តើអាចម៍ផ្កាយឬ ទេពច្យុតដែលធ្លាក់ចុះមកលើផែនដីយើងនេះគឺជាអ្វីទៅ ? ប្រសិនបើយើងរង់ចាំ សង្កេតមើលទៅលើមេឃនាពេលយប់នោះ យូរៗម្តង យើងនឹងឃើញដុំពន្លឺវាសឆ្វាចៗក្នុងលំហរងងឹតនៃផ្ទៃមេឃធ្លាក់ចុះមករកផ្ទៃដី។ វាហាក់ដូចជាផ្កាយមួយដួងបានបំបែកខ្លួនចេញពីផ្កាយឯទៀត ហើយធ្លាក់កាត់លំហមេឃរបស់ផែនដីអញ្ចឹង។
ប៉ុន្តែអ្វីដែលយើងបានឃើញនោះ មិនមែនជាផ្កាយឡើយ វាជាអាចម៍ផ្កាយ ឬគេហៅឲ្យពិរោះថាទេពច្យុត ដែលមានន័យថាការចុះមកផែនដីរបស់អាទិទេព
ឬទេពតាណាមួយ ។ ផ្កាយមានទំហំយ៉ាងធំធេងបញ្ចេញដុំភ្លើងឬឧស្ម័ន ហើយហាក់មានទំហំតូចៗប៉ុណ្ណោះ ដោយសារតែវាស្ថិតនៅឆ្ងាយពីផែនដី។
ព្រះអាទិត្យ គ្រាន់តែជាផ្កាយដែលមានទំហំធំល្មមមួយប៉ុណ្ណោះ ក្នុងចំណោមផ្កាយដ៏ធំៗនៅក្នុង លំហសកល ប៉ុន្តែព្រះអាទិត្យក៏មិនតូចដែរ គឺវាអាចមានចំណុះដាក់ផែនដីបានប្រហែលមួយលានផែនដីឯណោះ។
អាចម៍ផ្កាយ តាមពិតទៅគឺជាដុំថ្ម ឬលោហធាតុ ។ កម្ទេចថ្ម ឬលោហធាតុទាំងនេះ ត្រូវឆេះ ហើយជះពន្លឺឡើង នៅពេលដែលវាធ្លាក់ចុះមក ដោយឆ្លងកាត់បរិយាកាសរបស់ផែនដី ។
តើដុំថ្មទាំងនេះចេញមកពីណា ? អាចម៍ផ្កាយទាំងអស់នេះ គឺជាបំណែកដែលបែកចេញពីផ្កាយដុះកន្ទុយ ដែលមានលក្ខណៈដូចជាទឹកកក ឬពីផ្កាយព្រះគ្រោះ (Asteroids= ពិភពតូចៗជាច្រើន ដែលវិលជុំវិញព្រះអាទិត្យនៅចន្លោះគន្លងផ្លូវគោចររបស់ពិភពអង្គារ និងពិភពព្រហស្បតិ៍) ។ បំណែកទាំងអស់នេះ មានទំហំចាប់ពីប៉ុនគ្រាប់ខ្សាច់ រហូតដល់រាប់រយម៉ែត្រ ។ ជាញឹកញយ បំណែកបែកសាចនៃអាចម៍ផ្កាយនេះ កើតមានជាមួយគ្នានឹងដំណើររបស់ផ្កាយដុះកន្ទុយ ។
តើហេតុអ្វីទៅ ? នៅពេលដែលផ្កាយដុះកន្ទុយមួយឆ្លងកាត់មកជិតផែនដីនោះ បំណែកថ្មនានាក៏ ឃ្លាតចាកចេញអំពីផ្ទៃរបស់ផ្កាយដុះកន្ទុយនោះ ។ បំណែកទាំងនោះ ក៏ជះពន្លឺឡើងនៅពេលដែលវាត្រូវឆេះ នៅក្នុងស្រទាប់បរិយាកាសរបស់ផែនដីយើងនេះ ។
ផ្កាយព្រះគ្រោះក៏ជាផ្នែកនៃកម្ទេចថ្ម ដែលនៅសេសសដល់ពីការកកើតនៃពិភពនានាដែរ ។ នៅ ពេលផ្កាយព្រះគ្រោះប៉ះទង្គិចគ្នាតាំងពីរាប់ពាន់លានឆ្នាំមកហើយនោះ វាក៏បង្កឱយមានបំណែកថ្មជាច្រើន ដែលយើងហៅថា អាចម៍ផ្កាយនោះត្រូវរសាត់ អណ្តែតទៅគ្រប់ទិសទី ។
កម្ទេចទាំងនេះនៅរសាត់អណ្តែតជានិច្ចកាល ដោយសារតែវាគ្មានកម្លាំងកកិតសម្រាប់ពន្យឺតកម្ទេចទាំងនោះសោះនៅក្នុងសុញ្ញកាស (Emptiness)នៃលំហអវកាស ។ គ្រប់ពេលវេលាតែងមានកម្ទេចថ្មរសាត់ ដោយស្ងៀមស្ងាត់ក្បែរៗផែនដីដែលយើងមិនអាចមើលឃើញ ។
ប៉ុន្តែប្រសិនបើកម្ទេចទាំងនេះរសាត់មកកៀកពេកនឹងផែនដីនោះ វាក៏ត្រូវស្រូបទាញដាយទំនាញរបស់ផែនដី ។ កម្ទេចដុំថ្មខ្លះមកប៉ះស្រទាប់បរិយាកាសផែនដី ដោយមានល្បឿន៣២.០០០ ឬរហូតដល់ ២១៦.០០០គីឡូម៉ែត្រក្នុងមួយម៉ោង ។
នៅពេលដែលដុំថ្មអាចម៍ផ្កាយណាមួយ ត្រូវស្រូបទាញដាយទំនាញផែនដីដោយធ្លាក់ចុះមកផែនដី ដោយឆ្លងកាត់បរិយាកាសផែនដីនោះ វាក៏ត្រូវក្តៅហើយឆេះឡើង ដោយសារការកកិតរវាងម៉ូលេគុលខ្យល់អាកាសជាមួយនឹងដុំថ្មនោះ ។
ការឆេះក្តៅឡើងៗនេះហើយ ដែលធ្វើឱ្យនៅទីបំផុតវាក៏ជះជាពន្លឺរន្ទាលឡើង ហើយអាចម៍ផ្កាយ តូចៗឆេះភ្លឺរន្ទាលឡើងតែមួយភ្លែតប៉ុណ្ណោះ តែអាចម៍ផ្កាយធំៗវិញអាចនឹងនៅភ្លឺរន្ទាលជាងមួយនាទី នៅពេលដែលវាឆ្លងកាត់ផ្ទៃមេឃ ។
អាចម៍ផ្កាយធំៗខ្លះ អាចឆេះមិនអស់ ហើយធ្លាក់មកដល់ផ្ទៃដីក្នុងភាពជាបំណែកថ្មតូចៗជាច្រើន ។ មានថ្មរាប់លានដុំបានធ្លាក់មកដល់ផ្ទៃផែនដីនៅក្នុងប្រវត្តិ៤,៦ពាន់លានឆ្នាំនៃពិភពយើងនេះ ។ នៅលើផ្ទៃ ព្រះចន្ទ យើងអាចមើលឃើញដាយងាយនូវទីកន្លែងដែលអាចម៍ផ្កាយបានធ្លាក់ទៅប៉ះនឹងផ្ទៃដីព្រះចន្ទ នោះគឺជាផ្ទៃក្រហូងដែលបង្កឡើងដោយថ្មអាចម៍ផ្កាយ ដែលធ្លាក់ទៅប៉ះនឹងព្រះចន្ទនោះឯង ។
ប៉ុន្តែនៅលើផ្ទៃដីផែនដីវិញ ភាគច្រើននៃភាពក្រហូងបានបាត់រូបរាងទៅហើយ ដោយខ្លះត្រូវគ្របដណ្តប់ដោយសមុទ្រ ឬកម្អែភ្នំភ្លើង ឬត្រូវលុបបំបាត់ដោយទឹកភ្លៀង និងខ្សាច់ ។ ក្រហូងមួយដែលនៅសល់ គឺ ក្រហូងអាចម៍ផ្កាយនៅអារីហ្សោណា,អាមេរិក ដែលមានទទឹងប្រមាណបីតឹក និងជម្រៅជាង២២០ម៉ែត្រ។
រណ្តៅក្រហូងនេះ ត្រូវបង្កើតឡើងប្រមាណ២ម៉ឺនឆ្នាំមុន ដែលនៅពេលនោះបំណែកថ្មមួយដុំមានទំហំ ប៉ុនកីឡដ្ឋានបាល់ទាត់បានធ្លាក់ចុះមក ។ អាចម៍ផ្កាយខ្លះ គឺជាបំណែករបស់ពិភពព្រះចន្ទ ដែលដូចគ្នាទៅនឹង ដុំថ្មដែលនាំយកមកពីផ្ទៃព្រះចន្ទដោយអ្នកអវកាសនៃយានអាប៉ូឡូ ។
អ្នកវិទ្យាសាស្ត្រនានាគិតថា អាចម៍ផ្កាយដែលបានធ្លាក់បុកផ្ទៃព្រះចន្ទ បានបំបែកថ្មព្រះចន្ទ ហើយ បំប៉ើងថ្មទាំងនោះឡើងទៅក្នុងអវកាស ។ ដោយសារទំនាញរបស់ព្រះចន្ទមានកម្លាំងតូចនោះ បំណែកថ្មពីព្រះចន្ទទាំងនោះ នៅតែរសាត់ចាកចេញពីព្រះចន្ទ រហូតដល់បំណែកថ្មខ្លះបានរសាត់ក្នុងអវកាសចូលមកជិតផែនដី ហើយក៏ត្រូវទំនាញរបស់ផែនដីទាញទម្លាក់មកចំប៉ូលខាងត្បូង ដែលធ្វើឲ្យគេរកឃើញថ្មពីព្រេះច័ន្ទនៅទីនោះមួយចំនួន៕
No comments:
Post a Comment