Saturday, January 29, 2011

កងទ័ព​ថៃ បន្ត​បញ្ជូនមក​ព្រំដែន​កម្ពុជា ដោយ​មាន​ទាំង​ការជីក​លេណដ្ឋាន​

ព្រំដែនកម្ពុជា-ថៃ: ចាប់​តាំងពី​ព្រឹក​ព្រលឹម រហូត​ដល់​រសៀល​ថ្ងៃ​ទី​២៩​មករា ឆ្នាំ​២០១១ នៅ​ចំណុច​មុខ​តំបន់​ប្រាសាទ​ព្រះវិហារ តំបន់​សំបុក​ឃ្មុំ តំបន់​វាល​ឥ​ន្ទ្រី កងទ័ព​ថៃ បាន​ជីក​លេណដ្ឋាន ជា​លក្ខណៈ​ត្រៀមប្រយុទ្ធ​។ លេណដ្ឋាន​ទាំងនោះ ត្រូវ​បាន​ជីក​ក្នុង​តំបន់​ទឹកដី​ថៃ​។​

​    ​ដោយឡែក​កាលពី​ម៉ោង ៧ និង ៣០ នាទី ព្រឹក​ថ្ងៃ​ទី​២៩​មករា​នេះ នៅ​ចំណុច​ប៉ុស្តិ៍​ចុង​ព្រិច ប្រឈម​នឹង​ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ កងទ័ព​ថៃ ក៏​ត្រូវបាន​បញ្ជូន​ចូល​ក្នុង​កង​រយ​ឈុតខ្មៅ​លេខ ២៣០១ ផងដែរ​។​
​    ​ជាមួយ​នឹង​ការបង្កើន​កម្លាំង​ទ័ព និង​ការជីក​លេណដ្ឋាន​តាម​ព្រំដែន​កម្ពុជា កងទ័ព​ថៃ​ក៏​បាន​បញ្ជា​យន្តហោះ​ស៊ើប​ការណ៍ ហោះ​ចុះឡើងៗ នៅ​ចំណុច​ភ្នំ​ត្បាល់ រហូត​ដល់​ច្រក​ជាំ​ស្រ​ងាំ កាលពី​ម៉ោង ២ រសៀល​ថ្ងៃ​ទី​២៩​មករា ឆ្នាំ​២០១១​។​
​    ​ចំពោះ​ទង្វើ​របស់​កងទ័ព​ថៃ​ទាំងនេះ ត្រូវបាន​កងទ័ព​កម្ពុ​ជា ចាត់ទុកថា ជា​ការរំលោភ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា ព្រោះ​ការ​យន្តហោះ​ស៊ើបការណ៍​ថៃ​នោះ បាន​ហោះ​ឆ្លងកាត់​ប៉ុស្តិ៍​ព្រះ​ប្រឡាយ របស់​កម្ពុជា ដែល​ស្ថិត​ក្នុង​ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ក្នុង​ខេត្ត​ឧត្តរមានជ័យ​។​
​    ​ចាប់តាំងពី​ថ្ងៃ​ទី​២៧​មករា កងទ័ព​ថៃ​រាប់រយ​នាក់ ប្រដាប់​ដោយ​អាវុធ សព្វាវុធ​ធុន​ធ្ងន់ រថក្រោះ និង​រថពាសដែក ត្រូវបាន​បញ្ជូន​មកកាន់​តំបន់​ព្រំដែន​កម្ពុជា ពិសេស​ព្រំដែន​ប្រាសាទ​ព្រះវិហារ​។ 
​    ​ចំពោះមុខ​សភាពការណ៍​បង្ក​ជំលោះ​របស់​ថៃ​ដូច្នេះ កម្ពុជា ក៏​បាន​បញ្ជូន​កងទ័ព សព្វាវុធ​ធុន​ធ្ងន់ រថពាសដែក និង​រថក្រោះ​ជាច្រើន​គ្រឿង ទៅ​កាន់​តំបន់​ព្រំដែន ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​របស់​ថៃ​។ ក្បួនកងទ័ពកម្ពុជាបានចេញដំណើរពីបន្ទាយលង្វែក ក្នុងខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៨មករា ឆ្នាំ២០១១៕​

ដោយ : លី ទីដែន

No comments:

Post a Comment