Friday, November 26, 2010

សាធារណៈ ​រដ្ឋ​ប្រជាមានិតចិន​ផ្តល់​​ថវិកា​៥០ម៉ឺនដុល្លារ​​ដល់​ រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ ដោយ​ឧបទ្ទវហេតុកោះពេជ្រ​


 នៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​​ នាព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០១០ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​សុខ អាន ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ទទួល​បន្ទុកទីស្តីការ​គណៈរដ្ឋមន្រ្តី​ បាន​ទទួល​ជួប​​លោក​ជិនយន់​ Jin Yuan ទីប្រឹក្សាអមស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ ដែល​ចូល​មក​ជំរាបជូន​ អំពី​ការ ​ផ្តល់​ថវិកា​ចំនួន​ ៥០ ម៉ឺនដុល្លារ​អាមេរិករបស់​ប្រជាជន​និង​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​ប្រជា មានិតចិន​ ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់ ប្រជាពលរដ្ឋកម្ពុជា​ដែល​រង​គ្រោះ​ ដោយ​ឧបទ្ទវហេតុ​កាល​ពី​រាត្រី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០១០ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​រាជធានី​ភ្នំពេញ​។
          លោក​ ជិន យន់ បាន​មាន​ប្រសាសន៍​ជំរាប​ជូន​​ឯកឧត្តម​បណ្ឌិត សុខ អានឧបនាយករដ្ឋមន្រ្តី​ថា ឯកឧត្តម​ ហ៊ួ ជិនតាវ ប្រធានាធិបតី​ និង​ឯកឧត្តម​ វ៉េន ជាបាវ​នាយករដ្ឋមន្រ្តី​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​​​មាន​សេចក្តី​សោក​ស្តាយ​ និង​ចូល​រួម​រំលែក​ ទុក្ខ​ជាមួយ​​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ប្រជាជន​កម្ពុជា​ ចំពោះ​ឧបទ្ទវហេតុ​​សោកនាដកម្ម​​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ជា​ច្រើ​ន​រយ​នាក់​ត្រូវ​ស្លាប់​ និង​រង​ របួស​។ ក្នុង​គោលបំណង​រួម​ចំណែក​ជួយ​សង្គ្រោះ​​ជាមួយ​រាជរដ្ឋាភិបាល​​កម្ពុជា​ចំពោះ​ ប្រជា​ពល​រដ្ឋ​ ដែល​រងគ្រោះ​ដោយ​សារ​ព្រឹត្តិ​ការណ៍​សោកនាដកម្ម​នេះ​ រដ្ឋាភិបាល​ចិន​ នឹង ​ផ្តល់​ថវិកា​ចំនួន​ ៥០ ម៉ឺន​ដុល្លារ​អាមេរិក​​។
 លោក​ទីប្រឹក្សា​ស្ថាទូត​ចិន​ក៏​បាន​កោតសរសើរ​ចំពោះ​ចំណាត់​ការ​របស់​រាជរដ្ឋាភិបាលកម្ពុជា​ ចំពោះ​ឧបទ្ទវហេតុ​នៅ​កោះពេជ្រនោះ ហើយ​បាន​សន្យាថា​ស្ថានទូត​នឹង​ជួយ​ផ្សព្វផ្សាយ​បញ្ហា នេះ​ដល់​ក្រុម​ហ៊ុនចិន​នានា​​​ដែល​រក​ស៊ី​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ជួយ​​ផង​ដែរ​។
          ឯកឧត្តម​បណ្ឌិត សុខ អាន​ ​ក្នុង​នាម​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែនបាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ និង​ប្រជាជនចិន​ ដែល​បាន​ជួយ ​ឧបត្ថម្ភ​ និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ចំពោះ​ជន​ រង​គ្រោះ​ ដោយ​សារ​ឧបទ្ទវហេតុ​សោកនាដកម្ម​​នៅ​កោះ​ពេជ្រ​។ ឯកឧត្តម​ឧបនាយករដ្ឋ​មន្រ្តី​ក៏​បាន ​មាន​ប្រសាសន៍​អំពី​ការ​ងារ​ជួយ​សង្គ្រោះ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​តាំង​ពី​រាត្រី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ ពេល​កើត​មាន​ព្រឹត្តិការណ៍​។ ឯកឧត្តម បណ្ឌិត​ សុខ អាន​ បាន​មាន​ ប្រសាសន៍​ឲ្យ​ដឹង​ថា សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន បាន​តាម​ដាន​ សភាព​ការណ៍​នេះ​ជាប់​ ហើយ​សម្តេច​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​ជាបន្ត​បន្ទាប់តាម​ស្ថានីយ៍ ទូរទស្សន៍​បាយ័ន​​ជំរាប​ជូន​ប្រជាពលរដ្ឋ​ អំពី​ចំណាត់​ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​ សង្គ្រោះ​ ក្នុង​នោះ​មាន​ការ​​បង្កើត​គណៈកម្មការ​ទទួល​បន្ទុក​ដោះស្រាយ​ករណី​ឧបទ្ទវហេតុ​ ដែល​មាន​ឯកឧត្តម​ជា​ប្រធាន​ និង​អនុគណៈ​កម្មការ​​បី​ទៀត​​ ដែលក្នុង​នោះ​​មាន ​អនុគណៈ​ កម្មការ​ទទួល​បន្ទុក​​ភារៈកិច្ច​សង្គ្រោះ​បន្ទាន់​ មាន​ឯកឧត្តម​ អិត សំហេង​ រដ្ឋមន្រ្តី​ក្រសួង​ សង្គមកិច្ច​ អតីតយុទ្ធជន និង​យុវនីតិសម្បទា​ជាប្រធាន​ អនុគណៈកម្មការទទួល​បន្ទុក​ពិនិត្យ​ធ្វើ​ កុសល្យ​វិច្ច័យ​​ករណី​ឧបទ្ទវហេតុ​​ មាន​ឯកឧត្តម ម៉ម ប៊ុនហេង​​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ ជាប្រធាន​ និង​អនុគណៈកម្មការ​ស៊ើបអង្កេត​ដែល​មាន​ឯកឧត្តម​ ព្រុំ សុខា រដ្ឋលេខាធិការ ​​ក្រសួង​មហាផ្ទៃ​ជាប្រធាន​។
          ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មកដល់​ពេល​នេះ​ គណៈកម្មការ​បាន​រក​ឃើញ​ប្រជាពលរដ្ឋ​​ដែល​ទទួល​មរណៈ​ភាព​ចំនួន​ ៣៤៧ នាក់​ និង​មាន​ អ្នក​រង​របួស​កំពុង​សំរាក​ព្យាបាល​ចំនួន​ ៣៩៥ នាក់​។​
          ឯកឧត្តម​បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​ថា គ្មាន​សញ្ញាអ្វី​​ស្តី​អំពី​ ភេរវកម្ម នោះ​ទេ​ ហើយ​មូលហេតុ​នឹង​ត្រូវ​​ធ្វើ​ការ​ប្រកាស​​​នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ​។​ ឯកឧត្តម​បណ្ឌិត​ សុខ អាន​ ក៏បាន​មាន​ប្រសាសន៍​​អំពី​ការ​ជួយ​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​នូវ​ថវិកា​ចំនួន​ ៥ លានរៀល​​សំរាប់​អ្នក​ដែលទទួល​មរណៈភាព​ និង​១លានរៀល​សំរាប់​អ្នករងរបួស​ ការ​ជួយ ​ឧបត្ថម្ភ​ពី​ព្រះមហាក្សត្រ​នូវ​ថវិកា​ ២០០ ដុល្លារ​អាមេរិក​​សំរាប់​អ្នក​ស្លាប់​ និង​អ្នក​របួស​ ១០០ ដុល្លារអាមេរិក​ ដូច​គ្នា​និង​ព្រះ​វររាជ​បិតា​ដែរ​។​ ក្រៅ​ពី​នេះ​គឺ​ការ​ជួយ​ឧត្ថម្ភ​ពី​ក្រុម​ហ៊ុន កោះ​ពេជ្រ​ចំនួន​ ១០០០ ដុល្លារអាមេរិក​សំរាប់អ្នក​ស្លាប់ និង​ ២០០ ដុល្លារអាមេរិក​សំរាប់​ អ្នករងរបួស​ និង​ការ​ជួយ​ឧបត្ថម្ភ​ពី​អាជ្ញាធរដែនដី​ ក៏ដូច​ជា​ការ​រៃ​អង្គាស​មូល​និធិសង្គ្រោះ​ដោយ​ ទូរទស្សន៍​បាយ័ន និង ទូរទស្សន៍​ CTN ផងដែរ​ ។​

No comments:

Post a Comment