Wednesday, December 08, 2010

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសន្ធិសញ្ញា អូតាវ៉ា ស្តីពីបញ្ហាមីន និងកិច្ចប្រជុំអន្តរសភា (០៧/១២/២០១០)


នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់ គ្រូបង្រៀន​កម្រិត​ឧត្ដម​(បរិញ្ញា+១)​ជំនាន់ទី ១៥ និង គ្រូ​បង្រៀន​​​កម្រិត​មូលដ្ឋាន ឯកទេស​ភាសា​បារាំង-ខ្មែរ​ជំនាន់ទី ១១ និង ទី១២​ជូន​ដល់​គរុ​និស្សិត និង គរុសិស្សនៃវិទ្យាស្ថានជាតិអប់រំសរុបចំនួន ១២៨០ នាក់ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១០ នៅ​វិទ្យាស្ថាន​​ជាតិ​​អប់រំ សម្ដេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កម្ពុជានឹងធ្វើជាម្ចាស់​ផ្ទះនៃ​កិច្ចប្រជុំ​​សន្ធិសញ្ញា​ អូតាវ៉ា ស្ដីអំពី​បញ្ហាមីន និង​កិច្ចប្រជុំ​អន្ដរសភា  នា​ពេល​​ឆាប់ៗ​​ខាងមុខ​នេះ ។ ដោយ​បានមាន​​ប្រសាសន៍​​រំលឹក​អំពី​​ជោគ​ជ័យ​ក្នុងការ​រៀបចំ​ប្រជុំ​កម្រិត​​អន្តរជាតិ​ធំៗនា​ពេល​កន្លង​មក ពិ​សេ​ស​​គឺកិច្ចប្រជុំ​ស្តីពីគណបក្ស​​នយោ​បាយ​នៅ​អាស៊ី ( ICAPP ) ដែលមាន​ប្រតិភូប្រមាណជិត ៥០០ នាក់មក​ពីប្រទេស​ជាង ៤០ មកចូលរួម ក្នុងនោះមាន អតីតប្រធានាធិបតី អតីត​នាយករដ្ឋ​មន្ត្រី នាយករដ្ឋមន្ត្រីក្នុងតំណែងជាច្រើននោះសម្តេចតេជោនាយករដ្ឋ​មន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ចាក់ថា កម្ពុជាមាន​លទ្ធភាព និងសមត្ថភាព​គ្រប់គ្រាន់​ក្នុងការទទួល និងរៀបចំធ្វើ​កិច្ច​ប្រជុំ​ផ្សេង​ៗ។
ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និង ជាអនុប្រធាន​អាជ្ញាធរមីន​កម្ពុជា  បានមានប្រសាសន៍កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១០ នៅព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ​ក្នុង​ឱកាស​វិលត្រឡប់ពីកិច្ចប្រជុំប្រចាំឆ្នាំលើកទី ១០ នៃសន្ធិសញ្ញា អូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេស​ស្វីស​ឲ្យ​ដឹងថា ការធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានអង្គប្រជុំនៃកិច្ចប្រជុំលើកទី ១១ នៃសន្ធិសញ្ញាអូតាវ៉ា វាជាឱកាសមួយដើម្បីបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងវិស័យមីននេះ ។ ឯកឧត្ដម​ប្រាក់ សុខុន មានប្រសាសន៍ថា វាក៏ជានិមិត្ដ​សញ្ញា​នៃ​ការ​ផ្ដល់​សេចក្ដី​ទុកចិត្ដ​ដ៏ខ្លាំង​មក​លើ​កម្ពុជា ដែលជាប្រទេស​​មួយ​ធ្លាប់​ទទួលរងគ្រោះដោយ​សារគ្រាប់​មីនលំដាប់​ថ្នាក់លេខ ៣ ឬលេខ ៤ នៅលើពិភពលោក ហើយបែរមកក្លាយ​ជា​ប្រទេសទី ១ ដែលជា​ម្ចាស់​ផ្ទះនៃ​កិច្ចប្រជុំស្ដីអំពី​មីន​នេះ ។
ឯកឧត្ដម ប្រាក់ សុខុន ថ្លែងថា ការបង្ហាញ​ពីបទពិសោធន៍​របស់កម្ពុជា​ក្នុងការ​បោសសម្អាតមីន និងលទ្ធផល​ជាក់ស្ដែង​ដែលយើង​អនុវត្ដបាននោះ​បានធ្វើឱ្យប្រទេស​ជាច្រើននៅ​ក្នុងកិច្ចប្រជុំ​លើកទី ១០ គាំទ្រកម្ពុជាជាម្ចាស់​ផ្ទះនៃកិច្ចប្រជុំ​លើកទី ១១ ដែលប្រព្រឹត្ដទៅនៅចុងឆ្នាំនេះ ។
ឯកឧត្ដម ប្រាក់ សុខុន ថ្លែងថា បទពិសោធន៍មួយទៀតដែលនាំឱ្យមានការគាំទ្រ​ឲ្យកម្ពុជា​ធ្វើជាម្ចាស់ផ្ទះសម្រាប់ កិច្ចប្រជុំ​លើក​ទី​ ១១ នៃសន្ធិសញ្ញាអូតាវ៉ា ដែលមានប្រទេសចំនួន ១៥៦ ជា​សមាជិក​​នោះ​គឺការ​ថយចុះ​នៃ​ចំនួន​ជនរង​គ្រោះ​ដោយសារតែគ្រាប់មីននៅកម្ពុជា ។ នៅឆ្នាំ ១៩៩៦ ចំនួនជន​រងគ្រោះ​ដោយសារ​គ្រាប់​មីន​​មានចំនួន ៤៣២០ នាក់ហើយ នៅក្នុងឆ្នាំ ២០០៩ ចំនួនជនរង​គ្រោះ​ដោយ​សារមីនមានចំនួនតែ ២៤៤ នាក់ប៉ុណ្ណោះ ដែលចំនួននេះបានថយចុះជិត ២០ ដងឯណោះ ។
 ឯកឧត្ដមរដ្ឋមន្ដ្រីប្រតិភូអម​នាយក​រដ្ឋ​មន្ដ្រីថ្លែងថា នៅឆ្នាំ ២០០៩ កន្លង មកកម្ពុជាបានបោស​សម្អាត​មីន​លើស ២ ដងនៃផែនការ​ជាង ៣០ គីឡូម៉ែត្រក្រឡា រហូតដល់ជាង ៧០ គីឡូម៉ែត្រក្រឡា និង បានជួយ​ទំនុក​​បម្រុង​ជនរង​គ្រោះ​ដោយ​សារមីន។ នៅក្នុងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ និង ក្រោមឆ័ត្រ​អង្គការសហប្រជាជាតិ កម្ពុជាបានបញ្ជូនកងកម្លាំងនៃអង្គភាពដោះមីន​ទៅកាន់ប្រទេស​ស៊ូដង់ សាធា​រណ​​រដ្ឋ​​អាហ្វ្រិក​កណ្ដាល ប្រទេសឆាត និងទៅកាន់ប្រទេសលីបង់ ដែលរួមមានទាំង​គ្រឿង​ចក្រ​ដោះមីន​ផងដែរ ។

No comments:

Post a Comment