នៅស្ពានពេជ្រនៃមជ្ឈមណ្ឌលកោះពេជ្ររាជធានីភ្នំពេញ វេលាម៉ោង ៧ និង៥នាទី ព្រឹកថ្ងៃ ទី២៥ ខែ វិច្ឆិកា ឆ្នាំ២០១០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយនិងថ្នាក់ដឹកនាំជាន់ខ្ពស់ដែលជាសមាជិកសមាជិការ រាជរដ្ឋាភិបាលជាច្រើនរូបទៀតបានអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ចំពោះ ប្រជាពលរដ្ឋដែលទទួលរងគ្រោះ រហូតដល់មរណៈភាពដោយឧបទ្ទវហេតុកាលពីរាត្រីថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។
នៅក្នុងឱកាសអុជធូបទៀន ដើម្បីគោរពវិញ្ញាណក្ខន្ធតាមប្រពៃណីព្រះពុទ្ធសាសនា សម្តេចនិងលោកជំទាវ ដែលមានសេចក្តីរន្ធត់ សោកស្តាយបានបង្ហូរទឹកភ្នែកសោកសង្រេង ចំពោះមរណៈភាពរបស់ប្រជាពលរដ្ឋ ដែលមិនដែលមានសោះក្នុងរយៈពេល៣១ឆ្នាំកន្លងមក បន្ទាប់ ពីគណបក្សប្រជាជនកម្ពុជាបានរំដោះប្រជាពលរដ្ឋឲ្យរួចផុតពី របបប្រល័យពូជ សាសន៍ប៉ុលពតនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ដោយបានតាមដាននិងពិនិត្យសភាពការណ៍តាំងពីរាត្រីថ្ងៃទី២២ រហូតដល់ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១០ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្រេចបង្កើតគណៈកម្មការ និង អនុគណៈកម្មការ ដែលមានឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជាប្រធាន ដើម្បីស្រាវជ្រាវរកមូលហេតុនៃ ការកើតឡើងនូវ ឧបទ្ទវហេតុស្ពានពេជ្រនេះ និងបានប្រកាសយកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១០ ជាថ្ងៃកាន់ ទុក្ខទូទាំងប្រទេស ដោយតម្រូវឲ្យក្រសួង ស្ថាប័ន គ្រឹះស្ថានរដ្ឋ និងឯកជននានាបង្ហូត ទង់ជាតិពាក់កណ្តាលដង ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ។
យោងតាមសេចក្តីជូនដំណឹងលេខ 0៧៤សអយ ចុះហត្ថលេខាដោយឯកឧត្តម អ៊ិត សំហេងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានអនុគណៈកម្មការ ដោះស្រាយការងារបន្ទាន់លើករណីឧបទ្ទវហេតុបានឲ្យដឹងថាៈ រហូតដល់ម៉ោង០០ និង ៣0នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១០ ការផ្ទៀងផ្ទាត់សម្រេចបានលទ្ធផលដូចតទៅ៖
១-ចំនួនជនរងគ្រោះដែលបានទទួលមរណៈភាពសរុបចំនួន ៣៤៧ នាក់ ក្នុងនោះមានប្រុស ១២៦នាក់ និងស្រី ២២១នាក់។ សពជនរងគ្រោះត្រូវបានចាត់ចែងបញ្ជូនដល់ លំនៅដ្ឋាន របស់ក្រុមគ្រួសារ និងបានចាត់ចែងពិធីបុណ្យតាមប្រពៃណី ដោយមានការជួយឧបត្ថម្ភ និងការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិ។
២- អ្នករងរបួសចំនួន៣៩៥ នាក់កំពុងសំរាកនៅតាមមន្ទីរពេទ្យនានា និងទទួលបានការ ព្យាបាលពីមន្ទីរពេទ្យដោយឥតគិតថ្លៃ និងទទួលបានការឧបត្ថម្ភពីកាកបាទក្រហមកម្ពុជា និងសប្បុរសជនជាច្រើន។
នៅក្នុងការចូលរួមការគោរពវិញ្ញាណក្ខន្ធក្រៅពីប្រតិភូរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេច តេជោ និងលោកជំទាវ ក៏មានប្រតិភូគណបក្សប្រជាជនកម្ពុជា ប្រតិភូរដ្ឋសភា ព្រឹទ្ធសភា កាកបាទក្រហមកម្ពុជា សាលារាជធានីភ្នំពេញផងដែរ។
ឧបទ្ទវហេតុស្ពានពេជ្រ ដែលបណ្តាលឲ្យមានប្រជាពលរដ្ឋស្លាប់ និងរងរបួសជាច្រើននាក់ ត្រូវបានអះអាងដោយ សម្តេចតេជោនាយករដ្ឋមន្រ្តីថា ករណីនេះមិនបណ្តាលមកពីអំពើ ភេរវកម្មណាមួយនោះឡើយ។ សម្តេចតេជោបានអំពាវនាវឲ្យអ្នកទេសចរណ៍ អ្នកវិនិយោគ ទុន ធុរកិច្ចនានា រក្សាភាពស្ងប់ស្ងាត់កុំជ្រួលច្របល់ ហើយសូមឲ្យបន្តការងារជាធម្មតា។
No comments:
Post a Comment