Wednesday, January 05, 2011

លោកកាស៊ីត ៖ ទំនាក់ទំនង​ថៃ-​កម្ពុជា​​នឹង​​មាន​បញ្ហា​ទៀត​​បើ​ក្រុង​ ភ្នំពេញ​អូស​បន្លាយពេល​​​ឃុំឃាំង​ជនជាតិ​សៀម​៧នាក់

កាសែត​ឌឹណេហ្សិន ​នៅថ្ងៃទី​​៥ មករា ​បាន​ចេញ​ផ្សាយ​​​ដោយដកស្រង់​សំដី​ប្រភពរដ្ឋាភិ​បាល​​ថៃ​​ថា លោកកាស៊ីត ភិរម្យ ​រដ្ឋ​មន្ត្រី​​ក្រសួង​ការបរទេស​​ចង់​ឱ្យ​គណៈ​រដ្ឋ​មន្ត្រី​សើរើ​​ឡើងវិញ ​នូវទំនាក់ទំនង​រវាង​ប្រទេស​ថៃ​​ និងប្រទេស​កម្ពុជា​ ប្រសិនបើ​​ក្រុងភ្នំពេញ នៅតែ​​អូស​បន្លាយ​​ពេល​​ចំពោះ​ករណី​របស់ពលរដ្ឋ​ថៃ​​៧​នាក់​​ដែល​កំពុង​ឃុំខ្លួន​នៅក្នុងប្រទេស​​កម្ពុជា ។ កាសែត​ថៃ​ដដែល​បានដកស្រង់​សំដីលោកកាស៊ីត ដែល​ថ្លែង​​ប្រាប់​​គណៈ​រដ្ឋ​មន្ត្រី​​​ក្នុងកិច្ចប្រជុំ​​គណៈ​រដ្ឋ​មន្ត្រី​​​ប្រចាំ​សប្តាហ៍​​​​រៀបចំឡើង​កាលពី​​ថ្ងៃ​ទី​​៤ មករា ​កន្លងមក​ថា ​រូបលោក​ទទួលបរាជ័យ​​ក្នុង​ការ​​​ពិភាក្សា​ជាមួយ​អាជ្ញាធរ​កម្ពុជា​ ក្នុងការ​ដោះ​ស្រាយ​​ករណី​ពលរដ្ឋ​ថៃ​​ទាំង​៧​នាក់​នោះ ក្រៅ​តុលាការ​ ពីព្រោះ​​ក្រុងភ្នំពេញ មានការ​​ខឹង​សម្បា​យ៉ាងខ្លាំង​​ចំពោះ​​​មនុស្សម្នាក់​​ក្នុងក្រុម​នោះ​ជា​ពិសេស​​មេដឹកនាំ​​សកម្មជន​អាវលឿង​លោក​វី​រ៉ា ​ស៊ុមខ្វាម​ឃីត ​។
លោកកាស៊ីត ថ្លែង​ថា ទោះបីជា​​រដ្ឋាភិបាល​​​របស់​លោកអាប់ភីស៊ីត ​​ធ្វើអន្តរាគមន៍​​ក្នុងប្រព័ន្ធ​​យុត្តិធម៌​​របស់ប្រទេស​​កម្ពុជា​ក៏​ដោយ ក៏​រូប​លោក​នៅតែ​​សង្ឃឹម​ថា អាជ្ញាធរក្រុងភ្នំពេញ​​នឹង​បង្កើន​​ល្បឿន​​ដំណើរ​​ការ​ដោះស្រាយ​​ករណី​របស់​​ជនជាតិថៃ​​៧​នាក់​នោះ ។ រដ្ឋ​មន្ត្រី​​ការបរទេស​ថៃ​​​រូបនេះថ្លែង​​ទៀត​ថា ទំនាក់ទំនង​រវាង​ប្រទេស​​កម្ពុជា និង​ប្រទេសថៃ​កំពុង​មានលក្ខណៈ​​ល្អ​ប្រសើរ​ឡើង ហើយ​លោកសង្ឃឹម​ថា កម្ពុជា​នឹង​​មិន​យករឿង​​ពលរដ្ឋថៃ​៧​នាក់​នេះ​ធ្វើជា​រឿង​​ធំ​ដុំ​នោះទេ

No comments:

Post a Comment