Tuesday, January 11, 2011

ចាប់ជនជាតិថៃម្នាក់ដែលចូលដីខ្មែរទាំងយប់

ប៉ោយប៉ែត ៖ នគរបាលការពារព្រំដែនម្នាក់បានប្រាប់ឱ្យដឹងថា ព្រឹកថ្ងៃទី១១នេះ នគរបាលការពារព្រំដែនវរៈលេខ ៩១១ បានប្រទះឃើញជនជាតិថៃម្នាក់ដើរក្នុងព្រៃ ដោយមានស្នាមរបួសលើផ្ទៃមុខផង ហើយបាននាំយកមកស្នាក់ ការដើម្បីសាកសួរព័ត៌មានលំអិត ។
ជនជាតិថៃម្នាក់នេះបានសារភាពប្រាប់នគរបាលថា ខ្លួនឈ្មោះ ភុក ព្រីឆាតថុល អាយុ៧៦ឆ្នាំ អតីតតម្រួតថៃ បច្ចុប្បន្ន ចូលនិវត្ដរ៍ ហើយមានការងារម៉ៅការសំណង់ ។ កាលពីថ្ងៃទី១០ គាត់បានចូលមកលេងកាស៊ីណូប៉ោយប៉ែតម្ដងរួច មកហើយ លុះរសៀលថ្ងៃដដែល គាត់បានចេញត្រឡប់ទៅដីថៃវិញ រហូតទល់ម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១១ គាត់បានពឹងពាក់ជនជាតិថៃ ដើម្បីជួយនាំផ្លូវមកកាន់កាស៊ីណូប៉ោយប៉ែតជាថ្មីម្ដងទៀត ដោយឱ្យ ឈ្នួល៧០០បាតក្នុងការនាំផ្លូវ ។ លុះមកដល់ចំណុចព្រៃព្រិច ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុមអ្នកនាំផ្លូវគាត់ បានព្រួតគ្នាវាយតប់ប្លន់យកលុយអស់ចំនួន២ពាន់បាត និងនាឡិកាដៃមួយគ្រឿង រួចគេចខ្លួនទាំងយប់បាត់អស់ ធ្វើឱ្យ រូបគាត់ដើរវង្វេងក្នុងព្រៃនោះរហូតទល់ភ្លឺ ហើយត្រូវបាននគរបាលការពារព្រំដែនកម្ពុជាចាប់ឃាត់ខ្លួនតែម្ដង ។
មន្ដ្រីនគរបាលបានបញ្ជាក់ថា ជនជាតិថៃរូបនេះកំពុងស៊ើបសួរយ៉ាងលំអិត ដើម្បីឱ្យដឹងច្បាស់ថា មូលហេតុពិតប្រាកដ ជាអំពើប្លន់មែន ឬយ៉ាងណា ?

ដោយ​ ៖ ប៊ុន ថន

No comments:

Post a Comment