នារៀលថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១០ ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា មូលហេតុដែលនាំឲ្យ មាន ឧបទ្ទវហេតុនៅលើស្ពានពេជ្រនៃមជ្ឈមណ្ឌលកោះពេជ្ររាជធានីភ្នំពេញនារាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ គឺបណ្តាលមកពីការផ្អើលឆោឡោជាន់គ្នានាំឲ្យថប់ដង្ហើមស្លាប់ និង របួស។
នៅក្នុងសន្និសីទកាសែតដែលធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត សុខ អាន ដែលត្រូវបានចាត់តាំង ជាប្រធានគណៈកម្មការទទួលបន្ទុកដោះស្រាយករណី ឧបទ្ទវហេតុ ស្ពានពេជ្រ នារាត្រីទៀបភ្លឺថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១០ បានមានប្រសាសន៍បញ្ជាក់ថា ឧបទ្ទវហេតុនេះមិនមែនមកពីឆក់ខ្សែភ្លើង ឬអំពើភេរវកម្ម ឬ អំពើឧក្រិដ្ឋកម្មដែលមានការ គ្រោងទុកណាមួយឡើយ។ ដោយបានរំលឹកឡើងផងដែរអំពីឧបទ្ទវហេតុ នៃការផ្អើលជាន់ គ្នាគឺធ្លាប់មាននៅលើពិភពលោកតាំងពីសតវត្សទី ១៩ នៅពេលមានមនុស្សប្រមូលផ្តុំជួបជុំគ្នា នៅបណ្តាប្រទេសផ្សេងៗមានអាមេរិក អារ៉ាប់ អ៊ីរ៉ាក់ អង់គ្លេស និងប្រទេសអាហ្វ្រិក នាពេល កន្លងមក និងការខិតខំជួយសង្គ្រោះរបស់រាជរដ្ឋាភិបាលចំពោះឧបទ្ទវហេតុនារាត្រីថ្ងៃទី២២ វិច្ឆិកាឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន បានបញ្ជាក់ថា ព្រឹត្តិការណ៍មហាសោកនាដកម្ម ស្ពានកោះពេជ្រនេះ ជាបទពិសោធន៍សំរាប់ការគ្រប់គ្រងហ្វូងមនុស្ស ដើម្បីឲ្យមានសុវត្ថិភាព ទៅថ្ងៃក្រោយនៅពេលមានបុណ្យទានមិនមែននៅតែរាជធានីភ្នំពេញទេ គឺជាបទពិសោធន៍ នៅគ្រប់ទីកន្លែងទូទាំងប្រទេស។
នៅក្នុងសន្និសីទកាសែតនេះដែរ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការកោសល្យវិច្ច័យករណីឧបទ្ទវហេតុលើស្ពានពេជ្រ បានមាន ប្រសាសន៍បញ្ជាក់បន្ថែមថា តាមការពិនិត្យសាកសពជនរងគ្រោះបង្ហាញថា អ្នកស្លាប់មាន ជាំឈាមលើក្បាល ដើមទ្រង ឈាមមាត់ ប៉ោងពោះ និងខ្លះបាក់ជើង និងបាក់ឆ្អឹងជំនី។ អ្នក របួសអះអាងពីការស្រេកទឹក និងថប់ដង្ហើម។ ឯកឧត្តមម៉ម ប៊ុនហេង បានមានប្រសាសន៍ថា តាមរយៈការសន្និដ្ឋានរបស់ក្រុមគ្រួពេទ្យ ជនរងគ្រោះត្រូវស្លាប់ដោយសារការសង្កត់លើគ្នា ថប់ដង្ហើម និងគ្មានសញ្ញាថាមានឆក់ខ្សែភ្លើងនោះទេ។
ឯកឧត្តម ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការស៊ើប អង្កេតករណីឧបទ្ទវហេតុស្ពានកោះពេជ្របានមានប្រសាសន៍ថា តាមរយៈវីដឺអូគ្លីប រូបថត និង សាក្សីដែលឃើញហេតុការណ៍ ព្រមទាំងជនរងគ្រោះ ដែលរស់រានមានជីវិតបានបញ្ជាក់ អំពីហេតុការណ៍ថា នៅម៉ោង ៩:00 យប់ថ្ងៃទី២២ ខែវិច្ឆិកា នៅចំណុចស្ពានពេជ្រ មាន មនុស្សរាប់ពាន់បានដើរបញ្រ្ចាស់ទិសគ្នានាំឲ្យកកស្ទះ និងមានមនុស្សខ្យល់គរ។ ២០ នាទី ក្រោយមកក៏កើតឧបទ្ទវហេតុដោយសារមានសម្លេងស្រែកថា ស្ពានបាក់ និងខ្សែភ្លើងឆក់នាំ ឲ្យអ្នកនៅលើស្ពានផ្អើលឆោឡោជាន់គ្នា។ ឯកឧត្តម ព្រំ សុខា បានមានប្រសាសន៍ ឲ្យដឹងសមត្ថកិច្ចបានខិតខំប្រឹងជួយសង្គ្រោះតែលំបាកចូលទៅជួយដោយសារតែមានមនុស្ស កកស្ទះ។ ឯកឧត្តម ព្រំ សុខា បានមានប្រសាសន៍ថា ពេលកើតឧបទ្ទវហេតុ ស្ពាន ប្រភេទខ្សែកាបដែលមានរំញោចចុះឡើង មានទទឹង ៧,១៦ម៉ែត្រ បណ្តោយ ១០១ ម៉ែត្រ សមត្ថកិច្ចប៉ាន់ស្មានថា មនុស្សកកស្ទះអាចមានចំនួនពី ៧ ទៅ ៨ ពាន់នាក់ ដែលសន្និដ្ឋានថា ក្នុង១ម៉ែត្រការ៉េ អាចមានមនុស្សពី ១០ ទៅ១២ នាក់ ដែលនាំឲ្យដួលសង្កត់លើគ្នា ពេលផ្អើល ឆោឡោថា មានស្ពានបាក់ ឬ ឆក់ខ្សែភ្លើង។
ឯកឧត្តម អិត សំហេង រដ្ឋមន្រី្តក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា ប្រធានអនុគណៈកម្មការដោះស្រាយការងារបន្ទាន់លើករណីឧបទ្ទវហេតុ បានមាន ប្រសាសន៍ថា ក្រោមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺយើងបានធ្វើការសង្គ្រោះនិងបញ្ជូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យបានរហ័ស។ សំរាប់អ្នក ដែលទទួលមរណៈភាព ដែលមានចំនួន៣៥១នាក់ ត្រូវបានរៀបចំថែរក្សា និងដឹកជញ្ជូន ភ្លាមៗតាមរថយន្តទៅដល់គេហដ្ឋាននៃគ្រួសារសពគ្រប់ចំនួនរួចរាល់អស់ហើយ ព្រមទាំង ផ្តល់ការឧបត្ថម្ភជាបន្តបន្ទាប់ទាន់ពេលផងដែរ។ ឯអ្នករងរបួសក៏ទទួលបានការថែរក្សា និង ព្យាបាលយ៉ាងយកចិត្តទុកដាក់ ដោយឥតគិតថ្លៃ និងទទួលបានការឧបត្ថម្ភផងដែរ។ សំរាប់ ថវិកា ឧបត្ថម្ភចំពោះគ្រួសារសព ឯកឧត្តម អិត សំហេង បានឲ្យដឹងថា អនុវត្តតាម អនុសាសន៍សម្តេចតេជោនាយករដ្ឋមន្រ្តី គឺត្រូវរៀបចំឲ្យមានគណនីសំរាប់ធានា សុវត្ថិភាព នៅធនាគារអេស៊ីលីដាផងដែរ។
No comments:
Post a Comment