Thursday, December 30, 2010

លោកអាប់ភីស៊ីត ទាមទារ​​ឱ្យដោះលែង​​​ពលរដ្ឋ​​របស់ខ្លួន​ជា​បន្ទាន់ ដោយ​យក​សភាពការណ៍​​បច្ចុប្បន្ន​​ធ្វើជា​ចំណាប់ខ្មាំង

នាយករដ្ឋ​មន្ត្រី​​ថៃ លោក​អាប់ភីស៊ីត​ វ៉េ​ចាជី​វ៉ា ​នៅថ្ងៃទី​​៣០ ធ្នូ បានទាមទារ​​​ឱ្យ​មាន​ការ​​​ដោះ​លែង​​ពលរដ្ឋ​ថៃ​​ទាំង​​៧​នាក់ជា​បន្ទាន់​
នាយករដ្ឋ​មន្ត្រី​​ថៃ លោក​អាប់ភីស៊ីត​ វ៉េ​ចាជី​វ៉ា ​នៅថ្ងៃទី​​៣០ ធ្នូ បានទាមទារ​​​ឱ្យ​មាន​ការ​​​ដោះ​លែង​​ពលរដ្ឋ​ថៃ​​ទាំង​​៧​នាក់ជា​បន្ទាន់​ដែលក្នុង​នោះ​មានម្នាក់​​ជាសមាជិក​គណបក្ស​​របស់​លោក​ត្រូវ​​បានចាប់ខ្លួន​ដោយ​​កងទ័ព​​កម្ពុជា​នៅ​តំបន់​ក្បែរ​​ព្រំដែន​​រវាង​ប្រទេសថៃ​-​កម្ពុជា កាលពី​ព្រឹក​​ថ្ងៃទី​​២៩ ធ្នូ ២០១០ កន្លង​មក ។ ទីភ្នាក់ងារ​​សារព័ត៌មាន​បារាំង AFP បានដក​ស្រង់​​សំដីលោកអាប់ភីស៊ីត ថា កម្ពុជា ត្រូវ​តែ​ដោះលែងពល​​រដ្ឋ​ថៃទាំង​​៧នាក់នោះជា​បន្ទាន់ ​ហើយ​​មិន​គួរ​យក​ករណីនេះ​ឡើង​តុលាការ​​នោះ​ទេ ពីព្រោះ​​វា​ធ្វើ​​​ឱ្យ​​បញ្ហា​ដែល​​មានស្រាប់​រវាង​​ប្រទេស​​ទាំង​២ កាន់តែ​មាន​​សភាព​តាន​តឹង​ឡើង​ ។​ លោកកាស៊ីត ភិរម្យ ​រដ្ឋ​មន្ត្រី​ក្រសួង​​ការ​បរទេស​​នឹង​ធ្វើ​ដំណើរ​​ទៅកាន់ប្រទេស​​កម្ពុជា ​នៅ​ថ្ងៃ​នេះ (៣០ ធ្នូ) ដើម្បី​ជួប​ចរចា និង​​ពិភាក្សា​​ជាមួយ​​សម​ភាគីកម្ពុជា ស្តី​អំពី​បញ្ហា​​​ចាប់ខ្លួន​ពល​រដ្ឋ​​ថៃ​ទាំង​៧​នាក់នោះ ។​
លោកស៊ូថេប ​ធឿក​សូបាន់ បាន​ថ្លែង​​ក្នុង​បញ្ហា​នេះផងដែរ​ថា ​រូបលោក​ និង​លោកនាយក​រដ្ឋ​​មន្ត្រី​​អាប់ភីស៊ីត ​បានទាក់ទង​ទៅរដ្ឋាភិបាល​​កម្ពុជា ក្រោយ​ពីទទួលបាន​ដំណឹង​អំពីការ​​ចាប់​ខ្លួន​​​ពលរដ្ឋ​ថៃ​៧​នាក់នោះ ដើម្បីឱ្យ​​មាន​ការ​ដោះ​លែង​ ប៉ុន្តែ​កម្ពុជា​​បានបដិសេធ​​មិនទទួល​​យក​សំណើរបស់​​​លោកឡើយ ។ លោកស៊ូថេប បាន​អះអាងបញ្ចាក់​ថា ​រដ្ឋាភិ​បាល​​​លោក​អាប់ភីស៊ីត ​នឹង​ព្យាយាម​ខិតខំ​ប្រឹង​ប្រែង​​ឱ្យ​អស់​ពីសមត្ថ​ភាព​​ដើម្បី​​ជួយ​ពលរដ្ឋ​​ថៃ​​ទាំង​៧​នាក់​​នោះ ឱ្យ​បាន​​មក​​កាន់ប្រទេស​ថៃ​វិញ។
​គួរ​រំលឹក​​ឡើង​វិញ ទាក់​ទិន​​នឹង​​បញ្ហា​​នេះ​សម្តេច​​តេជោហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​ បាន​ប្រកាស​ថា សមត្ថ​កិច្ច​​ការពារព្រំដែន​​ និង​អាជ្ញា​ធរ​​ដែនដី ត្រូវ​តែនាំ​​ជន​ជាតិ​​ថៃ​​៧​នាក់​​ ជាក្រុម​​អាវលឿង ​ដែលចាប់បាន​​នៅ​ឯព្រំដែន​​​ក្នុងទឹកដី​កម្ពុជា​នោះឡើង​តុលាការ​​ឱ្យ​​ខាង​តែ​បាន ​ព្រោះ​ជា​​​កំហុស​​របស់ពួកគេ​​​ហ៊ាន​​រំលោភ​​​​អធិបតេយ្យ​ភាព​​​របស់​កម្ពុជា ។​ ការចាប់​បាន​​ក្រុមអាវ​លឿង​​ជនជាតិថៃ​​៧​នាក់ ក្នុងនោះ​​មានសមាជិក​​សភា​​២​នាក់ផង ត្រូវ​បាន​​សម្តេច​តេជោ​​ហ៊ុន សែន ​សង្កត់ធ្ងន់​ថា ​រឿង​ប្រព្រឹត្ត​​​ខុសច្បាប់​​​លុកលុយទឹក​ដីគេនេះ ​បើ​ទោះ​​ជាមាន​​អន្តរាគមន៍​​​សុំ​ឱ្យ​ដោះ​លែង​សមាជិក​​សភា​ថៃ​២នាក់​នោះ​ក៏ដោយ ​ក៏​យើង​​​មិនអាច​ជួយបាន​​ដែរ ព្រោះ​​ពួកគេ​​យករឿង​ខុស​មក​ជា​មួយ​...។​ ពិត​មែន​​តែ​អ្នកឯង​​ជា​សមាជិក​សភា​ថៃ...​ប៉ុន្តែ​​​​សមាជិក​សភា​ថៃ មាន​អភ័យ​ឯកសិទ្ធិ​​តែ​នៅក្នុង​ទឹកដី​​ថៃ​ប៉ុណ្ណោះ អ្នកឯង​គ្មាន​​អភ័យ​​ឯក​សិទ្ធិ​​នៅក្នុងទឹក​ដីកម្ពុជា​ទេ​...​អ្នក​ឯង​​​ចូលក្នុង​ទឹក​ដី​កម្ពុជា​​ខុសច្បាប់ ​នាំ​រឿង​ខុស​ច្បាប់​​មក​ជា​មួយ​ទៀត ដូច្នេះ​​បន្ទុក​កាន់តែ​​ធ្ងន់​ហើយ​...​ត្រូវ​​តែ​ឃាត់​​ខ្លួន​​​កសាង​​សំណុំរឿង​​បញ្ជូនទៅ​តុលាការ​​ជំនុំជំរះ​តាម​​នីតិវិធី ។

No comments:

Post a Comment