Thursday, December 30, 2010

ជនជាតិ​ថៃ​៧​នាក់​​​ត្រូវ​បានបញ្ជូន​​មក​ដល់​តុលាការ​​រាជធានី​​ ខណៈ​អ្នក​​កាសែត​​រង់​ចាំ​​យ៉ាង​កុះករ

រាជធានីភ្នំពេញ​ ៖ ​ជនជាតិថៃ​​៧​នាក់​​ដែល​ចូល​លុក​លុយទឹកដី​កម្ពុជា​​ នៅឯ​ព្រំដែន​ ហើយ​ត្រូវ​​​ទាហាន​​ការពារ​ចាប់ឃាត់ខ្លួនបញ្ជូន​មក​កាន់​រាជ​ធានីភ្នំពេញ ​កាលពីយប់មិញ​​នោះ ​ត្រូវ​បាន​​​បញ្ជូន​ទៅកាន់​តុលាការ​​​ហើយកាលពី​វេលា​​ម៉ោង​​១០ព្រឹក ​ថ្ងៃ​ទី​៣០ ធ្នូ ២០១០ ​ខណៈ​អ្នកកាសែត​​​រង់ចាំ​ថត​រូប និងយកព័ត៌មាន​​យ៉ាង​ច្រើនកុះករ ។ លោក​ឧត្តម​សេនីយ៍​ឯក​​ខៀវ សុភ័គ ​បាន​ឱ្យ​​​ដឹង​ផងដែរ​ថា ​បន្ទាប់​​ពីចាប់ខ្លួន​​ជនជាតិថៃ​​៧​នាក់​​​កាលពីព្រឹកថ្ងៃទី​​២៩ ​ធ្នូ ២០១០ នៅ​ឯ​ព្រំ​ដែន​​​អូរបីជាន់​ ក្នុងទឹក​​ដីកម្ពុជា​រួចមក ​ពួកគេ​ត្រូវ​​បាន​បញ្ជូន​​​មកឃុំខ្លួន​នៅ​នាយកដ្ឋាន​​អន្តោប្រវេសន៍​​​ក្រសួង​មហាផ្ទៃ​​​កាលពីវេលាជិតពាក់​កណ្តាល​​​អធ្រាត្រ​...​​ហើយព្រឹកនេះ​​ (ថ្ងៃទី​​៣០ ធ្នូ ២០១០) ​​​ត្រូវបញ្ជូន​ទៅកាន់​តុលា​ការ​​ដើម្បី​​សំរេច​ទៅ​តាម​​នីតិវិធី ។​ នៅឯ​សាលា​ដំបូង​​រាជធានីភ្នំពេញឯ​ណោះ​វិញ ​ព្រឹកថ្ងៃទី​​​៣០ ធ្នូ ​២០១០ នេះដែរ គេ​ឃើញ​​ក្រុម​អ្នកកាសែត​​ច្រើនកុះករ​​រង់ចាំ​​​ជា​ស្រេច​​ ដើម្បី​ថត​​រូបជនជាតិថៃ​​៧​នាក់ និងស្តាប់​​ការ​សំរេច​របស់​តុលាការ ​ខណៈ​សមត្ថ​កិច្ច​​បាន​​​​បញ្ជូន​ពួក​​ថៃ​​៧​នាក់នោះ ទៅដល់​តុលាការ​​ភ្លាមៗ។​
សូម​បញ្ជាក់​ថា ក្រុមជ្រុល​និយម​អាវលឿង ​សៀម​៧​នាក់​​នេះមាន​ស្រី​២ ប្រុស​៥ ត្រូវបាន​​កំលាំង​​សមត្ថកិច្ច​​ជួរមុខបន្ទាត់ព្រំដែន​​ភូមិសាស្ត្រ​​​​ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ​​ធ្វើការ​​ឃាត់ខ្លួន​​ ខណៈ​ពេល​​គេបាន​​ចូលមក​ធ្វើការ​​វាស់វែង​ក្នុង​​
ទឹ​កដី​​កម្ពុជា​​​​ដោយខុសច្បាប់​​​កាលពីវេលាម៉ោង​​១០​និង​​៣០​​នាទីព្រឹក​ថ្ងៃទី​​២៩ ធ្នូ ​២០១០ ។ ក្រុម​​អា​វលឿងមួយក្រុម​​នេះគឺ​ដឹកនាំ​ដោយ​​ឈ្មោះ​​វីរៈ​ ស៊ុម​ខ្វាមឃីត ហៅ​វិរៈ​​ក្បាល​តូច មេ​ក្រុម​​អាវ​លឿងសៀម ព្រមទាំង​​៦​នាក់​​​ផ្សេង​​ទៀត  គឺ​១-​ឈ្មោះ​​តាយ ណៃ ភេទ​ប្រុស អាយុ​​៣៤​ឆ្នាំ ​២-​ឈ្មោះ​​ផាន ​លីត​វិគីតសែត ភេទ​ប្រុស ​អាយុ​​៤៧​ឆ្នាំ ​ជា​សមាជិក​​សភា​​ភូថៃ​រ៉ាត់​សាដន ក្រុង​ថែប ៣-​ឈ្មោះ​​កត់​ផុន​ផន​ឈឺ​ឆាក់​សេរី​​​មុនស្រ៊ី ​ភេទ​​ស្រី អាយុ​​៤៨​ឆ្នាំ ​៥-​ឈ្មោះ​ឡាត ​ទ្រី​ភិផាក​ណា​ផៃ ភេទ​ស្រី​​ អាយុ​​៥០​ឆ្នាំ ​៦-​ឈ្មោះ​​លឿ ទ្រី​សែម​ឌីន លើ​តបុត​ ភេទ​ប្រុស អាយុ​​​៥៧​ឆ្នាំ ជា​​លេខា​ធិការ​បក្ស​​​អាវ​លឿង ។ ក្រៅពី​​ការឃាត់ខ្លួន​ក្រុមជ្រុល​​និយម​​មួយ​ក្រុមនេះ កំលាំង​​ការពារ​ព្រំដែន​​ជួរ​មុខ ​ដក​ហូត​បាន​ម៉ាស៊ីន​ថត​ចំនួន​​​៤គ្រឿង និង​​សំភារ​មួយ​ចំនួន ។ ​ពួកគេ​​ទាំង​​៧​នាក់​​បាន​លួច​ចូលមក​ទឹកដីកម្ពុជា នៅ​ចំណុច​បង្គោល​ឡាក់​​លេខ​៤៦​ ស្ថិត​​​​ក្នុង​ភូមិ​​​ជោគជ័យ​​​ ឃុំ​អូរបីជាន់ ស្រុកអូរ​ជ្រៅ ​​ខេត្ត​​បន្ទាយមានជ័យ គឺ​ឆ្លង​​ហួស​​ចូល​មក​ទឹកដីកម្ពុជា ​​ដោយ​គ្មាន​ការ​​អនុញ្ញាត​​​ និង​ផ្តល់​​ព័ត៌​មាន​​ឱ្យស​មត្ថ​កិច្ច​​ ឬអាជ្ញាធរ​​ខ្មែរឡើយ ៕
ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment