នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល នៃទីស្តីការរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១០ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលទទួលបាន ជោគជ័យផង និងបរាជ័យផងនៅក្នុងការរៀបចំព្រឹត្តិការណ៍ធំៗក្នុងរាជធានីភ្នំពេញចាប់តាំង ពីថ្ងៃទី១៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ កន្លងមកនេះ។
តាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្រ្តី ជោគជ័យគឺការរៀបចំកិច្ចប្រជុំ CLV, CLMV និង ACMECS និងការបា្ររព្ធពិធីបុណ្យ អំទូក អកអំបុក បណ្តែតប្រទីបសំពះព្រះខែ បានល្អ ក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រ។ ឯការបរាជ័យគឺការកើតឧបទ្ទវហេតុលើស្ពាន ពេជ្រកាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ បណ្តាលឲ្យមានប្រជាពលរដ្ឋស្លាប់ដោយ ការរត់ជាន់គ្នាចំនួន ៣៥១ នាក់ និងរងរបួស ៣៩៥ នាក់ ។
ទាក់ទងនិងឧបទ្ទវហេតុដែលកើតឡើងនារាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ជាថ្ងៃទី៣ ដែល សល់តែប៉ុន្មានម៉ោងត្រូវបញ្ចប់ព្រះរាជពិធីបុណ្យអំទូក អកអំបុក បណ្តែតប្រទីបសំពះព្រះខែ នេះ សម្តេចតេជោបានមានប្រសាសន៍ទទួលស្គាល់ថាៈ នេះជាកំហុសដ៏ធំបំផុតរបស់យើង នោះគឺការវាយតម្លៃសភាពករណ៍មិនគ្រប់ជ្រុងជ្រោយ នឹកស្មានមិនដល់មើលស្រាល សភាព ការណ៍ និងមានការធ្វេសប្រហែស។ ផ្តើមចេញពីសភាពការណ៍ខាងលើ គឺយើងមិនបាន ការពារនោះទេ ហើយការនឹកស្មានមិនដល់គឺមនុស្សបុកមនុស្សស្លាប់ដូចគ្រោះថ្នាក់ម៉ូតូ បុកម៉ូតូ។ គ្មាននរណាម្នាក់នឹកស្មានដល់ ហើយការស្មានមិនដល់នោះទៀត គឺប្រជាពលរដ្ឋ មកលេងនៅក្នុងស្ថានភាពប្រទេសមានសន្តិសុខ គឺមិនបានគិតថាវាមានរឿងអ្វីកើតឡើងទើប គេមកលេង។
មានប្រសាសន៍បកស្រាយ និងពន្យល់ទៅនឹងពាក្យចោទប្រកាន់នានាពិសេសអ្នក នយោបាយប្រឆាំង ដែលទាមទារឲ្យមានការទទួលខុសត្រូវ និងដាក់ពិន័យ សម្តេចតេជោ បានមានប្រសាសន៍គ្មាននណាមួយត្រូវទទួលយកកំហុសនេះទេ។ នេះជាកំហុសរួមមួយ ដែលទាំងអស់គ្នាស្មានមិនដល់។ ខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិថា គ្នាននណាមួយទទួល ទណ្ឌកម្មក្នុងហេតុការណ៍នេះទេ។ រំលឹកដល់ព្រឹត្តិការណ៍កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិក ដែលមានពួកភេរវករធ្វើសកម្មភាពភេរវកម្មបើក យន្តហោះបុកអគារ ភ្លោះនៅទីក្រុងញូយ៉ក សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ពេលនោះ លោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក ចចដាប៊ិលយូប៊ូស លោក ដូណាល់រ៉ាំស្វែល រដ្ឋមន្រ្តីក្រសួងការពារប្រទេសអាមេរិក និងចៅហ្វាយក្រុងញូយ៉ក មិនបានចុះចេញពីដំណែង នោះទេ បើទោះបីមានព័ត៌មានឲ្យដឹងជាមុនថា ភេរវករប៉ុនប៉ងធ្វើសកម្មភាពក៏ដោយ។ ប៉ុន្តែ សំរាប់កម្ពុជា បើមានការណែនាំ ឬក៏ព័ត៌មានប្រាប់ជាមុនថានឹងកើតហេតុសោកនាដកម្មនេះ ហើយយើងមិនធ្វើតាម មិនមានវិធានការទើបជាការទទួលខុសត្រូវ។ ទោះជាយ៉ាងណា សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលដៃម្ខាងដោះស្រាយ ហេតុការ ដែលកំពុងកើតឡើង និងដៃម្ខាងទៀតត្រូវទប់ស្កាត់កុំឲ្យមានចលនាស៊ីវិលកើតឡើង ដែល បើតាមសម្តេចការផ្អើលរត់ជាន់គ្នានឹងកើតឡើង នៅកន្លែងដែលមនុស្សកកកុញផ្សេងទៀត បើចាត់ការមិនល្អ។
ដោយទទួលយកការរិះគន់នានា សម្តេចតេជោ បានមានប្រសាសន៍ចាត់ឧបទ្ទវហេតុ ស្ពានពេជ្រជាមេរៀនប្រវត្តិសាស្រ្តសំរាប់ធ្វើការដោះស្រាយទៅថ្ងៃមុខទៀត។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានដាក់ចេញនូវអនុសាសន៍ចំនួន៤ ចំណុច សំរាប់មន្រ្តីរាជរដ្ឋាភិបាល ទាំងអស់យកទៅធ្វើការប្រតិបត្តិនៅពេលខាងមុខក្នុងពេលមានពិធីបុណ្យជាតិធំៗរួមមាន ទី១ ត្រូវវាយតម្លៃឲ្យគ្រប់ជ្រុងជ្រោយមុនសម្រេចផែនការអ្វីមួយ ទី២ កុំមើលស្រាលសភាព ការណ៍, ទី៣ រៀបចំផែនការត្រៀមកំលាំង និងមធ្យោបាយឲ្យបានគ្រប់គ្រាន់សម្រាប់ ការជួយអន្តរាគមន៍សង្រ្គោះបន្ទាន់នៅពេលមានឧបទ្ទវហេតុកើតឡើង, ទី៤ គឺការរៀបចំ បន្ថែមច្រកចេញចូល ឬ ច្រកសុវត្ថិភាពសំរាប់ជួយសង្គ្រោះមនុស្ស។
សម្រាប់អនាគតនៃមជ្ឈមណ្ឌលកោះពេជ្រក្រោយពេល កើតព្រឹត្តិការណ៍មហាសោកនាដ កម្មនេះនារាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា មជ្ឈមណ្ឌលកោះពេជ្រ ទាំងមូលមិនត្រូវបញ្ឈប់ដំណើរការអភិវឌ្ឍទេគឺមាន តែបង្កើនការ អភិវឌ្ឍថែមខ្លាំងទៀត។ ស្ពានដែលគ្រោះថ្នាក់ក៏មិនវាយចោលដែរ តែយើងឲ្យក្រុមហ៊ុន កោះពេជ្របន្ថែមស្ពានថ្មីចេញចូលឲ្យបានច្រើនជាងនេះ ។
ទាក់ទងដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះស្លាប់និងរបួស សម្តេចតេជោ បានមាន ប្រសាសន៍ថា នឹងបញ្ជូនអ្នករបួសធ្ងន់ទៅកាន់មន្ទីរពេទ្យ នៃប្រទេសជិតខាងដូច ជាប្រទេស វៀតណាម ប្រទេសថៃបន្តទៀតដោយរដ្ឋាភិបាលជាអ្នកធានារាប់រងចេញសាហ៊ុយ ប្រសិន បើមន្ទីរពេទ្យនៅកម្ពុជាអស់លទ្ធភាពព្យាបាល។ សំរាប់អ្នកស្លាប់ ដែលត្រូវទទួលបាន ការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាល ព្រះមហាក្សត្រ និងព្រះវររាជបិតា កាកបាទក្រហមកម្ពុជា ក្រុមហ៊ុនកោះពេជ្រ និងមូលនិធិសង្រ្គោះទូរទស្សន៍បាយ័ន និង CTN សរុបប្រមាណ ១២០០០ ដុល្លារអាមេរិក សម្តេចតេជោមានប្រសាសន៍ថា ត្រូវធ្វើការប្រគល់ដល់ដៃគ្រួសារនៃសព ជនរងគ្រោះ ឬក៏ត្រូវដាក់ក្នុងគណនីនៃធនាគារអេស៊ីលីដា ដើម្បីធ្វើយ៉ាងណាធានាសុវត្ថិភាព សំរាប់បងប្អូនប្រជាពលរដ្ឋទាំងនោះ។ សម្តេចតេជោ ក៏បានមានប្រសាសន៍ឲ្យដឹងអំពីការ សាងសង់ស្តូបសំរាប់គោរពវិញាណក្ខន្ធដល់អ្នកស្លាប់ទាំងអស់ផងដែរ។
No comments:
Post a Comment