សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួបធ្វើសវនាការជាមួយឯកឧត្តមកាស៊ីត ភីរម្យ រដ្ឋមន្ដ្រីក្រសួងការបរទេសថៃ នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១០ នៅវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅក្នុង ជំនួបនោះ សម្ដេចតេជោបានលើកយកនូវសុភាសិតបុរាណខ្មែរមួយឃ្លាប្រាប់ ឯកឧត្តមកាស៊ីត ភីរម្យ ដោយប្រៀបធៀបទៅនឹងសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដែលបានវិល ត្រឡប់ទៅរកស្ថានភាពមុនថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨ នោះថា “ក្រោយពេលភ្លៀង មេឃស្រឡះ” ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ឥឡូវនេះជាពេលវេលាសមស្រប និង ត្រឹមត្រូវ ដែលប្រទេសទាំងពីរត្រូវជម្រុញការអនុវត្តគ្រប់យន្តការទាំងអស់ដោយធ្វើការ សហការរួមគ្នា ដើម្បីឲ្យទំនាក់ទំនងកម្ពុជា-ថៃ កាន់តែបានប្រសើរឡើង។ សម្តេចតេជោ បានបញ្ជាក់ថា អ្វីៗដែលបានរៀបចំឡើងគឺមានទិសដៅ ដើម្បីជម្រុញកិច្ច សហប្រតិបត្ដិការ រវាងប្រទេសយើងទាំងពីរ។
ឯកឧត្តមជំនួយការបានមានប្រសាសន៍ថា ក្នុងឱកាសនោះឯកឧត្តម កាស៊ីត ភីរម្យរដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានរាយការណ៍ជូនសម្តេចតេជោអំពីលទ្ធផលនៃជំនួបរបស់ លោកជាមួយឯកឧត្ដម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយបានគូសបញ្ជាក់ថា ភាគីទាំងពីរបានពិនិត្យ មើល ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយបន្ទាប់ពីជំនួប ចំនួន ៤ ដងរវាងនាយករដ្ឋមន្ដ្រីកម្ពុជា-ថៃនោះ សកម្មភាពជាច្រើនត្រូវបានកើតមានឡើង ដូចជាការសំដែងសិល្បះ ជំនួបរវាង អ្នកយកព័ត៌មាន បញ្ហាបច្ចេកទេស វប្បធម៌ និង បញ្ហាព្រំដែនជាដើម ដែលសកម្មភាពទាំងនេះ សុទ្ធសឹងតែជា កត្ដាជម្រុញឱ្យមានកិច្ចសហប្រតិបត្ដិការកាន់តែល្អប្រសើរឡើងរវាងប្រទេស ទាំងពីរនោះ ។ ឯកឧត្តម កាស៊ីត បានថ្លែងអំណរ គុណចំពោះសម្ដេចតេជោ ដែលបាន គាំទ្រនូវរាល់សកម្មភាព ទាំងនេះ ។
ឯកឧត្តម កាស៊ីត ភីរម្យ មានជម្រាបជូនសម្ដេច ហ៊ុន សែន ថាជំហរបស់ រាជរដ្ឋាភិបាល ថៃនៅពេលនេះគឺធ្វើយ៉ាងណាបោះជំហានទៅមុខដើម្បីពង្រីក និង ពង្រឹងកិច្ចសហប្រតិ បត្ដិការ រវាងប្រទេសទាំងពីរ ដើម្បីជាផលប្រយោជន៍របស់ ប្រជាជនប្រទេសទាំងពីរ ហើយរាល់សកម្មភាពទាំងឡាយ ដែលភាគីថៃបានធ្វើនឹងរាយការណ៍ជូនកម្ពុជាតាមរយៈ ស្ថានទូតកម្ពុជានៅក្នុងប្រទេសថៃ និង តាមរយៈស្ថានទូតថៃប្រចាំនៅក្នុងព្រះរាជាណាចក្រ កម្ពុជាផងដែរ ។
នៅក្នុងជំនួបនោះឯកឧត្តម កាស៊ីត ភីរម្យ ក៏បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក ពីសំណាក់ឯកឧត្តមនាយករដ្ឋមន្ដ្រីថៃ ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី។ ចំណែក សម្ដេចតេជោក៏បានផ្ដាំផ្ញើការសាកសួរសុខទុក្ខត្រឡប់ទៅ វិញជូនឯកឧត្តមនាយករដ្ឋមន្ដ្រី ថៃវិញ ព្រមទាំងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃដែលបានផ្ញើលិខិតចូលរួម មរណទុក្ខ និង បានជួយឧបត្ថម្ភជាជាថវិកាជួយដល់ជនរងគ្រោះដោយឧបទ្ទវហេតុនៅស្ពាន កោះពេជ្រកាលពីរាត្រីថ្ងៃទី ២២ វិច្ឆិកានោះផងដែរ ។
ឯកឧត្តម កាស៊ីត ភីរម្យ បានមកដល់កម្ពុជាកាលពីថ្ងៃទី ១៩ ធ្នូ ដើម្បីចូលរួមក្នុងពិធី ប្រារឰខួបអនុស្សាវរីយ៍លើកទី ៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃនៅស្ថានទូតថៃប្រចាំ ព្រះរាជាណាចក្រកម្ពុជា ហើយលោកបានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរទេស និង សហប្រតិបត្ដិការ អន្ដរជាតិនៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១០ មុនពេលដែលចូលមកជួបសំដែងការគួរ សមជា មួយសម្ដេចតេជោនាយករដ្ឋមន្ដ្រីនៅវិមានសន្តិភាព ។
No comments:
Post a Comment