Thursday, January 13, 2011

លោកផ្កាយ​៣ ម៉ឹក ដារ៉ា​ ​អង្គ​ភាព​​ប្រឆាំង​​អំពើ​ពុករលួយ​សាកសួរ ​ហើយ​ត្រូវ​​​បញ្ជូន​​ទៅ នាយកដ្ឋាន​​​នគរបាល​​អន្តរា​គមន៍​​​​ដើម្បី​​ឃុំ​ខ្លួន​​បណ្តោះអាសន្ន

លោក​ឧត្តមសេនីយ៍​ឯក ម៉ឹក ដារ៉ា ​អគ្គ​​លេខា​ធិការ​​អាជ្ញាធរ​ប្រឆាំង​គ្រឿងញៀន​ និង​ជា​​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​ក្រសួង​មហា​ផ្ទៃ ​​ត្រូវ​​បានបញ្ជូន​ទៅកាន់​អង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ​​រួចហើយ ​ដើម្បី​​សាកសួរ​​ពាក់ព័ន្ធ​​​បទល្មើស​​​គ្រឿង​​ញៀន និង​អំពើពុករលួយ​​​កាលពី​ព្រឹកថ្ងៃ​ទី ​១៣ មករា ២០១១ និង​នៅ​រសៀលថ្ងៃ​ដដែល ​នេះ​ដែរ ​បានបញ្ជូន​ទៅកាន់​​នាយកដ្ឋាន​​នគរបាល​​​អន្តរាគមន៍​​វិញ ដើម្បី​​ឃុំខ្លួន​នៅ​ទីនោះ​បណ្តោះ​អាសន្ន​ រង់ចាំ​​ចាត់ការ​តាមនីតិវិធី ។​​
តាមប្រភព​ស្និទ្ធ​​នឹង​ក្រសួងមហា​ផ្ទៃ​​បាន​ឱ្យ​​ដឹង​ថា ​លោកម៉ឹក ដារ៉ា អាច​ជាប់ពាក់ព័ន្ធ​​​បញ្ហា​គ្រឿង​​ញៀនជាមួយ​​ស្នងការ​​ ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ ​ហើយ​​នឹងត្រូវ​បញ្ជូន​ទៅកាន់​ខេត្ត​​បន្ទាយមានជ័យ ដើម្បី​​ឱ្យព្រះ​​​រាជ​​អាជ្ញា​នៅ​ទីនោះ​​​ចាត់ការ​​តាមច្បាប់​...​​ប៉ុន្តែ​​ប្រសិនបើ​​​គេរក​ឃើញ​​កំហុស​​ធំដុំ​​ជាងនេះទៀត ​លោកម៉ឹក ដារ៉ា ​អាច​នឹង​ត្រូវបញ្ជូន​មកចាត់ការ​​នៅតុលាការ​​រាជ​ធានី​ភ្នំពេញវិញ ។​
ខាង​សមត្ថ​កិច្ច​​​​ក្រសួង​​មហា​ផ្ទៃ និង​អង្គ​ភាព​​ប្រឆាំង​​​អំពើ​​ពុករលួយ​បានលាក់ការណ៍​​រឿងនេះ មិនព្រម​​ព្រលយ​ឱ្យ​​ដឹង​ពី​​មូលហេតុ​​​នៃ​ការ​​ឃាត់​ខ្លួន​​នោះ​ទេ ហើយ​​ប្រភព​មួយ​ចំនួន​ក៏​មិនហ៊ាន​​ទម្លាយដែរ ​។ ក្រៅពីលោក​ម៉ឹក ដារ៉ា ​ដែលមាន​​ឋានៈ​​​​ខ្ពង់ខ្ពស់​​​ ការ​ហៅទៅ​សាកសួរ​​​ និងឃាត់​ខ្លួន​​ដ៏គួរ​ឱ្យភ្ញាក់​ផ្អើល​​​​​នេះ​ បាន​​ធ្វើឡើង​​ទៅលើ​​មន្ត្រីប៉ូលិស​​​​ប្រឆាំង​​គ្រឿងញៀន​​​នៃ​​​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​ក្រសួងមហា​ផ្ទៃ​​​ម្នាក់ទៀត​​សរុប​​ទាំង​អស់​​គឺ​២​នាក់ ​
ដោយ ៖ កោះឯករាជ្យ

No comments: