Tuesday, January 11, 2011

សហភាព​អឺរ៉ុប ផ្ដល់​ជំនួយ​​ចំនួន ២ លាន​ដុល្លារ ដល់​គម្រោង​សិទ្ធិមនុស្ស​ថ្មី​ចំនួន ៨

ភ្នំពេញ: ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រកាស​ពី​ការផ្តល់​ថវិកា​ចំនួន​ប្រមាណ​១,៦​លាន​អឺរ៉ូ​ឬ​ប្រហែល​ជាង​២​លាន​ដុល្លារ​អាមេរិក​ដល់​អង្គកា​រ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៨ នៅ​កម្ពុជា​សំរាប់​គំរោង​អ្វី​ដែល​គេ​ពិពណ៌នា​ថា បំរើ​ឲ្យ​សកម្មភាព​សិទ្ធមនុស្ស​។​

     ​យោងតាម​សេចក្តីប្រកាស​ពត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ព្រឹក​នេះ ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១១ នេះ​បាន​និយាយថា សហភាព​អឺរ៉ុប​បានសំរេច ផ្ដល់​ជំនួយ​ជា​ទឹក ប្រាក់​ប្រមាណ ១,៦ លាន​អឺរ៉ូ (​ប្រមាណ​ជា​ជាង ២ លាន​ដុល្លារ​សហរដ្ឋអាមេរិក​) ដល់​គម្រោង​ថ្មី​ចំនួន ៨​ដែល​ធ្វើ​កិច្ចការ​ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​និតិរដ្ឋ​នៅ​កម្ពុជា ។ គម្រោង​ទាំងនេះ នឹង​ត្រូវ​អនុវត្ដ ភាគច្រើន ដោយអង្គការក្រៅ រដ្ឋាភិបាល​ក្នុងស្រុក ។​
​    ​សេចក្តីប្រកាស​ដដែល​បាន​និយាយ​​ឲ្យ​ដឹងទៀត​ថា គម្រោង​ទាំង​ប្រាំបី  នេះ ត្រូវបាន​ជ្រើសរើស​ចេញពី​ក្នុងចំណោម​សំណើសុំ​ថវិកា ចំនួន​២៣​ដែល​ត្រូវបាន ធ្វើឡើង​តាមរយៈ​ការប្រកាស់​ឱ្យ​ដាក់​សំណើរ​សុំ​ថវិកា​របស់​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​និង​តាមរយៈ​កម្មវិធី​សិទ្ធិ​មនុស្ស​ជា​សាកល​របស់​សហភាព​អឺរ៉ុប​។    
​    ​គំរោង​ទាំង​៨ ដែល​បាន​ទទួល​ថវិកា​នេះ​មាន ទី​១-​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ទទួលបាន​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​ជាង ៩៥.០០០ អឺរ៉ូ ដើម្បី​អនុវត្ដ គម្រោង​មួយ​ដែល​មាន​រយៈពេល ២៤ ខែ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ផ្ដល់​សិទ្ធិ​អំណាច​ដល់​សហគម​ន៍ ដែល​ងាយ​ទទួល​រងគ្រោះ ដើម្បី​ទប់ស្កាត់​ការរំលោភ​យក​ដីធ្លី​របស់​ពួក​គេ​ដោយ​ខុសច្បាប់ និង ធានា​ធ្វើយ៉ាងណា​ឱ្យមាន​ដំណោះ ស្រាយ​ដោយ​សន្ដិវិធី​និង​សមស្រប​ចំពោះ​ជម្លោះដីធ្លី ។ ទី​២-​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្ដិធម៌​នៅ​កម្ពុជា​ទទួលបាន​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​ជាង​១៣១.០០០​អឺរ៉ូ​សម្រាប់​អនុវត្ដ​គម្រោង​មួយ​ដែល មាន​រយៈពេល​២២​ខែ​ដើម្បី​លើកកម្ពស់​ការយល់ ដឹង​អំពី​សារៈសំខាន់​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន​និង​ការចូលរួម​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​នៅក្នុង​អំឡុង​និង​ក្រោយពេល​បោះឆ្នោត​។​ទី​៣-​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​៣០០.០០០​អឺរ៉ូ​ត្រូវបាន​ផ្ដល់​ដល់​អង្គការ​គាំទ្រ​សហគមន៍​ជនជាតិដើម​ភាគតិច​ដើម្បី​អនុវត្ដ​គម្រោង​មួយ​ដែល មាន​រយៈ ពេល​ចំនួន ៣៦ ខែ នៅក្នុង​ខេត្ដ​រតនគីរី​។ ទី​៤-​អង្គការ​សីល​កា តាមរយៈ​អង្គការ​ដៃគូ​ដែល​មានឈ្មោះ​ថា Dan Church Aid​ទទួលបាន​ជំនួយ​ជា​ទឹកប្រាក់ ចំនួន ២៨៥.០០០ អឺរ៉ូ សម្រាប់​គម្រោង​មួយ​ដែល​មាន​រយៈពេល ៣៦ ខែ  ដែល​ផ្ដោត​ទៅលើ​ការផ្ដល់​សិទ្ធិ អំណាច​ដល់​ស្ដ្រី​កម្ពុជា​ដែល​ជា​អ្នក​ដឹកនាំ​នៅ​ថ្នាក់ក្រោម​ជាតិ និង ផ្ដល់​សេវា​សង្គមកិច្ច​ដែល​ចាំបាច់ ដល់​ក្រុម​ងាយ​រងគ្រោះ​បំផុត នៅ​កម្ពុជា ។​ទី​៥- ទឹកប្រាក់​ចំនួន​ជាង ២៧៧.០០០​អឺរ៉ូ​ត្រូវបាន​ផ្ដល់​ដល់​អង្គការ​ការពារ​យុត្ដិធម៌​កុមារ​ដើម្បី​អនុវត្ដ​គម្រោង​មួយ​ដែល​មាន​រយៈពេល​២៤​ក្នុងការ​ដំណើរការ​លើកកម្ពស់​កា​រ​គោរព​សិទ្ធិ​របស់​កុមារ​ដែល​ជាប់​ពន្ធនាគា​រ ។​ទី​៦- ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា  តាមរយៈ​អង្គការ​ដៃគូ REDD BARNA (​អង្គការ​សង្គ្រោះ​កុមារ​ណរ​វ៉េ​) ទទួលបាន​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​ជាង ៤៨០.០០០ អឺរ៉ូ សម្រាប់​អនុវត្ដ​គម្រោង​មួយ​ដែល​មាន​រយៈពេល ៣៦ ខែ នៅ​ខេត្ដ​បន្ទាយមានជ័យ​និង​សៀមរាប​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​នៃ​ដំណើរ​យុត្ដិធម៌ មួយ​ដែល​មាន​លក្ខណៈ​សមស្រប​សំរាប់​កុមារ និង ការពង្រឹង​ការ​អនុវត្ដ​ន៍​សិទ្ធិ​របស់​កុមារ ដោយ​ផ្អែក​លើ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ច្បាប់​អន្ដរជាតិ ។​ទី​៧- ​ក្លឹប​អ្នកកាសែត​កម្ពុជា​ទទួល​បាន​ទឹកប្រាក់​ប្រមាណ​១០.០០០​អឺរ៉ូ​សម្រាប់​ការរៀបចំ​កិច្ចពិភាក្សា​តុមូល​លើ​បញ្ហា​សិទ្ធិមនុស្ស​និង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​សិទ្ធិ​មនុស្ស​ដល់​អ្នក​សារពត៌មាន​កម្ពុជា​ប្រមាណ ៥០ រូប ដើម្បី​ជំរុញ​ឱ្យមាន​យក​ចិត្ដទុក​ពិភាក្សានិង​រាយការណ៍​អំពី​បញ្ហា​សិទ្ធិមនុស្ស​និង​ទី​៨-​គណៈកម្មាធិកា​រប្រព្រឹត្ដិ​កម្ម​នៃ​អង្គការ​- សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ទទួល​បាន​ជំនួយ​ជា​ទឹកប្រាក់​ប្រមាណ​១០.០០០​អឺរ៉ូ​សម្រាប់​ការរៀបចំ​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពីបញ្ហា​ដីធ្លី​នាពេល បច្ចុប្បន្ន និង ក្របខ័ណ្ឌ​ច្បាប់​ស្ដី​ពី​យន្ដការ​ដោះស្រាយ​ជម្លោះ​ដីធ្លី ។​

ដោយ : សិរី 

No comments:

Post a Comment