Thursday, January 13, 2011

ឯកឧត្ដម​ ច័ន្ទ​ សារុន​ ប្រាប់​រដ្ឋបាល​ព្រៃ​ឈើ​ឲ្យ​បន្ត​អនុវត្ត​វិធាន​ការ​ជា​អាទិភាព​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​

ភ្នំពេញ​ ៖ ឯកឧត្តម​ ច័ន្ទ​ សារុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ​បាន​ក្រើន​រំលឹក​ឲ្យ​រដ្ឋបាល​ព្រៃ​ឈើ​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធាន​ការ​ជា​អាទិភាព​ទាំង​ឡាយ​សំដៅ​ទប់​ស្កាត់​រាល់​បទល្មើស​ទាំង​ឡាយ​ដែល​តែង​កើត​មាន​ឡើង​ និង​ធ្វើ​ឲ្យ​វិនាស​អន្តរាយ​ដល់​ធនធាន​ធម្មជាតិ​នោះ​ ។
នៅ​ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ និង​លើក​ទិស​ដៅ​សម្រាប់​អនុវត្ត​ឆ្នាំ​ ២០១១​កាល​ពី​ថ្ងៃ​ទី​ ១៣​ មករា​ ឯកឧត្តម​ រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ រដ្ឋបាល​ព្រៃ​ឈើ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធាន​ការ​ជា​អាទិភាព​ទាំង​ឡាយ​ដែល​អង្គ​ប្រជុំ​របស់​គណៈកម្មាធិការ​ជាតិ​កាល​ពី​ពេល​កន្លង​ទៅ​នៅ​ក្រសួង​កសិកម្ម​ ដើម្បី​​ទប់​ស្កាត់​ លុប​បំបាត់​ និង​បង្ក្រាប​ការ​កាប់​រាន​​ដុត ​ឈូស​ឆាយ​ និង​ហ៊ុម​ព័ទ្ធ​ដី​ព្រៃ​ឈើ​ ដើម្បី​វាត​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​តាម​បណ្តា​ខេត្ត​នានា​ ជា​ពិសេស​ត្រូវ​តាម​ដាន​រាយការណ៍​ឲ្យ​បាន​ទាន់​ពេល​វេលា​អំពី​ដី​កា​ដក​ហូត​ដី​ព្រៃ​ឈើ​ ដើម្បី​ជៀសវាង​ការ​យក​ទៅ​ប្រើប្រាស់​ខុស​ទិស​ដៅ​នោះ​។ ឯកឧត្តម​រដ្ឋមន្ត្រី​ថ្លែង​ថា​ ជាង​នេះ​ទៀត​ រដ្ឋបាល​ព្រៃ​ឈើ​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ការ​បោះ​បង្គោល​ព្រំដែន​ព្រៃ​ឈើ​ឲ្យ​បាន​ឆាប់​រហ័ស​បំផុតដោយ​សហការ​ជា​មួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ទប់​ស្កាត់​ និង​កាត់​បន្ថយ​ការ​រំលោភ​បំពាន​លើ​ដី​ព្រៃ​ឈើ​រដ្ឋ​ ព្រម​ទាំង​ធានា​រក្សា​បាន​ជម្រក​​ព្រៃ​ឈើ ​៦០​%នៃ​ផ្ទៃ​ដី​ប្រទេស​តាម​គោល​ដៅ​អភិវឌ្ឍ​សហវត្ស​ឆ្នាំ​​ ២០១៥​។ ជា​ពិសេស​ ត្រូវ​គិត​បញ្ចូល​ផង​ដែរ​នូវ​ការ​បែង​ចែក​ឲ្យ​បាន​ច្បាស់​លាស់​អំពី​ព្រៃ​ឈើ​របស់​រដ្ឋ​និង​ព្រៃ​ឈើ​ដាំ​ដោយ​រដ្ឋ​ ​និង​ វិស័យ​ឯក​ជន​ក្នុង​នោះ​ត្រូវ​រាប់​បញ្ចូល​នូវ​ព្រៃ​ដាំ​រួម​ទាំង​កៅ​ស៊ូ​ អាកាស្យា​ ដូង​ប្រេង​ ម៉ៃ​សាក់​ដោយ​អនុលោម​ទៅ​តាម​ ស្មារតី​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី៧​ឧសភា​ឆ្នាំ​ ២០១០​កន្លង​មក​នេះ​។ ​ជា​មួយ​នេះ​ដែរ​ នៅ​ក្នុង​រដូវ​ប្រាំង​នេះ​គឺ​មិន​ត្រូវ​ធ្វេសប្រហែស​អំពី​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នោះ​ឡើយ​។
ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​រដ្ឋបាល​ព្រៃ​ឈើ​ត្រូវ​បន្ត​សហការ​ល្អ​ជា​មួយ​អាជ្ញាធរ​ដែន​ដី​ កង​កម្លាំង​ប្រដាប់​អាវុធ​ ព្រះរាជអាជ្ញា​គ្រប់​ថ្នាក់​ ​និង​អង្គភាព​ពាក់ព័ន្ធ​ ដើម្បី​ឲ្យ​ដំណើរ​ការ​អនុវត្ត​ការងារ​វិស័យ​ព្រៃ​ឈើ​ទទួល​បាន​លទ្ធផល​ល្អ​ និង​មាន​ប្រសិទ្ធ​ភាព​។​ ទន្ទឹម​នេះ​ រដ្ឋបាល​ព្រៃ​ឈើ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​តាម​ដាន​ និង​ជំរុញ​ដល់​ស្ថាប័ន​អយ្យការ​ ​និង​សាលា​ដំបូង​រាជធានី​ ខេត្ត​ ដើម្បី​ចាត់​ការ​លើ​សំណុំ​រឿង​បទល្មើស​ព្រៃ​ឈើ​ សត្វ​ព្រៃ​ និង​កាប់​​រាន​ដី​ព្រៃ​ឲ្យ​បាន​ឆាប់​រហ័ស​ផង​ដែរ​។​ នៅ​ក្នុង​សុន្ទរកថា​ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ព្រៃ​ឈើ​បន្ត​ផ្សព្វផ្សាយ​ច្បាប់​ ស្តីពី​ព្រៃ​ឈើ​បទប្បញ្ញត្តិ​ និង​ បទ​បញ្ជា​នានា​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ព្រៃ​ឈើ ​សត្វ​ព្រៃ​ឲ្យ​បាន​កាន់​តែ​ស៊ី​ជម្រៅ​ជ្រួត​ជ្រាប​ទៅ​ឲ្យ​ដល់​មូលដ្ឋាន​ភូមិ​-ឃុំ​ សង្កាត់​ ស្រុក​ ខណ្ឌ​ ក្រុង​ ខេត្ត​ រាជធានី​ទូទាំង​ប្រទេស​ និង​អប់រំ​សាធារណ​ជន​ទូទៅ​ សិស្ស​ និស្សិត​ឲ្យ​ចេះ​ស្រឡាញ់​ព្រៃ​ឈើ​ និង​​ថែរក្សា​ព្រៃ​ឈើ​ជាតិ​ ​ហើយ​ត្រូវ​ពង្រឹង​ប្រព័ន្ធ​តាម​ដាន​ព័ត៌មាន​លក្ខណៈ​ប្រទាក់​ក្រឡា​គ្នា​ និង​ អន្តរាគមន៍​រហ័ស ​ក្នុង​ការ​ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ​នេះ​។
ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ និង​កោត​សរសើរ​ចំពោះ​ថ្នាក់​ដឹក​នាំ​ និង​ មន្ត្រី​គ្រប់​ជាន់​ថ្នាក់​នៃ​រដ្ឋបាល​ព្រៃ​ឈើ​ដែល​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​ស្មារតី​យក​ចិត្ត​ទុក​ដាក់ ​និង​ ទទួល​ខុស​ត្រូវ​ខ្ពស់​ដោយ​ពុះ​ពារ​ជម្នះ​បាន​​គ្រប់​បញ្ហា​ប្រឈម​ និង​ឧបសគ្គ​ទាំង​ឡាយ​រហូត​ដល់​មាន​មន្ត្រី​បាន​ពលី​ជីវិត​ ខ្លះ​ទៀត​ទទួល​នូវ​ការ​ប្រមាថ​កាត​ទាន​ដល់​អាយុ​ជីវិត​យ៉ាង​ណា​ក៏​ដោយក៏​យើង​ទាំងអស់​គ្នា​បាន​ខិត​ខំ​បំពេញ​បេសកកម្ម​របស់​ខ្លួន​ដោយ​ជោគជ័យ​ និង​ទទួល​បាន​លទ្ធផល​ជា​ផ្លែ​ផ្កា​គួរ​ជា​ទី​មោទនៈ​ ក្នុង​ការ​អនុវត្ត​លើ​ការ​គ្រប់​គ្រង​ការពារ​ អភិរក្ស​ និង​អភិវឌ្ឍ​វិស័យ​ព្រៃ​ឈើ​ក្នុង​រយៈពេល​ពេញ​១​ឆ្នាំ​២០១០​ កន្លង​មក​នេះ​។​ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​កត់​សម្គាល់​ពី​ការ​កើន​ឡើង​នៃ​ចំណូល​ព្រៃ​ឈើ​ ដែល​បាន​កើន​ឡើង​ដល់​ ២៥០,៧៤%​ ដែល​ជា​ការ​គួរ​ឲ្យ​កោត​សរសើរ​នោះ​។
ឯកឧត្តម​ ច័ន្ទ​ សារុន​ មាន​ប្រសាសន៍​ថា​ ពិត​ណាស់​គោល​នយោបាយ​វិស័យ​ព្រៃ​ឈើ​ជាតិ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​គឺ​ការ​គ្រប់​គ្រង​ ការពារ​ អភិរក្ស​ និង​អភិវឌ្ឍ​វិស័យ​ព្រៃ​ឈើ​ឲ្យបាន​ប្រកប​ដោយ​ចីរភាព​ និង​​ ការ​ប្រើ​ប្រាស់​ធនធាន​ព្រៃ​ឈើ​សម្រាប់​លើក​កម្ពស់​កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ជន​បទ​ និង​ រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​៕                                            ស្នាយ ពល

No comments:

Post a Comment