Wednesday, January 05, 2011

អាជ្ញា​ធរ​ខេត្ត​មិនបានតំរូវ​​ឱ្យ​មន្ត្រីនានាយក​លុយ ពី​អ្នកឡើង​ទៅ​កំសាន្ត​លើ​ភ្នំបូកគោ​ទេ

ខេត្ត​កំពត ៖ គេ​តែង​បាន​កត់​សំគាល់​ឃើញ​ថា នៅ​រដូវ​ចូល​ឆ្នាំ​​សាកល​​ឬ​ចូលឆ្នាំ​ប្រពៃ​ណី​ខ្មែរ កន្លងមក ភ្ញៀវ​ជាតិ​ និងអន្តរ​ជាតិរាប់ម៉ឺននាក់ និងរថយន្ត​រាប់ពាន់​គ្រឿង​បាន​​ធ្វើ​ដំណើរ​ទៅកាន់​ភ្នំ​បូក​គោ ដើម្បី​​ស្រូប​យក​ខ្យល់​អា​កាស​បរិសុទ្ធ​​លើ​កំពូលភ្នំ​ដ៏​ខ្ពស់​សន្លឹម​នេះ ។ ជា​​រៀង​​រាល់​ឆ្នាំ​ពិសេស​ពិធីឆ្លងឆ្នាំ​សាកល​ម្តងៗ​ មានមន្ត្រី​ការ​ពារ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្សបូកគោជាអ្នក​រាប់​ក្បាល​រថយន្ត​​ឱ្យ​បង់​លុយ​ពី​៣​ពាន់ ទៅ៥ពាន់​ ឬទៅ​១ម៉ឺន​រៀល តាម​ប្រភេទ​រថ​យន្ត​​តូច​ធំ ហើយ​មន្ត្រី​ផ្សេងៗអង្គុយ​ចាំ​កត់ត្រា​ចំនួនមនុស្ស និងរថ​យន្ត​នៅ​ផ្លូវ​ឡើង​ទៅ​ភ្នំ​ ។
ដោយ​ឡែក​ពិធីឆ្លងឆ្នាំសាកល២០១១នេះ មិនមាន​មន្ត្រីណាម្នាក់​អង្គុយ​ចាំយក​លុយ​​ទៀត​ទេ ​គឺបើក​ឱ្យ​ភ្ញៀវ​ឡើង​ទៅកំសាន្ត​លើភ្នំបូកគោ​រយៈ​ពេល​២​ថ្ងៃ​ ចាប់ពីថ្ងៃទី៣១ ធ្នូ​ ២០១០ ដល់​ថ្ងៃទី​១​ មករា ២០១១ ។ ក្នុង​រយៈ​ពេល​២​ថ្ងៃ​នេះ បើ​តាម​ការអះ​អាងពី​អ្នករាប់​ចំនួនរថយន្ត​ឡើង​ភ្នំ​បូក​គោ គឺ​មិនលើស​ពី​៣០០​គ្រឿងទេ ហើយ​មនុស្ស​ក៏​មិនច្រើន​ប៉ុន្មានដែរ ។ មន្ត្រី​នៅស្នាក់​​ការ​ឧទ្យា​ន​ជាតិ​និយាយ​ថា​ ពួកគេ​មិនបាន​តំរូវ​ឱ្យ​ភ្ញៀវបង់លុយក្បាលឡានដូចឆ្នាំមុនៗ​ទេ​ គ្រាន់​តែកត់​ត្រា​ឈ្មោះ​និងលេខ​ទូរស័ព្ទ​​ប៉ុណ្ណោះ ខ្លាច​មានហេតុការណ៍​​អ្វីនៅ​ខាង​លើ​ ឬងាយ​ស្រួល​ទាក់​ទង ។
លោក​អ៊ឹង ម៉េង​ហ៊ួរ ​អភិបាល​រងខេត្តមាន​​ប្រសាសន៍​ថា ក្នុងអំឡុង​ពេលមានការ​ស្ថាបនា​​ផ្លូវ​ឡើង​​ទៅកាន់​ភ្នំបូកគោ​ គឺមិនអនុ​ញ្ញាត​ឱ្យ​ភ្ញៀវ​​ជាតិ និងអន្តរជាតិ​ឡើង​ទៅលើភ្នំ​បូកគោ​ទេ ព្រោះ​ខ្លាច​មានគ្រោះ​ថ្នាក់​ លើ​ក​លែង​តែថ្ងៃ​បុណ្យ​ជាតិធំៗ​ទើបមាន​ការ​អនុញ្ញាត​ឱ្យ​ឡើង​ ហើយ​យ៉ាង​​យូរ​តែក្នុង​រយៈ​ពេល៣​ថ្ងៃប៉ុណ្ណោះ ។ លោក​អភិបាលរង​ខេត្តមាន​ប្រសាសន៍​បន្តថា មិនមានមន្ត្រីថ្នាក់​ខេត្ត​ទៅ​ត្រួត​ពិនិត្យ​ពីចំនួន​ភ្ញៀវ​ទេ​ ។ អ្នកលក់ដូរលើ​ភ្នំបូ​ក​គោ​និយាយ​ថា ពួ​ក​គាត់​លក់​ដូរ​មិនដាច់​ដូច​ឆ្នាំមុនៗ​ទេ​ ដោយសារមិន​មានភ្ញៀវ​​ទេសចរ​​ច្រើន​​ ម្យ៉ាង​វិញ​ទៀតស្ថាន​ភាព​ផ្លូវ​ឡើងទៅលើ​កំពូលភ្នំ​នៅមាន​ការ​លំបាក​នៅ​ឡើយ ព្រោះ​កំពុង​សាងសង់​ ។ កាលពី​ឆ្នាំមុនៗ ផ្លូវ​អាច​ពិបាក​លើសនេះ​ទៅទៀត​ ប៉ុន្តែ​នៅតែ​មាន​ភ្ញៀវ​ច្រើន​ ដូច្នេះ​គេមិនដឹង​ពីមូល​ហេតុ​​នៃការថយ​ចុះ​ភ្ញៀវ​នេះ​ទេ ព្រោះ​មន្ត្រី​នានា​មិន​បានចូល​រួម​ធ្វើ​ការ​ត្រួតពិនិត្យ និងសិក្សា
ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment