កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១០ នៅសាលាខេត្តសៀមរាប មានរៀបចំពិធី ចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នារវាង ខេត្តសៀមរាបជាមួយក្រុងវែលីគី ណូវហ្គូរ៉ាដ នៃសហព័ន្ធរុស្ស៊ី ពិធីនេះបានប្រព្រឹត្តធ្វើឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ។
អនុស្សារណៈដែលត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប ជាមួយឯកឧត្តម វ៉ាឡេរី សេហ្ស អនុប្រធានសភាសហព័ន្ធរុស្ស៊ី ក្នុងពេលនេះភាគីទាំងពីរ បានឯកភាពគ្នាបង្កើតឡើងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តជាតិ ដើម្បីជា មូលដ្ឋានទំនុកចិត្តគ្នាសំដៅពង្រឹងទំនាក់ទំនងមិត្តភាព និងការយោគយល់គ្នា ដើម្បីផ្សព្វ ផ្សាយវប្បធម៌ អរីយធម៌ និងលើកកំពស់ការអភិវឌ្ឍន៍វិស័យផ្សេងៗ ឲ្យកាន់តែមានភាពរីក ចំរើនថែមទៀតក្នុងក្រុងសៀមរាប និងក្រុងវែលីគី ណូវហ្គូរ៉ាដនៃសហព័ន្ធរុស្ស៊ី។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានសម្តែងការ អបអរសាទរ ចំពោះពិធីចុះហត្ថលេខាភ្ជាប់ទំនាក់ទំនងក្រុងសៀមរាប និងក្រុងវែលីគី ណូវហ្គូរ៉ាដដែលទីក្រុងទាំងពីរជាទីក្រុង ដែលមានសក្តានុពលខាងវិស័យទេសចរណ៏ដូចគ្នា ហើយឯកឧត្តមសង្ឃឹមថា ទីក្រុងទាំងពីរគឺពិតជាធ្វើការទំនាក់ទំនងខាងវិស័យទេសចរណ៏ ឲ្យបានខ្លាំងក្លាជាងវិស័យផ្សេងៗទៀត។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានលើក ឡើងថា ទីក្រុងសៀមរាបជាទីក្រុងប្រវត្តិសាស្ត្រហើយក្នុងនោះប្រាសាទអង្គរវត្ត ត្រូវបាន ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ។ ឯកឧត្តមក៍បានសង្កត់ធ្ងន់ថា តាមរយៈអនុស្សារណៈយោគយល់គ្នារវាងទីក្រុងទាំងពីរ ពិតជាបានរួមចំណែកក្នុងការពង្រឹង ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច និងវប្បធម៌រវាងទីក្រុង និងប្រទេសយើងទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។
No comments:
Post a Comment