ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១០ ឯកឧត្តមបណ្ឌិត ម៉ូដ តាហ៊ា ណាស រូឌីន(Datuk Pg Hj. Mohd Tahir Nasrudin ) ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីបាននាំយកនូវថវិការបស់ ធនាគារ កម្ពុជាសាធារណៈ និងក្រុមហ៊ុន កម្ពុប៊ែងឡុនប៉ាកអ៊ិនសូរេន (Campu Bank and Campu Band Lonpac Insurance ) និងបុគ្គលិកចំនួន ២១,៦១៨.៩២ ដុល្លារអាមេរិក សំរាប់ជួយដល់ ជនរងគ្រោះក្នុងឧបទ្ទវហេតុកោះពេជ្រជូនឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។
ឯកឧត្តមបណ្ឌិត ម៉ូដ តាហ៊ា ណាស រូឌីន ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន ម៉ាឡេស៊ី ដែលមានទំនាក់ទំនងល្អជាមួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា បានមាន ប្រសាសន៍សំដែងនូវការចូលរួមរំលែកទុក្ឋចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាអំពី ឧបទ្ទវហេតុនៅកោះពេជ្ររាជធានីភ្នំពេញ។
ឯកឧត្តមឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ កោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយ ដោយមានប្រសិទ្ធភាព ទាន់ពេលវេលា ចំពោះឧបទ្ទវហេតុនេះ។ ឯកឧត្តមឯក អគ្គរដ្ឋទូត ម៉ាឡេស៊ីបានមានប្រសាសន៍ថា ស្ថានទូតម៉ាឡេស៊ីបានផ្សព្វផ្សាយបញ្ហានេះដល់ក្រុមហ៊ុន ម៉ាឡេស៊ី ដែលរកស៊ីនៅកម្ពុជា ហើយពេលនេះឯកឧត្តមបាននាំយកអំណោយឧបត្ថម្ភ ពីធនាគារសាធារណៈ និងក្រុមហ៊ុនកម្ពុប៊ែងឡុនប៉ាកអ៊ិនសូរេន ព្រមទាំងបុគ្គលិកមកជូន។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត សុខ អាន ក្នុងនាម សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ដែលបានផ្តល់ការគាំទ្រ និងជួយឧបត្ថម្ភចំពោះប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងគ្រោះ ដោយឧបទ្ទវហេតុកោះពេជ្រ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចាត់ទុកការជួយឧបត្ថម្ភ ពីប្រជាជន និងរដ្ឋាភិបាលម៉ាឡេស៊ី គឺជាការបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព ជួយគ្នាក្នុងនាមជាប្រទេសសមាជិកអាស៊ាន។
ដោយចាត់ទុកថា ឧបទ្ទវហេតុកោះពេជ្រ ជាសោកនាដកម្មគួរឲ្យសោកស្តាយ ឯកឧត្តម បណ្ឌិត សុខ អាន ក៏បានជំរាបជូនភ្ញៀវម៉ាឡេស៊ីផងដែរអំពីចំណាត់ ការរបស់រាជរដ្ឋា ភិបាលក្រោមការដឹកនាំបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ តាំងពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ដល់ ព្រឹកថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០១០ ដោយបង្កើតគណៈ កម្មការទទួលបន្ទុកដោះស្រាយករណីឧបទ្ទវហេតុនៅកោះពេជ្រ ដែលមានឯកឧត្តមជា ប្រធាន និងអនុគណៈកម្មការ ៣ទៀត ដែលមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តមរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃជាប្រធាន ព្រមទាំងលទ្ធផលនៃចំណាត់ការជាក់ស្តែងនានាក្នុងនោះ មានការ ជួយឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល ពីព្រះមហាក្សត្រ និងព្រះវររាជបិតា ក្រុមហ៊ុនឯកជន កោះពេជ្រនិងការរៃអង្គាសមូលនិធិជួយសង្រ្គោះដោយស្ថានីយ៍ទូរទស្សន៍បាយ័ន និង CTN ផងដែរ។
No comments:
Post a Comment