Thursday, January 20, 2011

លោក​សៅ សុខា​បញ្ជា​ឱ្យ​បញ្ជូន​ខ្លួន សំបូរ ចន្ទ័​វណ្ណា មក​តុលាការ​

ភ្នំពេញ​: លោក សៅ សុខា មេ​បញ្ជា​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មិន​ព្រម​ឱ្យ​មាន​ការសម្របសម្រួល​ក្រៅ​ប្រពន្ធ​តុលាការ​រឿង​បាញ់​បោះ​របស់​ប៉េអឹម​ឈ្មោះ សំបូរ ចន្ទ័​វណ្ណា ហៅ​សិលា​ទេ​។ 

​លោក​បាន​បញ្ជា​យ៉ាង​ដាច់​ណាត់​ទៅ​លោក​យ៉ា គឹមអ៊ី មេបញ្ជាការ​ប៉េអឹម​ក្រុង​ឱ្យ​ចាប់​បញ្ជូន​ខ្លួន​ប៉េអឹម​រូបនេះ​មក​តុលាការ​ជា​បន្ទាន់ដោយ​មិន​អាច​អត់ឱន​ឡើយ​។ មុន​នេះ​បន្តិចជនរងគ្រោះ​ដោយ​ការបាញ់បោះ​របស់​ប៉េអឹម​ក្រុង​ម្នាក់​ត្រូវបាន​សម្របសម្រួល​ត្រឹម​សងលុយ​។ គ្រួសារ​ជនរងគ្រោះ​បាន​សុខចិត្ត​ដក​ពាក្យបណ្តឹង​ដោយ​សុំ​មិន​ឱ្យ​តុលាការ​ផ្តន្ទាទោស​ជនល្មើស​ឡើយ​បន្ទាប់ពី​ទទួលបាន​សំណង​៥០០០​ដុល្លារ​។ ប៉ុន្តែ លោក សៅ សុខា មិន​ព្រម​ឱ្យ​មាន​ការ​ស​ប្រប​សម្រួល​ទេ​។​

​សូម​រំលឹក​ថា ជនល្មើស​បាន​បាញ់​ទៅលើ​ស្ត្រី​ម្នាក់ ដែលជា​អ្នកលក់ដូរ​គ្រឿងក្រអូប គ្រឿង​ប្រាក់ និង​គ្រឿង​កាលៃ នៅ​ផ្សារ​ចាស់ បណ្តាលឲ្យ​របួស​ជើងឆ្វេង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​១៨ មករា ២០១១​។​

 ស្ត្រី​ដែល​រងគ្រោះ ដោយ​ការបាញ់ឲ្យ​បាក់​ជើង​ឆ្វេង​ឈ្មោះ ស្រី និច អាយុ ១៨​ឆ្នាំ លក់​គ្រឿងក្រអូប និង​គ្រឿង​កាលៃ តូប​លេខ​១៦​ផ្សារ​ចាស់ ។ ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា​។ ជនល្មើស សំបូរ ចន្ទ័​វណ្ណា ហៅ​សិលា​មាន​អាយុ​២៤​ឆ្នាំ​៕

ដោយ : រតនា CEN

No comments:

Post a Comment