្បួននៅតាមដងផ្លូវ ទាមទារការប្រែក្លាយប្រព័ន្ធយុត្តិធម៌ សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ និងការរស់នៅសមរម្យរបស់ប្រជាពលរដ្ឋទៅវិញ។
ក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលទាំងនោះ ក៏ឃើញមានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្ស របស់លោកធន់ សារាយ , លោក សុខ សំអឿន , លោកស្រីពុង ឈីវហ្កិច ជាមេដឹកនាំចលនាតវ៉ានោះផងដែរ ។ តើសមគួរនឹងពួកគេបង្កើតបញ្ហារំខានសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងទិវាសិទ្ធិមនុស្ស១០ធ្នូ ដែលជាថ្ងៃឈប់សម្រាករបស់ប្រជាពលរដ្ឋនោះដើម្បីអ្វី? ជាចំលើយបឋម យើងអាចគិតបានថាសកម្មភាពដង្ហែក្បួននៅតាមដងផ្លូវនេះ គឺគ្មានអ្វីក្រៅពីការមួលបញ្ហា បំផ្លើសការពិត ដើម្បីគាប់គុណបរទេសចង់បានប្រាក់ជំនួយតែប៉ុណ្ណោះ។ ឬយើងអាចនិយាយម៉្យាងទៀតថា« បើពួកគេសរសើរពីការរីកចំរើននៃការគោរពសិទ្ធិមនុស្ស គឺប្រាកដណាស់ថាពួកគេនឹងត្រូវខាតបង់ប្រាក់ជំនួយឬអស់អាជីព។ជារឿងពុំគួរគប្បីនោះទេដែលអង្គការសមាគមការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលមួយក្រុមតូចបានឆ្លៀតឆក់យកឱកាសនេះដើម្បីបរិហាររិះគន់មកលើរាជរដ្ឋាភិបាល ពាក់ព័ន្ធ នឹងសិទ្ធិមនុស្ស និងជុំវិញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា» ។ ពួកគេបានអះអាងថា សកម្មជនការពារសិទ្ធិមនុស្សត្រូវរងការគំរាមកំហែង និងចោទថាពលរដ្ឋពុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិជាដើម។
ប៉ុន្តែ ការពិតនៅកម្ពុជា គឺប្រៀបបានទៅនិងឋានសួគ៌នៃសិទ្ធិសេរីភាពទៅហើយ ពីព្រោះ យោងតាមរដ្ឋធម្មនុញ្ញមាត្រា៣១បានចែងថា« ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និងគោរពសិទិ្ឋមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទិ្ឋមនុស្សនិងកតិកាសញ្ញាព្រមទាំងអនុសញ្ញាទំាងឡាយទាក់ទងទៅនិងសិទ្ឋិមនុស្ស។ មាត្រា៤១ គឺប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសាព័ត៌មានសេរីភាពខាងការបោះពុម្ភផ្សាយសេរីភាពខាងការប្រជុំ។ មាត្រា៤២ គឺប្រជាពលរដ្ឋមានសិទ្ឋិបង្កើតសមាគមនិងគណបក្សនយោបាយ។កម្មករមានសិទ្ឋិបង្កើតសហជីព និងនិយោជកមានសិទ្ឋិបង្កើតសមាគមនិយោជក ស្របទៅតាមច្បាប់ស្តីពីការងារនៅកម្ពុជា ដែលរហូតមកដល់ពេលនេះមានសហជីពចំនួនប្រមាណ១ពាន់និងសហព័ន្ឋ២៧និងមានសមាគម ក៏ដូចជាអង្គការសង្គមស៊ីវិលចំនួនជាង៣ពាន់ បាននិងកំពុងធ្វើសកម្មភាពការងាររបស់ខ្លួនយ៉ាងផុលផុសចំណែកវិទ្យុមិនគំាទ្រនិងគំាទ្ររាជរដ្ឋាភិបាលជាច្រើន និងសាព័ត៌មាន វិទ្យុ គេហទំព័រ ដែលមានការគាំទ្រមកពីចំរុះនិន្នាការ ។ ក្រៅពីនេះរាជរដ្ឋាភិបាលកម្ពុជាតែងតែមានការបោះឆ្នោតទៀងទាត់រាល់៥ឆ្នំាម្តងនិងមានការបោះឆ្នោតព្រឹទ្ឋសភា បោះឆ្នោតឃុំ សង្កាត់ រាជធានីយ៉ាងទៀងទាត់។
រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យករបបសភាអាស្រ័យធម្មនុញ្ញ ដែលមានពហុគណបក្សនយោបាយចូលរួមប្រកួតប្រជែងដោយសេរីត្រឹមត្រូវនិងយុត្តិធម៌។នៅពេលយុទ្ឋនាការបោះឆ្នោតគណបក្សនិមួយៗបានរិះគន់រដ្ឋាភិបាលដោយឥតសំចៃមាត់ ហើយការបោះឆ្នោតចាប់ពីពេលចាប់ផ្តើមរហូតដល់ការប្រកាសលទ្ឋផលចុងក្រោយពុំមានការរំលោភសិទ្ឋមនុស្ស ឬការសំលាប់មនុស្សកើតឡើងទេដោយមានអ្នកសង្កេតការណ៏ការជាតិ អន្តរជាតិរាប់រយនាក់ តាមឃ្លាំមើលគ្រប់ការិយាល័យ។ ទាំងនេះសបញ្ជាក់ឲ្យឃើញថាប្រទេសកម្ពុជាពោរពេញដោយការបើកចំហរយ៉ាងទូលាយនូវសិទ្ឋិសេរីភាពនិងប្រជាធិបតេយ្យ ដែលមិនអាក្រក់ដូចការមួលបង្កាច់ដោយក្រុមសមាគមសិទ្ធិមនុស្សមួយចំនួននោះទេ។ ផ្ទុយទៅវិញភាពប៉ិនប្រសពក្នុងការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវទំនុកចិត្តដល់ប្រទេសម្ចាស់ជំនួយ ដែលក្នុងឆ្នាំចុងក្រោយនេះក្រុមប្រទេសទាំងនេះបានផ្តល់ទឹកប្រាក់ចំនួន១១០០លានដុល្លាអាមេរិកដល់កម្ពុជា នេះគឺជាជោគជ័យដ៍ធំធេងរបស់រាជរដ្ឋាភិបាល។ ដូច្នេះ សកម្មភាពនាំគ្នាដង្ហែរក្បួនតវ៉ាក្នុងទិវា សិទ្ធិមនុស្សថ្ងៃ១០ ធ្នូ គឺហាក់បីដូចជាពួកគេនាំគ្នាបំផ្លាញសន្តិភាពនូវកម្ពុជា ឬអាចចាត់ថាជាការទាមទារសិទ្ធិសេរីផាពហួសព្រំដែន ដែលពួកគេប្រៀបបាននឹងក្រុមជនឱកាសនិយម ឆ្លៀតកេងផលប្រយោជន៍បុគ្គលសួនតួតែប៉ុណ្ណោះ គឺពុំបានគិតពីផលប្រយោជនជាតិជាធំនោះទេ៕
រួម ជាតិ
No comments:
Post a Comment