កិច្ចប្រជុំរយៈពេលពេញ១ថ្ងៃនេះ ក៍មានធ្វើពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង នៃ កិច្ចសហប្រតិបត្តិការអភិរក្សប្រាសាទព្រះវិហាររវាងអាជ្ញាធរជាតិព្រះវិហារ និងស្ថាប័នICCROM (អាយក្រម)ដែលជាផ្នែកមួយដ៍សំខាន់នៃអង្គការ UNESCO (យូណេស្កូ)។
អង្គប្រជុំក៏បានទទួលរបាយការណ៏ពីការ ធ្វើបទអន្តរាគមន៍របស់ប្រទេសដៃគូរដែលចូលរួម ទាំង១៨ប្រទេស និងបណ្តាអង្គការធំៗចំនួន៤ ដែលបានលើកឡើងអំពីសកម្មភាពការងារ លើកិច្ចសហប្រតិបត្តិការអន្តជាតិ ក្នុងអំឡុងពេល ១៨ឆ្នាំ កន្លងមកនេះ ក្នុងនោះមានគម្រោង ធំៗប្រមាណ៦០ ដែលត្រូវអនុវត្តក្នុងការអភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិសាស្ត្រអង្គរ។
ជារួមបទបង្ហាញបានផ្តោតទៅលើការដ្ឋានជួសជុលប្រាសាទនានា របាយការណ៍ស្តីពី គម្រោងអភិវឌ្ឍន៍សហគមន៍ គម្រោងគ្រប់គ្រងអង្គរ និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត ដែលក្នុងនោះមានគម្រោងបង្កើតសេវាទេសចរណ៍មគ្គុទ្ទេសក៏ តាមរយៈការប្រើប្រាស់ ឧបករណ៏ស្តាប់ត្រចៀក គម្រោងបញ្ចាំងភ្លើងនៅអង្គរនៅពេលយប់ជាដើម។ បណ្តាប្រទេស ជាដៃគូសហប្រតិបត្តិការ និងតំណាងអង្គការយូណេស្កូ បានបង្ហាញពីការពេញចិត្តចំពោះ លទ្ធផលការងាររបស់អាជ្ញាធរអប្សរាដែលបានសង្គ្រោះអង្គរ ឲ្យរួចផុតពីភាពគ្រោះថ្នាក់ ជាមួយគ្នានេះ សហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីអភិរក្ស និង អភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិសាស្ត្រអង្គរ បានឯកភាពលើអនុសាសន៍ ICC ដែលបានលើក ឡើងក្នុងកិច្ចប្រជុំបច្ចេកទេសពី ៦ខែមុន ហើយអង្គប្រជុំក៍បានសម្រេចដាក់ចេញនូវ អនុសាសន៍មួយផងដែរ គឺទស្សនៈវិស័យវប្បធម៌គឺដើម្បីអភិវឌ្ឍ។ តំណាងអង្គការយូណេស្កូ បានចាត់ទុក ICC អង្គរថាៈ ជាស្ថាប័នគំរូដែលត្រូវបានយកទៅប្រើប្រាស់នៅក្នុងប្រទេស អ៊ីរ៉ាក់ និង អាហ្វហ្គានីស្ថានផងដែរ។
ឯកឧត្តម សុខ អាន បានបង្ហាញពីមោទនៈភាពដែលអាជ្ញាធរអប្សរា និងប្រទេសដៃគូ សហប្រតិបត្តិការខិតខំសម្រេចបានកន្លងមក ទៅលើការអភិរក្សនិងការអភិវឌ្ឍន៍តំបន់អង្គរ។ ឯកឧត្តមបណ្ឌិត បានរំលឹកផងដែរអំពីការដាក់នូវឯកសាររបាយការណ៍របស់ ព្រះរាជាណា ចក្រកម្ពុជាកាលពី ខែមិថុនា ឆ្នាំ២០១០ កន្លងទៅនេះ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកពេញចិត្ត និងបានចេញនូវសេចក្តីសម្រេចមួយក្នុងរយៈពេល៤ឆ្នាំទៀត ឲ្យកម្ពុជា ធ្វើរបាយការណ៍ជូនដល់គណៈកម្មាធិការ ដែលនេះត្រូវបានចាត់ទុកថា ជាជោគជ័យ មួយរបស់កម្ពុជា។ ឯកឧត្តមបណ្ឌិត សុខអាន ក៍បានឲ្យអាជ្ញាធរធ្វើការបកប្រែ ឯកសារ របាយការណ៍ពីភាសាបារាំងមកជាភាសាអង់គ្លេស និងភាសាខ្មែរ ដើម្បីចែកជូនដល់ អង្គការអន្តរជាតិ និងក្រសួងស្ថាប័ននានា។ សូមបញ្ជាក់ថា ឯកសារដែលនឹងត្រូវចែកជូន មួយទៀតគឺជាឯកសារការងាររបស់ក្រុមអាជ្ញាធរអប្សរា ដែលបានធ្វើអស់រយៈពេល ១៥ឆ្នាំ គឺចាប់ពីការករកើតរហូតដល់ឆ្នាំ២០១០នេះ។
នៅរសៀលថ្ងៃដដែលនេះដែរឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន រួមជាមួយប្រទេស ជាដៃគូរអភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិសាស្រ្តអង្គរបានអញ្ជើញ ជាអធិបតីភាពក្នុងពិធី កាត់ខ្សែបូរសម្ពោធឲ្យចូលទស្សនាជាផ្លូវការនូវវត្ថុបូរាណ ដែលបានមកពីការធ្វើកំណាយ នូវស្ថានីយ៍បុរេប្រវត្តិសាស្រ្តបារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា ដែលត្រូវបានផ្ទេរពី សារមន្ទីររាជធានីភ្នំពេញ មកដាក់តាំងបង្ហាញក្នុងសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។
តាមការគូសបញ្ជាក់ពីលោក លី វណ្ណា ប្រធានសារៈមន្ទីរព្រះនរោត្តមសីហនុអង្គរបាន ឲ្យដឹងថា គោលបំណងនៃពិធីសម្ពោធការដាក់តាំងពិព័ណ៌វត្ថុប្រវត្តិសាស្រ្តថ្ងៃនេះ គឺជាការ បញ្ជាក់ជូនដល់អ្នកទស្សនាទាំងអស់ឲ្យបានដឹងថា វត្ថុបុរាណទាំងនេះក្រោយពីធ្វើ កំណាយ រកឃើញពីស្ថានីយ៍បុរេប្រវត្តិសាស្រ្តអង្គរកន្លងមក ត្រូវបានយកទៅដាក់តាំងនៅ សារៈមន្ទីរ នារាជធានីភ្នំពេញ ឥឡូវនេះត្រូវបាននាំយកមកដាក់តាំងបង្ហាញនៅ សារៈមន្ទីរព្រះនរោត្តម សីហនុអង្គរវិញជាកន្លែងដើម ដែលយើងបានរកឃើញវត្ថុទាំងនេះ។
លោកប្រធានសារៈមន្ទីរបានឲ្យដឹងថា យើងមានវត្ថុបុរាណរាប់រយប្រភេទ ប៉ុន្តែការដាក់ តាំងនេះគឺជ្រើសរើសយកវត្ថុបុរាណសំខាន់ៗមួយចំនួនប៉ុណ្ណោះ ដែលវត្ថុបុរាណទាំងនេះ មានអាយុកាលមកដល់បច្ចុប្បន្ននេះប្រហែល៣ពាន់ឆ្នាំ មកហើយ គឺប្រហែល១៥០០ឆ្នាំ មុនគ្រឹះសករាជទៅទៀត។
វត្ថុបុរាណ ដែលត្រូវបានដាក់តាំងទាំងនេះគឺធ្វើអំពីដីដុត សំរិទ្ធ ដែក អង្កាំ កែវ ថ្ម ឆ្អឹង ភ្លុក និងវត្ថុធ្វើពីដីក្នុងអំឡុងសតវត្សទី១ ដល់ទី៤ ទី៥ និងទី៦ នាសម័យព្រៃក្មេង ឬយុគ្គសម័យសំរិទ្ធ។
No comments:
Post a Comment