Wednesday, January 05, 2011

ស្ថានភាពភូមិជោគជ័យចាប់ពីថ្ងៃចាប់ជនជាតិថៃ៧នាក់និង ការត្រៀមទប់ទល់ជាមួយក្រុមអាវលឿងថៃ

ស្ថានភាព​ព្រំ​ដែន​កាន់​តែ​តាន​តឹង​ពី មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ នៅ​ចំនុច​បន្ទាត់​ព្រំ​ដែន​កម្ពុជា​​ ថៃ​ នៃ​ស្រុក​អូរ​ជ្រៅ​និង​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​ឈម​និង​ខេត្ត​ស្រះកែវ​ប្រទេ​សថៃ​បន្ទាប់​ពី​​កម្ពុជាបាន​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ជ្រុល​និយម​ចំនួន​៧​នាក់​នៅ​ចំនុច​ក្បែរ​បង្គោល​ព្រំ​ដែន​លេខ​៤៦​ដល់​មុខ​វត្ត​ជោគ​ជ័យ​ក្នុង​ភូមិ​ជោគ​ជ័យ​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​។ ការ​តាន​តឹង​និង​ស្មុគស្មាញ​នេះ​គឺ​កើត​ឡើង​ដោយ​សារ​តែ​បាតុករ​អាវ​លឿង​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ស្រុក​អារញ្ញ​និង​ស្រុក​គោក​ធ្យូង​នៃ​ខេត្ត​ស្រះកែវ​ជាប់​ព្រំ​ដែន​កម្ពុជា​ធ្វើ​ការ​តវ៉ា​អោយ​ដោះ​លេង​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​ដែល​ធ្វើ​អោយ​យោធាថៃ​ចល័ត​ទ័ព​ចុះ​ឡើង​ច្រើន​ទៅ​​ៗ​ចូល​កាន់​តែ​កៀក​ទឹក​ដី កម្ពុជា​។
បញ្ហា​ស្មុគស្មាញ​ទាំង​នេះ​ធ្វើ​អោយ​សមត្ថកិច្ច​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​ជា​ពិសេស​កម្លាំង​ទ័ព​ជួរ​មុខ​កំពុង​តែ​ប្រុង​ជើង​ការ​យ៉ាង​ខ្ពស់​ដើម្បី ទប់​ទល់​សភាព​ការ​។ ផ្ដើម​ចេញ​ពី​បញ្ហា​ខាង​លើ​នៅ​ព្រឹក​ថ្ងៃ ទី​៥ ខែ​មករា ឆ្នាំ​២០១១ នេះ​អាជ្ញាធរ​ខេត្ត​បន្ទាយមាន​ជ័យ​បាន​ធ្វើ​ការ​ប្រជុំ​បន្ទាន់​មួយ​ក្រោម​អធិបតី​ភាព ឯកឧត្តម​ កែ​ គឹម​យ៉ាន​ ឧបនាយក​រដ្ឋ​មន្រ្តី​ដើម្បី​ក្ដាប់​សភាព​ការ​តាមបន្ទាត់​ព្រំ​ដែន​និង​វាយ​តំលៃ​ពី​ស្ថានភាព​ព្រំ​ដែន​នាពេល​បច្ចុប្បន្ន​ ។
លោក អ៊ុង អឿន​ អភិបាល​ នៃ​គណៈអភិបាលខេត្ត​បន្ទាយ​មានជ័យ​បាន​ឡើង​រាយ​ការ​ពី​ស្ថានភាព​ព្រំដែន​បន្ទាប់​ពី​ថ្ងៃ​ចាប់​ខ្លួន​ពួក​ជ្រុល​និយម​សៀម​៧​នាក់​ដែល​ចូល​ជ្រៅ​មក​ទឹក​ដី​កម្ពុជាតាំង​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០ ថាតាំង​ពី​ថ្ងៃ​ទី​២៩​ខែ​ធ្នូ​ឆ្នាំ​២០១០​. វេលា​ម៉ោង​១០​និង​.៣០​​នាទី​ក្រុម​ជ្រុល​និយម​អាវ​លឿង​សៀម​. ចំនួន​០៧​នាក់​ (​ ប្រុស​៥​នាក់​ស្រី​០៣នាក់​ ) បាន​លួច​ឆ្លង​ដែន​​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​. តាម​ចំនុច​ច្រក​បង្គោល​សីមា​លេខ​៤៦. ចូល​មក​ក្នុង​ភូមិ​ជោគជ័យ​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​. រហូត​ដល់​ចំនុច​មុខ​វត្ត​ជោគ​ជ័យ​TA ( ៥១៩៦៦.២២២៧១ ) ត្រូវ​កង​កម្លាំង​ការពារ​ព្រំដែន​លេខ​៥០៣​ធ្វើ​ការ​ឃាត់​ខ្លួន​បញ្ជូន​អោយ​កង​កម្លាំង​ប៉ូលិស​អន្តោ​ប្រវេសន៍​ខេត្ត​បន្ទាយ​មាន​ជ័យ​។​​ក្រោយ​ពី​ការឃាត់​ខ្លួន​ជន​ជ្រុល​និយម​អាវ​លឿង​សៀម​ភ្លាមៗ​នោះ​កង​កម្លាំង​ភាគី​សៀម​ ដែល​ឈរ​ជើង​នៅ​ទល់​មុខ​ច្រក​ជោគ​ជ័យ​ បាន​ប្រតិកម្មអោយ​ភាគី​កម្ពុជា​. ធ្វើ​ការដោះ​លែង​ជន​ជាតិ​សៀម​. តែ​ភាគី​យើង​បាន​ប្រាប់​ថា​ ក្រុម​អាវ​លឿង​ទាំង​៧​នាក់​នោះ​បាន​បញ្ជូន​ទៅ​ថ្នាក់​លើ​ហើយ​ ។

ថ្ងៃ​ដដែល​វេលា​ម៉ោង​ ១៧ម៉​០០​នាទី​ លោក​ឧត្តម​សេនីយ៍​ត្រី​ វលិត​ ផុតាឆៈណៈផាក់ឌី​ មេ​បញ្ជាការ​រង​កំលាំង​បូព៌ា​សៀម​ បាន​ទំនាក់​ទំនង​ជាមួយ​មេបញ្ជា​ការ​កង​ការពារ​ព្រំដែន​លេខ​៥០៣​ប្រចាំ​ទិស​អូរបី​ជាន់​ ជួប​ប្រជុំ​ពិភាក្សា​ដោះ​ស្រាយ​បញ្ហាការ​ឃាត់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​នៅ​ទី​បញ្ជាការ​ជួរ​មុខ​តំរួច​ព្រំដែន​កង​អនុ សេនាធំលេខ​១២៦​. TA (​ ៥២១.២២៩​ ) ទល់​មុខ​ច្រក​ជោគ​ជ័យ​សំណើ​សុំ​ឲ្យ​កង​កំលាំង​យើង​ជួយ​អន្តរាគ​មន៍​ ដោះ​លែង​ជន​ជាតិ​សៀម​ទាំង​៧​នាក់​មក​វិញ​តែ​កំលាំង​យើង​បាន​ប្រាប់​ថា​ យើង​ខ្ញុំ​ពុំ​មាន​លទ្ធភាព​ជួយ​បានទេ​ ។ ពេល​នោះ​ភាគី​សៀម​បាន​ប្រាប់​យើង​ថា​ធ្វើ​ការ​បិទ​ច្រក​ព្រំដែន​ ចាប់​ពី​ខាង​ជើង​ប៉ោយ​ប៉ែត​រហូត​ដល់​ជួរ​ភ្នំ​ដង​រ៉ែក​ ។

នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​ ឆ្នាំ​២០១០​ វេលាម៉ោង​០៩.៤០នាទី​ភាគី​សៀម​បាន​សុំ​បើក​ច្រក​បឹង​ត្រកួន​វិញ។ ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០១០ ម៉ោង​ ៨និង​ ០០នាទី​ព្រឹក​សៀម​បាន​បញ្ជូន​កំលាំង​ទាហាន​ប៉ារ៉ា​វេរសេនាធំ​លេខ​២១​. កង​ពល​ធំ​លេខ​២ អម​ដោយ​រថ​ពាស​ដែក​ប្រមាណ​២០​គ្រឿង​មក​កាន់​តំបន់​ព្រំដែន​. ចាប់​ពី​ទល់​មុខ​តំបន់​អាង​សិលា​ ដល់​ទល់​មុខ​តំបន់​ចំការ​គរ. ដោយ​យក​លែស​ថា​ ទប់​ស្កាត់​ក្រុម​បាតុករ​អាវលឿង​ ដែល​មាន​បំណង​ធ្វើ​បាតុកម្ម​តវ៉ា​ទាមទា​អោយ​ដោះ​លែង​ជនជាតិ​សៀម​ទាំង​៧​អ្នក​ទៅ​វិញ​។

ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១០ ម៉ោង​៩និង​៣០​នាទី​ កង​កំលាំង​តំរួត​សៀម​លេខ​១២៦​ចំនួន​០៣​នាក់​សុំ​សហការ​ត្រូត​ពិនិត្យ​បង្គោល​សីមា​លេខ​៤៦​រួម​ជាមួយ​កំលាំង​យើង​ មាន​កង​ព្រំដែន​លេខ​៥០៣​ចំនួន​០៨​នាក់​កង​រាជ​អាវុធហត្ថ​០៤​នាក់​ផ្នែក​សឹក​រង​ស្រុក​អូរជ្រៅ​០២​នាក់​។

ម៉ោង៩​និង​៤០​នាទី​ថ្ងៃ​ដដែល​ មេ​បញ្ជាការ​តំរួត​ការពារ​ព្រំដែន​កង​អនុសេនាធំ​លេខ​១២៦​បាន​ជូន​ដំណឹង​មក​កំលាំង​យើង​ នៅ​តំបន់​ភូមិ​ជោគ​ជ័យ​ថា​នៅ​ម៉ោង​១៤និង​០០​នាទី​នេះ​មេ​បញ្ជាការ​យោធភូមិ​ភាគទី​១​សៀម​ សុំ​ចូល​មក​ពិនិត្យ​កន្លែង​កំលាំង​យើង​ឃាត់​ខ្លួន​ក្រុម​ជ្រុល​និយម​សៀម​ទាំង​៧​នាក់​។ យើង​បាន​រាយការណ៍​និង​សុំ​យោបល់​ថ្នាក់លើ​តែ​ថ្នាក់​លើ​មិន​អនុញ្ញាតិ​ឲ្យ​កំលាំង​សៀម​ចូល​ទេ​។

ម៉ោង​៩និង​៤៥​នាទី​ទាហាន​សៀម​ បាន​បញ្ជូន​កំលាំង​និង​រថ​ពាស​ដែក​ចំនួន​០៤​គ្រឿង​មក​ដាក់​នៅ​ចំនុច​TA ( ៥០១.២១៧ ) ទល់​មុខ​បង្គោល​សីមា​លេខ​៤៨ ។ ម៉ោង​១០ និង​ ០០នាទី​ឧទ្ធម្ភាកចក្រ​សៀម​០១​គ្រឿង​បាន​ចុះ​មក​នៅ​ភូមិ​គោក​ធ្យូង​ប្រទេស​សៀម​។ ម៉ោង​១០​និង​​៤០​នាទី​ឧទ្ធម្ភាកចក្រ​០១​គ្រឿង​ទៀត​បាន​មក​ចុះ​នៅ​ភូមិ​គោក​ធ្យូង​។ ម៉ោង​១១និង​០០នាទី​សៀម​បាន​បញ្ជូន​កំលាំង​ចំនួន​១៤​រថយន្ត​ចូល​មក​ទី​បញ្ជាការ​កង​អនុសេនាធំ​លេខ​១២៦​ទល់​មុខ​ច្រក​ជោគជ័យ​។

ថ្ងៃ​ដដែល​វេលាម៉ោង​១១និង៣០​នាទី​​ទាហាន​សៀម​ដេញ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​ទៅ​ធ្វើ​កម្មករ​ក្នុង​ទឹក​ដី​ថៃ​ឲ្យ​ត្រឡប់​មក​ប្រទេស​ខ្មែរ​វិញ។​ ម៉ោង​១៥​និង​១០​នាទី​ឧទ្ធម្ភាចក្រ​ថៃ​០១​គ្រឿង​បាន​ហោះ​ពីលិច​មកទល់​មុខ​ច្រក​ជោគ​ជ័យ។
ថ្ងៃទី​០១​ខែ​មករា​ឆ្នាំ​២០១១​ម៉ោង​១០​និង​៣០​នាទី​សៀម​បាន​បញ្ជូន​កំលាំង​បន្ថែម​០១​រថយន្ត​ប្រមាណ​១៣​នាក់​មក​ដាក់​នៅ​ចំណុច​ទល់​មុខ​ច្រក​ជោគជ័យ​។​ថ្ងៃ​ទី​០១​ខែ​មករា​ឆ្នាំ​២០១១​ម៉ោង​១២​និង​១០​នាទី​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បញ្ជូន​កំលាំង​ចំនួន​១៥​នាក់​សហការជាមួយ​តំរួត​ការពារ​ព្រំដែន​​លេខ​១២៦​នៅ​ទល់​មុខ​ភូមិ​អាង​សិលា​ខ្មែរ​ .ទប់​ស្កាត់​ក្រុម​បាតុករ​អាវ​លឿង​ ។

ថ្ងៃ​ទី​០២​ខែ​មករា​ ឆ្នាំ​២០១១ ម៉ោង​៧​និង​៣០​នាទី​ក្រុម​បាតុករ​អាវ​លឿង​សៀម​ប្រមាណ​១០០០នាក់​បាន​ធ្វើ​សកម្មភាព​ឆ្ពោះ​មក​តំបន់​ព្រំដែន​៣​គោលដៅ​ ។ គោល​ដៅ​ទល់​មុខ​ចំការគរ​ គោល​ដៅ​ទល់​មុខ​ភូមិ​ជោគ​ជ័យ​ និង​គោល​ដៅ​ទល់​មុខ​អាង​សិលា​ តែ​ត្រូវ​បាន​កំលាំង​តំរួត​និង​ប្រជាពល​រដ្ឋ​សៀម​ធ្វើ​ការ​ទប់ស្កាត់​បាន​។ ថ្ងៃ​ទី​០៣ ខែ​មករា​ ឆ្នាំ​២០១១ វេលាម៉ោង​១៤​និង​០០នាទី​ក្រុម​បាតុករ​អាវលឿង​ប្រមាណ​៥០០នាក់​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​រថយន្ត​ ពី​អារញ្ញ​ឆ្ពោះ មក​កាន់​តំបន់​ព្រំដែន​​តែ​ត្រូវ​បាន​អាជ្ញាធរ​សៀម​និង​កង​កំលាំង​ទាហាន​សៀម​ទប់​ស្កាត់​នៅ​ចំណុច​ភូមិ​អាង​សិលា​ប្រទេស​សៀម​។​ ម៉ោង​១៤​និង​៣៥​នាទី​ឧទ្ធម្ភាចក្រ​សៀម​០១​គ្រឿង​បាន​ហោះ​តាម​បណ្ដោយ​ព្រំដែន​ពី​អារញ្ញ​ មក​បង្គោល​សីមា​លេខ​៤៣​រួច​ត្រឡប់​ទៅ​វិញ​។ ព្រឹក​ថ្ងៃ​ទី​០៤​ខែ​មករា​ឆ្នាំ​២០១១ សៀម​បាន​បញ្ជូន​កំលាំង​ប្រមាណ​ពី​១៥០​-​២០០​នាក់​មក​ឈរ​នៅ​ទល់​មុខ​តំបន់​ភូមិ​ជោគ​ជ័យ​ដើម្បី ធ្វើការទប់​ស្កាត់​ក្រុម​បាតុករ​អាវ​លឿង​។ ថ្ងៃ​ទី​០៤​ ខែ​មករា​ ឆ្នាំ​២០១១ ម៉ោង​១១​និង​៣០​នាទី​ឧទ្ធម្ភាចក្រ​សៀម​០១​គ្រឿង​បាន​ហោះ​តាម​បណ្ដោយ​ព្រំដែន​ពី​អារញ្ញ​មក​ភូមិ​សាស្រ្ត​ទល់​មុខ​ភូមិ​ជោគជ័យ​រួច​ត្រឡប់​ទៅ​វិញ​។

ថ្ងៃ​ទី​០៥​ខែ​មករា​ឆ្នាំ​២០១១ ស្ថានភាព​ព្រំ​ដែន​ក្នុង​ទឹក​ដី​ថៃ​ក្រុម​អាវលឿង​បន្ទាប់​ពី​យប់​ម៉ិញ​បាន​សំរុក​ទៅ​ភូមិ​គោក​ធ្យូង​ទល់​មុខ​បង្គោល​ព្រំ​ដែន​លេខ​៤៦​។​ក្រុម​អាវ​លឿង​បាន​ដក​ថយ​ពី​មុខ​ស្ថាន​កុង​ស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ​បន្សល់​ត្រឹម​តែ​១០០​នាក់​ដោយ​ក្រុម​អាវ​លឿង​ទៅ​កើន​ក្នុង​ទឹក​ដី​ថៃ​ទល់​មុខ​ច្រក​អូរ​បី​ជាន់​ទឹក​ដី​កម្ពុជា​ ហើយ​និង​ប្រមូល​ផ្ដុំ​នៅ​វាល​ស្រុក​អារញ្ញ​មុខ​ស្ថានីយ៍​រថភ្លើង​ស្រុក​អារញ្ញ​នឹងប៉ុស្តឹប៉ូលីសខ្លងឡឹក។

ផ្នែកតាមសភាពការណ៏កន្លងមកនេះ យើងសន្និតដ្ឋានបានថាៈ សៀមមានគោលបំណងរំលោភ ឈ្លានពានយក ភូមិ ជោគជ័យរបស់កម្ពុជា។ពួកក្រុងជ្រុលនិយមអាវលឿងនៅតែមានមហិច្ឆតាចូលមកក្នុងភូមិ ជោគជ័យដើម្បីយក លេសអោយរាជរដ្ឋាភិបាល កម្ពុជាធ្វើការដោះលែងជនជាតិសៀមទាំង៧នាក់មកវិញ។ សៀមយក តំបន់នេះ បង្កបញ្ហាដើម្បីបំរើអោយការងារនយោបាយរបស់គេ ហើយកំណត់យកតំបន់នេះ ជា ចំនុចក្តៅដូចនៅតំបន់ ប្រាសាទព្រះវិហារ។

តាមការរៀបរាប់ចង្អុលបង្ហាញរបស់យោធាជួរមុខប្រចាំនៅបន្ទាត់ព្រំដែនកំពុងកាន់តឹងបានរៀបរាប់ថាៈ កាលពីល្ងាចនិងយប់ថ្ងៃទី ៤.០១.២០១១ កំលាំងឈុតខ្មៅថៃ ៣០០នាក់ និង១០០នាក់ទៀតបានដាក់បន្ថែម នៅភូមិអាងសិលា ឃុំ អូរបីជាន់របស់កម្ពុជា។ចំពោះស្ថានភាពព្រំដែនព្រឹកថ្ងៃទី ៥.០១.២០១១ នឹងកាន់តែតាន តឹង រវាងបាតុករអាវលឿងនិងពលរដ្ឋ និង យោធាថៃដែលធ្វើអោយកម្ពុជាកាន់តែត្រៀមទប់ទល់ការពារកាន់តែ ខ្លាំង។
លុះនៅវេលាម៉ោង១២រសៀលថ្ងៃទី ៥ មករា ២០១១ នេះតាមប្រភពព័ត៌មានពីប៉ូលីសការពារព្រំដែន បានអោយដឹងថាៈ ក្រុមបាតុករអាវលឿងកំពុងតែប្តូរយុទ្ធសាស្រ្តសំរុកទៅបង្គោលព្រំដែនលេខ ៤៦ ដោយប្រើ វិធីពីហែលក្បួនតាមរថយន្តមកហែរក្បួនតវ៉ាតាមថ្មើរជើងវិញ។ ប៉ុន្តែពេលនេះបាតុករអាវលឿងដែលមាន ចំនួនពី ៣០០០នាក់ ទៅ ៤០០០នាក់ដែលកំពុងតែកកស្ទុះនៅលើលផ្លូវបំបែកក្នុងភូមិប៉ារ៉ៃ ស្រុកអារញ្ញ។ ដែលការកកស្ទុះនេះបណ្តាលមកពីប្រជាពលរដ្ឋថៃ និង កងទ័ពថៃធ្វើការរារាំងដោយដាក់ប៉ារ៉ាស់ពាសពេញ តាមដងផ្លូវ នឹងមានការប៉ះទង្គិចពាក្យសំដីរវាងពលរដ្ឋថៃនិងបាតុកករអាវលឿង។

គួរបញ្ជាក់ថាចំនុចកកស្ទះខាងលើបើគិតពីចម្ងាយមកដល់ព្រំដែនកម្ពុជាដល់ចំនុចច្រករបៀងព្រៃគុប ក្នុង ភូមិ ព្រៃគុប សង្កាត់ ប៉ោយបែត មានចម្ងាយប្រហែលជា ៦Km ៕