ដោយ : សំអូន
ខណៈកំពុងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រតិភូអមដំណើរបានចូលបង្គំគាល់ព្រះករុណា អតីតព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះនរោត្តមសីហនុនិងសម្តេចព្រះមហាក្សត្រី នាព្រះរាជដំណាក់នៅទីក្រុងប៉េកាំង។
សេចក្តីរាយការណ៍ពីប៉េកាំងបានឲ្យដឹងថា នៅវេលាម៉ោង១៨ និង៥០នាទីរាត្រីថ្ងៃទី១៤ធ្នូ ដែលជាថ្ងៃទី២នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានព្រះករុណាព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និងសម្ដេចព្រះមហាវរក្សត្រី ព្រះវររាជមាតាជាតិខ្មែរ អនុញ្ញាតិចូលក្រាបបង្គំគាល់ នៅព្រះរាជតំណាងលេខ១៥ ដុងចៅមីនស៊ាង។ អញ្ជើញ អមដំណើរសម្ដេចតេជោ មាន លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី រដ្ឋ មន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម លោកស្រី ខែក កែម៉ាលី ស៊ីសូដា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន លោក ហ៊ុន ម៉ានី សមាជិកក្រុមលេខា សម្ដេចតេជោនាយករដ្ឋមន្ដ្រី។
ប្រភពបន្តថានៅក្នុងខណៈពេលនោះសម្ដេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះករុណាព្រះមហាវិរក្សត្រ និងសម្ដេចព្រះមហាក្សត្រី ពីលទ្ធផលដ៏ត្រចះត្រចង់ ដែលសម្ដេចដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចជាលក្ខណៈផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេចតេជោបានទូលថា ដំណើរទស្សនកិច្ចមកកាន់ ប្រទេសចិននៅពេលនេះ បាននាំមកនូវឧត្ដមប្រយោជន៍ខ្លាំងណាស់ សំរាប់ប្រទេសនិងប្រជាពល រដ្ឋកម្ពុជា ពិសេសនៅក្នុងជំនួបចរចារជាមួយនិងលោកនាយករដ្ឋមន្ដ្រីចិន វេន ជាប៉ាវ កាលពីល្ងាចថ្ងៃទី១៣ធ្នូ លោកនាយករដ្ឋមន្ដ្រីចិន បានប្រកាសយ៉ាង មហោឡារិកថា ប្រទេសចិនសូមចាត់ទុកប្រទេសកម្ពុជា គឺជាមិត្ដដ៏ល្អបំផុតរបស់ប្រទេសនិងប្រជាជនចិន តាមរយៈការប្រកាសលើកកំពស់ទំនាក់ទំនង កិច្ចសហប្រតិបត្ដិការនៃប្រទេសទាំងពីរកម្ពុជា-ចិន ពីដៃគូគួរឱ្យទុកចិត្តគ្នា ទៅកាន់កំរិតដៃគូយុទ្ធសាស្ដ្រខ្ពស់បំផុត។
ព្រះមហាវិរក្សត្រនិងសម្ដេចព្រះមហាក្សត្រី មានព្រះរាជបន្ទូលនិងព្រះរាជសុវណ្ណី វាយតំលៃខ្ពស់និងកោតសរសើរ ចំពោះសមិទ្ធផលលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វបំផុត របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា មានការរីកចំរើន ពិសេសការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទំនាក់ទំនងជាមួយនិងប្រទេសនានាលើសកលលោក សំដៅលើកកំពស់កិច្ចសហប្រតិបត្ដិការជាមួយគ្នា និងការខិតខំរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីរកប្រភពធនធានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការ កសាងប្រទេសជាតិឡើងវិញ។
ព្រះមហាវិរក្សត្រ និងសម្ដេចព្រះមហាក្សត្រី មាន ព្រះរាជបន្ទូលបន្ដថា ចាប់តាំងពីដើមរៀងមកប្រទេសចិន គឺជាមិត្ដដ៏ល្អរបស់ព្រះអង្គ និងសំរាប់ប្រទេសកម្ពុជា។ ក្នុងន័យ នេះព្រះអង្គ មានហឬទ័យរំភើបជាពន់ពេក ចំពោះគោលនយោបាយដឹកនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបន្ដអនុវត្ដន៍កាន់តែស៊ីជំរៅ និងកាន់តែសកម្មខ្លាំងក្លាថែមទៀត នូវនយោបាយចិនមួយ ពិសេស ចំពោះការប្ដេជ្ញាចិត្ដរួមគ្នាពីសំណាក់ប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្នុងការជួយគាំទ្រ គ្នាទៅវិញទៅមកលើគ្រប់វេទិកាទាំងអស់ ដើម្បីបំរើសន្ដិភាពនិងភាពសុខដុរមនា សំរាប់ប្រជាជាតិទាំងអស់ ៕
No comments:
Post a Comment