Wednesday, December 08, 2010

ឯក​ឧត្តម​បណ្ឌិត​ សុខ អាន ជួប​ពិភាក្សាការងារ​ជាមួយ​ឯកឧត្តម​​​ ព្យែរ​ ឡឺលូស​រដ្ឋលេខាធិការ​ទទួល​បន្ទុក​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​បារាំង​ (០៨/១២/២០១០)


 
 នៅ​ទី​ស្តីការ​គណៈរដ្ឋ​មន្ត្រី​នាព្រឹក​ថ្ងៃទី​៨ ខែ​ធ្នូ​ ឆ្នាំ​២០១០ ​ឯកឧត្តម​បណ្ឌិត​ សុខ អាន ​ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រី​​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ ​ជាមួយ​ឯកឧត្តម​ ព្យែរ​ ឡឺលូស ​(Piérre Lellouch) ​រដ្ឋ​លេខាធិការ​ក្រសួង​ សេដ្ឋ​កិច្ច​ ហិរញ្ញវត្ថុ​ និង​ឧស្សាហកម្ម​ នៃ​សាធារណៈរដ្ឋ​បារាំង​ទទួល​បន្ទុក​ការងារ​ពាណិជ្ជកម្ម​ ក្រៅ​ ប្រទេស​។
 នៅក្នុង​ជំនួប​នា​ឱ​កាស​នោះ​​ ឯកឧត្តម​​​ ព្យែរ ឡឺលូស ​ដែល​មាន​ការ​អម​ដំណើរ​ពី​​ឯកឧត្តម ​ឯកអគ្គរដ្ឋ​ទូត​​សាធារណៈ​រដ្ឋ​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា​ និង​តំណាង​ក្រុម​ហ៊ុន​វិនិយោគ​ទុន​ បារាំង​ធំៗ​​ចំនួន​ ៤ ផងនោះ​ បាន​មាន​ប្រសាសន៍​ឲ្យដឹង​អំពី​គោល​បំណង​នៃ​ទស្ស​ន​កិច្ច​ ២ ថ្ងៃ​​ (ថ្ងៃទី​៧-៨ ខែធ្នូ ឆ្នាំ​២០១០​) នៅ​កម្ពុជា​គឺ​ដើម្បី​ស្វែង​យល់​ និង​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​ សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​បារាំង​-កម្ពុជា​ឲ្យ​បាន​កាន់​តែ​ប្រសើរ​។
​ ឯកឧត្តម​​រដ្ឋ​លេខាធិការ​នៃ​សាធារណៈរដ្ឋ​បារំាង​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​បារាំង​កំពុង​ធ្វើ​ការ ​សិក្សា​ និង​មាន​ទំនាក់​ទំនង​នៅ​កម្ពុជា​លើ​វិស័យ​ ៣ ​គឺ​ វិស័យ​ថាមពល​, វិស័យ​ហេដ្ឋារចនា សម្ព័ន្ធ​ និង​​សារគមនាគមន៍ ​ក្នុង​នោះ​មាន​ការ​ហោះ​ហើរ​របស់​យន្ត​ហោះ​ នៃ​ក្រុម​ហ៊ុន អាកាស​ចរណ៍​បារាំង​មក​កម្ពុជា​ នាខែ​ មិនា ឆ្នាំ​២០១១ ខាង​មុខ​​ និង​លើ​បញ្ហា​កសិកម្ម​ ផលិត​ស្បៀង​អាហារ​​ផងដែរ​។
​មាន​ប្រសាសន៍​នា​ឱកាស​នោះ​​ឯកឧត្តម​បណ្ឌិត​ សុខ អាន​ ​បាន​ជម្រាប​ជូន​ប្រតិភូ​នៃ​ សាធារណៈ​រដ្ឋ​បារាំង​ថាៈ គោល​នយោបាយ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​​ក្រោម ​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ​គឺ​គាំទ្រ​គ្រប់​បណ្តា​អ្នក​វិនិយោគទុន​ដោយ​​ គ្មាន​ការ​រើស​អើង​។ ឯកឧត្តម​ឧ​បនាយករដ្ឋ​មន្ត្រី​​​បាន​មាន​ប្រសាសន៍​ថាៈ ព្រះ​រាជាណាចក្រ កម្ពុជា​មាន​សក្តានុពល​លើ​វិស័យ​កសិកម្ម​​ព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​៨០ ភាគរយ​ប្រកប ​របបរ​​ កសិកម្ម​រួម​មាន ស្រូវ​ កៅស៊ូ និង​កសិផល​​ផ្សេង​ៗ​ទៀត​។ បច្ចុប្បន្ន​អ្វី​ដែល​កម្ពុជា​ផលិត​បាន​ថ្មី​ គឺ​បន្លែ​ និង​ផ្លែ​ឈើ​ ​ហើយ​សុំ​ឲ្យ​ភាគី​បារំាង​ជួយ​ឲ្យ​​​ផលិត​ផល​ទាំង​នេះ​បាន​​ចូល​ទៅ​ក្នុង​ទី​ផ្សារ​ នៃ​សហគមន៍​អឺរ៉ុប​ផង​​។
ឯកឧត្តម​បណ្ឌិត​ សុខ អាន ក៏​បាន​ជម្រាប​ជូន​ភ្ញៀវ​ផងដែរ​​ពី​ជោគ​ជ័យ​នៃ​សន្និសីទ​ គណបក្ស​​ នយោបាយ​នៅ​អាស៊ី​(ICAPP) ដែល​ទើប​បញ្ចប់​ទៅ​ថ្មី​ៗ​នេះ​​​ នា​រាជធានីភ្នំពេញ​ ក្រោម​ការ​រៀប​ ចំ​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្នុង​នោះ​ប្រតិភូ​ ដែ​ល​ចូលរួម​ក្នុង​សន្និសីទ​ ICAPP ​បាន​សរសើរ​ចំពោះ​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ ​ក្នុង​ការ​ កសាង​អភិវឌ្ឍ​ប្រទេស​ និង​ការ​កសាង​សន្តិភាព​ បង្រួប​បង្រួម​ជាតិ​ ហើ​យ​បាន​យក​កម្ពុជា​ ធ្វើ​ជា​​គំរូ​សំរាប់​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​បណ្តាប្រទេស​ផ្សែង​ទៀត​។
ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី​ក៏​បាន​ជម្រាប​ជូន​ឯកឧត្តម​ ព្យែ​រ​ ឡឺ​លូស ​ផង​ដែរ​អំពី​ការ​វិល​ទៅ​ រក​ប្រក្រតី​ភាព​ដូច​មុន​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ នៅ​ព្រំដែនតំបន់​ប្រាសាទ​ ព្រះ​វិហារ ​​បន្ទាប់​ពី​មាន​ការ​ជួប​គ្នា​ ៤ដង រវាង សម្តេច​អគ្គ​មហា​សេនាបតីតេជោ​ ហ៊ុន សែន និង​ នាយករដ្ឋមន្រ្តី​​ថៃ​​​​។
ឯកឧត្តម​បណ្ឌិត​ សុខ អាន​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​​ចំពោះ​ជំនួយ​ និង​អ្នក​វិនិយោគទុន​នានា​ របស់​បារាំង​​ ដែល​បាន​រួម​ចំណែក​កសាង​អភិវឌ្ឍសេដ្ឋកិច្ច​ និង​បណ្តុះ​បណ្តាល​ធនធាន​ មនុស្ស​​នៅ​កម្ពុជា​ផងដែរ​។
 នៅ​ក្នុង​ឆ្នាំ​២០១០ នេះ​​លើ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​ និង​បារាំង​ មាន​កិច្ច​ព្រម​ព្រៀង​៣ ត្រូវ​បាន​ចុះ​ហត្ថលេខា រួម​មាន កិច្ច​ព្រមព្រៀម​បន្ថែម​នៃ​គំរោង​បេតិកភណ្ឌ​អង្គ​រ និងការ​ អភិវឌ្ឍន៍​ប្រកបដោយ ចីរភាព​​លើ​ទឹក​បា្រក់​បន្ថែម​ចំនួន​ ៤៨០ ០០០ អឺរ៉ូ ដើម្បី​បង្ហើយ ​ការដ្ឋាន​ ជុសជុល​ប្រាសាទ​បាពួន​នៅក្នុង​តំបន​អង្គរ​ធំ​ និង​អនុសញ្ញា​សហប្រតិបត្តិការ​លើ​គំរោង​ប្រយុទ្ធ ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​​គ្រោះ​ថ្នាក់​ដល់សុខភាព​ និង​សុវត្ថិភាព​ក្នុង​អនុតំបន់ ទន្លេមេគង្គ​ លើ​ទឹក​ប្រាក់​ចំនួន​១២៣៥០០ អឺរ៉ូ​ ចុះ​ហត្ថលេខា នា​​ថ្ងៃទី​២២ មិថុនា ឆ្នាំ​២០១០។ ឯកសារបង្ហាញ​ផ្លូវ​លើ​កិច្ច​សហប្រតិបត្តិការ​រវាងកម្ពុជា និង​បារាំង​ សម្រាប់​ឆ្នាំ​២០១១-២០១៣ ត្រូវ​បាន​ចុះ​ហត្ថលេខា​នា​ថ្ងៃទី​១ ខែតុលា​ ឆ្នាំ​២០១០ រវាង​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​ និង​បារាំង​ក្នុង​គោល​បំណង​​ជម្រុញ​​កិច្ច​សហ​ប្រតិបត្តិ​ការ​ អភិវឌ្ឍ​ឲ្យ​ក្លាយ​ទៅ​ជា​កិច្ច​សហ ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​​។​

No comments:

Post a Comment