Thursday, January 20, 2011

អាស៊ីសេរី បញ្ជាក់​ជំហរ ជុំវិញ​ការផ្សាយ​ព័ត៌មាន ដែល​រដ្ឋាភិបាល​ចាត់ទុកថា លម្អៀង​

ភ្នំពេញ: វិទ្យុ​អាស៊ីសេរី RFA ដែល​មាន​មូលដ្ឋាន​ធំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជា​បន្ទាន់​មួយ ចុះ​ថ្ងៃ​ទី​១៩​មករា ឆ្នាំ​២០១១ ដើម្បី​បញ្ជាក់​ពី​ជំហរ ចំពោះ​រាល់​សំណួរ​នានា ទាក់ទង​នឹង​ការចាក់ផ្សាយ​ព័ត៌មាន​របស់​ខ្លួន​។ សេចក្តីប្រកាស​របស់​វិទ្យុ​អាស៊ីសេរី​នេះ ក៏​ដើម្បី​ឆ្លើយតប​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ផងដែរ​។ 

​    ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ជា​ភាសា​អង់គ្លេស ចេញ​ផ្សាយ​ពី​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី ដែល​បាន​ចែកចាយ​ដល់​ក្រុមអ្នកកាសែត នា​ព្រឹក​ថ្ងៃទី​២០​មករា ឆ្នាំ​២០១១ វិទ្យុ​អាស៊ីសេរី បានបង្ហាញ​ថា ក្នុងនាម​ជា​អង្គភាព​ព័ត៌មាន​ឯករាជ្យ​មួយ វិទ្យុ​អាស៊ីសេរី មិន​យល់ព្រម ឬ​ក៏​មិន​កាន់ជើង​ភាគី​ណា លើ​បញ្ហា​អ្វីមួយ ដែល​បាន​ផ្សាយ​ចេញ​នោះទេ​។ ជំនួយ​មកវិញ បេសកកម្ម​របស់​វិទ្យុ​អាស៊ីសេរី គឺ​ការផ្សព្វផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ ដំណឹង​មិន​កាន់ជើង​ខាង​ណា និង​ផ្តល់​វេទិកាឲ្យមាន​ការបញ្ចេ​ញមតិ ទស្សនៈ និង​គំនិត​យោបល់​នានា​។     ​
​    ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក៏បាន​លើកឡើង​ថា រាល់​សំណួរ​នានា ដែល​ទាក់ទង​នឹង​ការរិះគន់​ក្នុងការ​ចាក់​ផ្សាយ​នូវ​ព័ត៌មាន គួរ​គប្បី​តែ​សំដៅ​ទៅ​កាន់​បុគ្គល ដែល​បាន​ធ្វើ​អត្ថាធិប្បាយ​ដោយផ្ទាល់ មិនមែន​សំដៅ​មកកាន់​វិទ្យុ​អាស៊ីសេរី​ទេ​។ ម្យ៉ាងវិញទៀត ខណៈ​ដែល​ប្រទេស​កម្ពុជា កំពុងតែ​បន្ត​ជ្រោមជ្រែងបង្កើនឲ្យមាន​តម្លាភាព គឺ​រាជរដ្ឋាភិបាល​កម្ពុជា​គប្បី​ចង​ចាំ​ថា សេរីភាព​បញ្ចេញមតិ រាប់​ទាំង​ក្រុមប្រឆាំង និង​ការរិះគន់​លើ​មន្ត្រី​គណបក្សកាន់អំណាច និង​នយោបាយ​នានា គឺជា​ការបើកចំហរ និង​សង្គម​ប្រជាធិបតេយ្យ​។​
​    ​ជា​ការកត់សម្គាល់ សេចក្តីប្រកាស​របស់​វិទ្យុ​អាស៊ីសេរី​ខាងលើនេះ បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ​សេចក្តីថ្លែងការណ៍​ជា​ចំហរ ដោយ​បាន​ចាត់ទុកថា បទ​វិចារណកថា​របស់​វិទ្យុ​អាស៊ីសេរី ជា​ខេមរភាសា ចាក់​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៤​មករា ឆ្នាំ​២០១១ និង​ចាក់ផ្សាយ​ឡើងវិញ នៅ​ថ្ងៃ​ទី​១៧​មករា ឆ្នាំ​២០១១ បាន​បំភ្លៃ ដោយ​ធ្វើ​ការវាយប្រហារ​នយោបាយ​លើ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ នោះ​គឺ​ការ​ស្រង់​សម្តី​របស់ លោក ប្រេដ អាដាម របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ដែល​បាន​រិះគន់​លើ​សម្តេច ហ៊ុន សែន ចំពោះ​ការ​ដែល​សម្តេច បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​យូរ​ឆ្នាំ​។ សម្តេច ហ៊ុន សែន បាន​ឡើងកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ចាប់តាំងពី​ថ្ងៃ​ទី​១៤​មករា ឆ្នាំ​១៩៨៥​។​
​    ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ រដ្ឋាភិបាល​បាន​គូសបញ្ជាក់ថា ចំណុច​សំខាន់​ក្នុង​អត្ថបទ​របស់​វិទ្យុ​អាស៊ីសេរី​នោះ គឺ​មិនមែន​ដើម្បី​អបអរសាទ​ចំពោះ​ការបំរើ​ប្រទេស​កម្ពុជា​អស់​រយៈពេល ២៦ ឆ្នាំ របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ប៉ុន្តែ​វា​ជា​ការប៉ុនប៉ង​ដកហូត​សិទ្ធិ​អ្នក​បោះឆ្នោត ដែល​បាន​បោះឆ្នោត​ជ្រើសរើស​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឆ្នាំ​២០០៨ និង​ជា​ការបំផ្លាញ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ជា​ការលើកតម្កើង​គណបក្ស​ប្រឆាំង​ជាមួយ​នឹង​ការ​សម្លឹង​ឆ្ពោះទៅ​កាន់​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ​២០១៣ ទៅវិញ​ទេ​។​
​    ​សេចក្តីថ្លែងការណ៍​ក៏​បាន​កត់សម្គាល់​ថា ជាមួយនឹង​បទ​វិចារណ​កថា មាន​ភាព​រើសអើង​ប្រឆាំង​ដ៏​ធ្ងន់ធ្ងរ​នោះ ក៏​បាន​ធ្វើឲ្យ​គេ​ដឹងថា វិទ្យុ​អាស៊ីសេរី កំពុង​ធ្វើ​ការប្រកាស​នូ​វ​ការចាប់ផ្តើម​នៃ​រដូវ​កាល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត សម្រាប់​អាណត្តិ​ក្រោយ​ហើយ​៕​

ដោយ : លីហូវ CEN

No comments:

Post a Comment