នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១០ ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលជួបពិភាក្សាស្តីអំពីការ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយឯកឧត្តម រ៉ុន ហូវម៉ាន់ (Ron Hoffmann) ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តម រ៉ុន ហូវម៉ាន់ ដែលមាននិវេសនដ្ឋានទូតនៅទីក្រុង បាងកក បានមានប្រសាសន៍ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកាណាដា និងកម្ពុជាមាន ដំណើរការល្អ ក៏ប៉ុន្តែបញ្ហាវិនិយោគ និងការធ្វើពាណិជ្ជកម្មផ្នែកឯកជនកាណាដា នៅកម្ពុជា មានកម្រិតទាបនៅឡើយ។ ឯកឧត្តម រ៉ុន ហូវម៉ាន់ បានឲ្យដឹងថា នៅក្នុងអំឡុងខែកុម្ភះ ឆ្នាំ២០១១ ខាងមុខនេះឯកឧត្តមនឹងដឹកនាំប្រតិភូធុរកិច្ចឯកជនផ្នែក ថាមពល រ៉ែ និងវិស្វកម្ម ប្រមាណ២០ ក្រុមហ៊ុនមកទស្សនកិច្ចស្វែងយល់អំពីឱកាសវិនិយោគទុននៅព្រះរាជាណា ចក្រកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូតកាណាដាជាមួយនិងការសរសើរអំពីការរីកចំរើន និងការអភិវឌ្ឍន៍ដ៏ ឆាប់រហ័សនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏បានមានប្រសាសន៍ថាកាណាដានឹង បន្តផ្តល់ ការគាំទ្រដល់ការចុះបញ្ជីដីធ្លីនៅ ព្រះរាជាណាចក្រកម្ពុជាជាបន្តទៀតជាមួយ ស្ថាប័នធនាគារ ពិភពលោកប្រសិនបើមានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍ស្វាគមន៍ចំពោះជំនួយ និងការវិនិយោគ ពិសេសភ្ញៀវទេសចរណ៍មកពីប្រទេសកាណាដា។ ឯកឧត្តមបណ្ឌិត សុខ អាន បានគូស បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគាំទ្រដោយមិនរើសអើងចំពោះវិនិយោគទុននានា។ ក្នុងនោះរាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងអនុវត្តនូវកម្មវិធីកំណែទម្រង់នានា រួមមានកំណែទម្រង់រដ្ឋបាល និង ប្រព័ន្ធយុត្តិធម៌ ជាពិសេសការដាក់ឲ្យប្រើប្រាស់នូវច្បាប់ និងដំណើរការអង្គភាពប្រឆាំង អំពើពុករលួយគឺ ដើម្បីធានាឲ្យការងារអភិបាលកិច្ចកាន់តែបានល្អប្រសើរ ក៏ដូចជាធ្វើឲ្យ ដំណើរការនៃការផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋមានលក្ខណៈកាន់តែល្អប្រសើរ។ ទាក់ទងនិងបញ្ហាផ្តល់ជំនួយលើការចុះបញ្ជីដីធ្លី ឯកឧត្តមបណ្ឌិត សុខ អាន បានសុំឲ្យ ឯកអគ្គរដ្ឋទូតកាណាដា ធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយសាម៉ីក្រសួង ដែនដីនគរូប នីយ៍កម្ម និងសំណង់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតកាណាដាថា ក្នុងមួយជីវិត នេះអ្វីដែលឯកឧត្តម និងប្រជាពលរដ្ឋកម្ពុជាមិនអាចបំភ្លេចបានគឺ កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារកម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅទីក្រុង កេប៊ិច ប្រទេសកាណាដា។
No comments:
Post a Comment