នៅក្នុងកិច្ចចូលជួបសម្តែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយក រដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១០ នៅវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (PRAYUTH CHAN OCHA) អគ្គមេបញ្ជាការកងទ័ពជើងគោកថៃបានអះអាងប្ដេជ្ញានៅចំពោះមុខសម្ដេចតេជោថា នឹងមិន បណ្ដោយឱ្យក្រុមណាមួយ ប្រើប្រាស់ទឹកដីថៃ ដើម្បីធ្វើសកម្មភាពមិនត្រឹមត្រូវចំពោះ ប្រទេស កម្ពុជានោះឡើយ ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចនាយករដ្ឋមន្ដ្រីឱ្យដឹងថា ក្នុងជំនួបនោះ ឯកឧត្តម ឧត្តមសេនីយ៍ PRAYUTH បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីទទួលនូវដំបូន្មានពីសម្ដេចតេជោ នាយករដ្ឋមន្ដ្រី ។ នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលនៅក្នុង រយៈពេល ២ ខែកន្លងមកនេះបានធ្វើឱ្យ ស្ថានការណ៍រវាងកម្ពុជា-ថៃបានធូរស្រាលឡើងវិញ។ ឯកឧត្តម ឧត្តមសេនីយ៍អគ្គមេបញ្ជាការ កងទ័ពថៃក៏បាននាំមកនូវការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំថៃ និង ពាំនាំនូវបំណងល្អ ពី សំណាក់ប្រជាជនថៃជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាប្រជាជន កម្ពុជា ផងដែរ ។
ឯកឧត្តមជំនួយការបានបន្ដថា សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានថ្លែងអំណរគុណចំពោះ ឧត្តមសេនីយ៍ PRAYUTH ដែល បានពាំនាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខជូនចំពោះ រូបសម្តេច ក៏ដូចជាការពាំនាំនូវបំណងល្អជូនដល់ប្រជាជនកម្ពុជាផងដែរ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅពេលនេះយើងអាចនិយាយបានថា ស្ថានភាព រវាង ប្រទេស កម្ពុជា-ថៃបានវិលត្រឡប់មកកាន់ភាពប្រក្រតីវិញហើយ ជាពិសេសនៅពេលដែល ស្ថានភាពជាទូទៅមានសភាពល្អ ហើយទំនាក់ទំនងក៏មានភាពប្រសើរផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានថ្លែងប្រាប់ឧត្តមសេនីយ៍ PRAYUTH ថា យុទ្ធសាស្ដ្រ របស់ កម្ពុជា មាន ៣ គឺទី(១)ប្រែក្លាយតំបន់ប្រយុទ្ធឱ្យទៅជាតំបន់អភិវឌ្ឍ និង ទីផ្សារ ទី(២)ប្រែក្លាយ ព្រំដែនកម្ពុជា និង ព្រំដែន ប្រទេសជិតខាងឱ្យក្លាយទៅជាព្រំដែនប្រកបដោយសន្ដិភាព អភិវឌ្ឍ និង កិច្ចសហប្រតិបត្ដិការ និង ទី(៣)ជម្រុញការ ចរចាដោយសន្ដិវិធី ដោយមិន ប្រើប្រាស់កម្លាំងឡើយ ។ សម្ដេចមានប្រសាសន៍ថា គោលការណ៍របស់កម្ពុជា ជាមួយថៃគឺ បញ្ជៀសការប៉ះទង្គិចគ្នាដោយអាវុធ ជៀសវាងការប្រឈមមុខគ្នាខាងយោធា ខិតខំធ្វើ យ៉ាងណាកុំឱ្យជម្លោះរាលដាលទូទាំងព្រំដែន ដែលនាំឱ្យរាំងស្ទះដល់ កិច្ចសហប្រតិបត្ដិការ រវាងប្រជាជន និងពាណិជ្ជកម្មនៅតាមព្រំដែន ជម្រុញឱ្យមានកិច្ចសហប្រតិបត្ដិការល្អរវាង ទាហ៊ាន និង ទាហ៊ាន ប៉ូលីស និងប៉ូលីស ប្រជាជន និងប្រជាជន ហើយរវាងខេត្ដ និងខេត្ដ ផងដែរ ។
ពាក់ព័ន្ធជាមួយនឹងជនជាតិថៃចំនួន ៣ នាក់ដែលត្រូវបានកាត់ទោសដោយតុលាការ ខេត្ដ សៀមរាបនោះសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពួកគេត្រូវបានដោះលែង ហើយ ហើយនៅពេលនេះពួកគេបាននឹងកំពុងតែធ្វើដំណើរមកកាន់រាជធានីភ្នំពេញ និងស្នាក់ នៅភ្នំពេញក្នុងនាមជាអ្នកទេសចរណ៍មិនមែនជាឧក្រិដ្ឋជនទៀតនោះទេ។ សម្ដេចតេជោ ក៏ បានប្រគល់ជនជាតិថៃទាំង ៣ រួបនោះទៅលោក PRAYUTH ដើម្បីបានទៅជួបជុំក្រុម គ្រួសារនៅប្រទេសថៃវិញ ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឥឡូវនេះអ្វីដែលយើងត្រូវធ្វើនោះគឺរួមគ្នា ជម្រុញ កិច្ចសហប្រតិបត្ដិការឱ្យបានកាន់តែល្អប្រសើរឡើង និងរួមគ្នាកំចាត់រាល់ឧក្រិដ្ឋកម្ម ទាំងឡាយ រួមទាំងឧក្រិដ្ឋកម្មការជួញដូរគ្រឿងញៀនផងដែរ ។/
No comments:
Post a Comment