Monday, February 07, 2011

បទ​អត្ថាធិ​ប្បាយ៖ អាប់​ភី​ស៊ីត​ ជានាយក​រដ្ឋមន្ត្រី​ល្មោភ​សង្គ្រាម​

        ​នាយក​រដ្ឋមន្ត្រី​ថៃ​ អាប់​ភី​ស៊ីត​ វេចាជី​វ៉ាក់ បាន​បញ្ជាឲ្យ​កង​ទ័ពរបស់​ខ្លួន​បាញ់​បំ​ផ្លាញ​វត្ត​កែវ​សិក្ខាគី​រី​ស្វារៈ បង្កការខូច​ខាត​ទ្រព្យសម្បត្តិ​ ​ស្លាប់​ និង​របួសកងទ័ព ​ប្រជាពល​រដ្ឋខ្មែរ ជាពិសេស ​ស្នាម​គ្រាប់​កាំ​ភ្លើង​តូច​ធំ​​ជាច្រើនគ្រាប់​  បាន​ប៉ះ​ត្រូវ​​យ៉ាង​ដំ​ណំតួ​ប្រាសាទ​ព្រះ​វិហារ​ និង​​តំ​បន់​​ជុំ​វិញ​នោះ ដែល​ត្រូវ​បា​នសម្រេច​តាម​ច្បាប់​​រួច​រាល់ហើយ​​ ដោយ​​​​​​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទី​ក្រុង​ឡា​​អេ កាលថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦​២ ថា ជាកម្ម​សិទ្ធិ​របស់​ព្រះ​រាជាណាចក្រកម្ពុជា។
          កាល​ពីល្ងាចថ្ងៃ​ទី​៤ និង​ព្រឹក​ថ្ងៃ​ទី​៥ និង​ព្រលប់​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១១ កងទ័ព​ថៃបាន​រំ​លោភ​​ឈ្លាន​ពានជ្រៀត​​ចូល​ក្នុង​ទឹក​ដី​​កម្ពុជា​ នៅ​លើ​ទី​តាំង​​៦​ចំ​នុច គឺ​តំ​បន់​ឃ្មុំ ស្ថិត​នៅ​ចម្ងាយតែ​៥០០ម៉ែត្រ ពី​ជណ្តើ​រ​​​ប្រាសាទ​ព្រះ​វិហារ តំ​បន់​ភ្នំ​ទ្រព្យ ចម្ងាយប្រមាណ​១.៦០០ ម៉ែត្រ​ពី​ព្រំ​ដែន​​​ តំ​បន់​វាល​ឥន្ទ្រីយ៍ ចម្ងាយប្រមាណ​១.១២០ ម៉ែត្រពី​ព្រំ​ដែន​ និង​នៅ​ចំ​នុច ចាក់​ច្រែងតាថាវ​ និង​តាសឹម​ ​ ។ កង​ទ័ព​ថៃបានបាញ់​ប្រហារ​យ៉ាង​សន្ធាប់​ដោយអាវុធ​គ្រប់​ធុន ​ក្នុង​នោះ​មាន​ទាំង​កាំ​ភ្លើង​ប្រភេទ បេការ៉ង់ ដេ​កា​៧៥ ,កាំភ្លើងធំ ១០៥​‑​១២០‑១៣០‑និង​១៥៥មីលី​ម៉ែត្រជាច្រើន​គ្រាប់​ចូល​ក្នុង​ទឹក​ដី​កម្ពុជាចម្ងាយ​រហូត​ដល់ប្រមាណ​២០គ.ម​បណ្តាល​ឲ្យ​ពល​រដ្ឋខ្មែរស្លាប់​ និង​របួស​ជាង​១០នាក់​ និង​បង្ក​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ ភូមិ​ករខ្មែរ ហើយ​វត្ត​កែវ​សិក្ខាគីរី​ស្វារៈ​ត្រូវ​បាន​បាក់​បែក​ ធ្លុះ​ធ្លាយ​ដោយ​គ្រាប់​កាំ​ភ្លើង​ថៃ ជាពិ​សេស ប្រាសាទ​ព្រះ​វិហារ​ដែល​ជា​សម្បត្តិ​វប្ប​ធម៌​បេតិ​កភណ្ឌពិ​ភព​លោកក៏​ត្រូវ​រង​ការ​បាក់​បែក​ខ្ទេច​ខ្ទី​អស់​ជាច្រើន​កន្លែង​។ ប្រឈម​​​នឹង​ការ​ឈ្លាន​ពាន​យ៉ាង​ជាក់​ស្តែង​នេះ​ កង​ទ័ព​កម្ពុជា គ្មាន​ជម្រើសអ្វី​ក្រៅ​ពី​វាយ​តប​វិញ​ ដើម្បី​ការ​ពារ​ខ្លួន​ និង​ការ​ការពារ​អធិ​បតេយ្យ​ និង​បូរណភាព​ទឹក​ដី​កម្ពុជា។
          ទង្វើ​បាញ់​ប្រហារ​ដោយ​កង​ទ័ពថៃ​ តាម​បញ្ជារបស់​នាយក​រដ្ឋមន្ត្រី​ អាប់​ភី​ស៊ីត​ វី​ចាជី​វ៉ាក់ គឺ​ជាការ​បង្ហាញពីការ​រំ​លោ​ភ​ទាំង​កំ​រោល​លើច្បាប់​អន្តរជាតិ​​ និង​ជា​ការ​បំ​ផ្លាញ​ការ​ងារ​វប្ប​ធម៌ទៀត​ផង​ ពី​ព្រោះ​ប្រាសាទ​ព្រះ​វិហារ​ និង​តំ​បន់​ជុំ​វិញ​ប្រាសាទ​ គឺស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដោយ​គណៈ​កម្មាធិការ​បេតិ​ក​ភណ្ឌពិ​ភព​លោក​​ ដែល​ត្រូវ​ការ​ការ​ពារ​ ថែរក្សា អភិ​រក្ស​ និង​អភិ​វឌ្ឍប្រកប​ដោយ​ចី​រភាព ​បន្ទាប់​ពី​ប្រាសាទដ៏​ល្បី​ល្បាញ​នេះបាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិ​កភណ្ឌ​ពិ​ភព​លោក​ នៅ​ទី​ក្រុង​កេប៊ិច​ ប្រទេស​កាណា​ដា​ កាល​ពីថ្ងៃ​ទី​៧ ខែ​ កក្កដា ​ឆ្នាំ​២០០៨ មក​នោះ​។
          ក្នុង​​អត្តចរិត​ព្រហើនច្រឡោងខាម យង់​ឃ្នង​ព្រៃ​ផ្សៃ ប្រៀប​បាន​ទៅនឹង​ជន​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​​ អាប់​ភី​ស៊ីត វេចាជី​វ៉ាក់​​ មក​លើ​កម្ពុជា តាម​រយៈ​ការ​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​​ទន្រ្ទាន​ឈ្លាន​ពាន​ទឹក​ដី​ គឺ​ជា​ការ​បញ្ជាក់យ៉ាង​​ច្បាស់​ពី​មហិច្ឆតា​ល្មោភសង្រ្គាម និង​ការ​ប៉ុន​ប៉ង​ដណ្តើម​ គ្រប់​គ្រង​កាន់​កាប់​លើវត្ត​កែវ​សិក្ខាគីរី​ស្វារៈ ​និង​ប្រា​សា​ទ​​​​​ព្រះ​វិហារ​របស់​​កម្ពុជា យ៉ាង​ច្បាស់​ក្រឡែត​។​
          ការ​បាញ់​ផ្លោង​មក​លើ​ទឹក​ដី​កម្ពុជា បាន​ធ្វើឡើងរយៈ​ពេល​​​តែ​ជាង​មួយ​សប្តាហ៍​​ប៉ុណ្ណោះ​ បន្ទាប់ពី​លោក​ នាយក​រដ្ឋ​មន្ត្រី​​ អាប់​ភី​ស៊ីត​ កាល​ពី​ថ្ងៃ​ទី​ ២៧ ខែ​មករា ឆ្នាំ ២០១១ បាន​ទាម​ទារ​ឲ្យ​កម្ពុជាដកទង់​ជាតិ​របស់ខ្លួន​ចេញ​ពី​វត្ត​កែ​សិក្ខាគីរី​ស្វារៈ  ដោយអាប់​ភី​ស៊ីត​ បាន​ប្រកាសថា​ « នឹង​ប្រើ​កម្លាំង​ជាជម្រើស​ចុង​ក្រោយ​......រដ្ឋាភិបាល​ថៃ​មិន​ខ្លាចសង្គ្រាម​ជាមួយ​កម្ពុជាទេ​» ហើយ​ពាក្យ​សម្តី​នេះ​​ ធ្វើ​ឡើង​ស្រប​ពេល​​ដែល​​ប្រទេស​ថៃ​ធ្វើ​សម​យុទ្ធ​យោធា​ដោយ​ប្រើកាំ​ភ្លើង​ធំ​ធុន​ធ្ងន់ នៅ​ព្រំ​ដែន​ជាប់​កម្ពុជាកាលពីពេល​ថ្មី​ៗ។​
ទាំង​វត្ត​កែវ​សិក្ខាគិរី​ស្វារៈ និង​ប្រាសាទព្រះ​វិហារ​ ក៏​ដូច​ជាតំ​បន់​ជុំវិញ​ប្រាសាទ​ គឺត្រូវ​បាន​គ្រប់​គ្រង​ស្រប​ច្បាប់​ និង​កាន់​កាប់​ជាក់​ស្តែង​ដោយ​កម្ពុជា មិនអាចប្រកែកបាន (De jure et De facto) ​។
កាលពី​ថ្ងៃ​ទី​ ៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោកជំ​ទាវ​ Maria Luiza Ribeiro Viotti ប្រធាន​ក្រុម​ប្រឹក្សាសន្តិ​សុខអង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​ញូ​យ៉ក ក្នុង​គោល​បំ​ណង​ដើម្បី​ទាញ​ការ​យ​ក​​​ចិត្ត​ទុក​ដាក់​របស់​លោក​ជំ​ទាវ​ទៅ​លើ​ស្ថាន​ការ​ណ៍ដ៏​មាន​គ្រោះ​ថ្នាក់ធ្ងន់​ធ្ងរ​​ក្នុង​ពេល​បច្ចុ​ប្បន្ន នៅ​ព្រំ​ដែន​រវាង​ព្រះ​រាជាណាចក្រកម្ពុជា និង​រាជាណាចក្រថៃ ​ ហើយ​បាន​បញ្ជាក់​ថា​    ក្នុង​ខណៈ​ពេល​ដែល​ សម្តេច
កំ​ពុង​សរសេរលិខិត​ជូន​លោក​ជំ​ទាវ​នេះ​ កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ​នៅ​តែ​បន្ត​បាញ់អាវុធ​ធុន​ធ្ងន់​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជាទៀត​។ ខ្លឹម​សារ​លិខិត​របស់​សម្តេច​តេជោ ហ៊ុន​​ សែន​ បាន​គូសបញ្ជាក់​ថា​ « អំ​ពើ​ឈ្លាន​ពាន​ជាក់​ស្តែង​ម្តង​ហើយ​ម្តង​ទៀត​ ដោយ​ប្រទេសថៃ​ប្រឆាំង​នឹង​កម្ពុជា គឺ​ជា​ការ​រំ​លោភ លើលិខិត​តូបករណ៍ច្បាប់​ ដូច​ជា សាលដី​ការ​របស់​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ​ នៅ​ទី​ក្រុង​ឡាអេ នៅ​ថ្ងៃទី​១៥ ខែ​មិថុនា​ ឆ្នាំ​ ១៩៦២ , មាត្រា២.៣   ២.៤   និង​៩៤.១ នៃ​ធម្ម​នុញ្ញអង្គការ​សហប្រជា​ជាតិ​ ,សន្ធិ​សញ្ញា​មិត្ត​​​​ភាព​ និង​សហប្រតិបត្តិការនៅ​អាស៊ី​អាគ្នេយ៍ មាត្រា២ ដែល​ប្រទេស​កម្ពុជា និង​ថៃ​ជាភាគី​ចែង​ ត្រូវ​មាន​​ការ​គោរពគ្នា​ទៅ​វិញ​ទៅ​មក លើឯករាជ្យ​​ ​អធិ​បតេយ្យ​​ ​បូរណភាព​ដែន​ដី និង​អត្ត​សញ្ញាណ​ជាតិ​ ការ​ដោះ​ស្រាយការ​ខ្វែង​គំ​និត​គ្នា​និង​ជម្លោះ​ ​ដោយសន្តិ​វិធី​ ជាពិ​សេស​ការ​លះ​បង់​នូវ​ការ​គំ​រាម​កំ​ហែង​ ឬ​ការ​ប្រើ​​កម្លាំង​  ហើយ​ជាង​នេះ​ទៅ​ទៀត​ គឺ​រំ​លោភ​លើ​កិច្ច​ព្រម​ព្រៀង​ពី​អធិ​បតេយ្យ​ និង​ការ​មិន​អចរំ​លោភ​បាន​។
សម្តេចតេជោ​ ហ៊ុន សែន​ បានហៅ​អំ​ពើ​ឈ្លាន​ពាន​នោះ ថាជា​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សន្តិ​ភាព​ និង​ស្ថិរភាព​ក្នុង​តំ​បន់​ ហើយ​សម្តេច​បាន​ស្នើ​សុំ​យ៉ាង​ទទួច​ ឲ្យ​លោកជំ​ទាវ​មេត្តាកោះប្រជុំ​ជា​បន្ទាន់​នូវ​ក្រុម​ប្រឹក្សាសន្តិ​សុខអង្គការ​សហប្រជាជាតិ​ ដើម្បី​បញ្ឈប់​ការ​ឈ្លាន​ពាន​របស់​ថៃ។ សម្តេច​ ក៍​សូម​ស្នើ​ផង​ដែរ​ឲ្យ​លោក​ជំ​ទាវ​ប្រធាន​ក្រុម​ប្រឹក្សាសន្តិ​សុខ​អង្គកាសហប្រជាជាតិ​ មេត្តាជួយផ្សព្វ​ផ្សាយលិខិត​នេះ​ ជាឯកសារ​ផ្លូវ​ការ ជូន​ដល់​សមាជិក​ក្រុម​ប្រឹក្សាសន្តិ​សុខ អ.ស.ប. ទាំង​អស់។ នៅ​ក្នុង​សន្ទរកថា​របស់​សម្តេច​តេជោ​ ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ ២០១១ សម្តេច​ បាន​បញ្ជាក់​ថា ជម្លោះ​នេះ​បណ្តាល​មក​ពី​មេដឹក​នាំ​ថៃ​ និង​ពួក​ជ្រុល​និយម​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​សម្តេច​តេជោ​ នៅ​បានអំ​ពាវ​នាវ​ឲ្យ​កង​ទ័ព និង​ប្រជា​ពល​រដ្ឋនៃ​ប្រទេស​ទាំង​ពីរ​ ត្រូវ​រួម​រស់​នៅ​ជាមួយ​គ្នាដោយ​ល្អ​ ហើយ​ថា​ យកល្អ​កុំ​ធ្វើ​​សង្គ្រាម​។
ការសំ​ដែង​នូវ​សេចក្តី​សោក​ស្តាយរបស់​សម្តេច​តេជោ ​ជុំ​វិញ​ការ​បាត់​បង់​អាយុ​ជី​វិត​នៃ​ពល​រដ្ឋ​ទាំង​ពីរ​ដោយ​អាវុធ​នៅ​តំ​បន់​ព្រំ​ដែន​​ គឺបាន​បង្ហាញ​ពី​សមាណ​ចិត្ត​ប្រកប​ដោយ​គុណ​ធម៌​ខ្ពស់​របស់​សម្តេច​តេជោ​ ហ៊ុន សែន​ ក្នុង​នាម​ជា​មេដឹក​នាំ​កម្ពុជាប្រកប​ដោយ​ការ​ទទួលខុសត្រូវ​ក្នុង​កិច្ច​ការ​ពារ​បូរណភាព​ទឹក​ដី​ ដែល​មិន​មាន​នូវ​ចរិត​ពាល​រំ​លោភ​ច្បាប់​ដូច​អាប់​ភី​ស៊ីត​នោះ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ នាយក​រដ្ឋមន្ត្រី ​អាប់​ភីស៊ីត​ មាន​តែ​មហិច្ឆតា​ឈ្លាន​ពាន​ វាតទី​និយម​ ឬ​ចាត់​ទុក​ថា​ ជា​មេដឹក​នាំ​មួយ​រូប​ដែល​ពោ​រពេញ​ដោយ​ភាព​ព្រៃ​ផ្សៃ​ យក​ខ្មែ​រធ្វើ​ជា​ចំ​ណាប់ខ្មាំង​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​របស់​ខ្លួន​ ។​ ទង្វើ​នោះ​ គឺ​ជា​មហាគ្រោះ​ថ្នាក់​ដ៏​ធ្ងន់​ធ្ងរបំ​ផុត​នៃ​ទំ​នាក់​ទំ​នង​របស់​ប្រទេស​ទាំង​ពីរ ​​ដែល​មាន​កាតព្វកិច្ច​ត្រូវ​តែ​គោរព​ច្បាប់​អន្តរជាតិ ។​ ប៉ុន្តែ​ នាយក​រដ្ឋមន្ត្រី​ អាប់​ភី​ស៊ីត​ បាន​ជ្រើសរើស​យក​នូវ​របៀប​ដឹក​នាំ​មួយ​ដ៏​ចម្លែក​ គឺ​ការ​ស្រេក​ឃ្លាន​ធ្វើ​ជា​ឈ្មួញ​សង្គ្រាម និង​ចាត់​ទុក​ថា​ ជា​នាយក​រដ្ឋមន្ត្រី​ល្មោភ​សង្គ្រាម​ដើម្បី​អំ​ណាច​ដែល​គួ​រឲ្យ​ស្អប់​ខ្ពើម ហើយ​អាប់​​ភី​ស៊ីត​ ក៍​ត្រូវ​បាន​សម្តេច​តេជោ​ ព្រមាន​ថា​ «សូម​កុំ​ធ្វើ​ជា​អ៊ី​ត្លែសម័យ​ថ្មី​»៕
ពូន​សំ​រេច​​​

No comments: