លោក តាគុយ៉ា អូកាដា(Takuya OKADA) អាយុ ៨៥ ឆ្នាំជាសប្បុរសជនជាតិ ជប៉ុនម្នាក់ ដែលបានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណជាង ១០ លានដុល្លារអាមេរិក ក្នុងការរួមចំណែក ជួយអភិវឌ្ឍលើវិស័យអប់រំ សង្គមកិច្ច វប្បធម៌ និងជួយការពារបរិស្ថានផងដែរ នៅក្នុង ព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក។
សមិទ្ធផលដែលលោក តាគុយ៉ា អូកាដា បានផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាមានជាអាទិ៍ កសាងសាលារៀនចំនួន១៤៩ ខ្នង នៅទូទាំងប្រទេស ធ្វើកំណាយបុរាណវិទ្យា នៅប្រាសាទ បន្ទាយក្តីរកឃើញព្រះពុទ្ធរូប ២៧៤ អង្គ សង់សារមន្ទីរព្រះនរោត្តមសីហនុ អង្គរសៀមរាប រៀបចំសួនដើមឈើ ច្រកចូលរមណីយដ្ឋានអង្គរ ចូលរួមកសាងសារមន្ទីរធម្មជាតិ សាកល ព្រះវិហារ ផ្តល់ជើងសិប្បនិម្មិតដល់ជនពិការមន្ទីរពេទ្យខេត្តបាត់ដំបង បន្តផ្តល់អាហារូបករណ៍ និស្សិតបុរាណវិទ្យា។ ក្នុងបំណងផ្តល់ការតបស្នង និងលើកទឹកចិត្ត ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី តាមសំណើរាជរដ្ឋាភិបាល កម្ពុជាបានប្រទាន សញ្ជាតិ ខ្មែរកិត្តិយស និងគ្រឿងឥស្សរិយយសសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ជូនលោក តាគុយ៉ា អូកាដា។
នៅក្នុងពិធីប្រកាស និងប្រគល់សញ្ជាតិខ្មែរ កិត្តិយស និងគ្រឿងឥស្សរិយយសសហ មេត្រីថ្នាក់ មហាសេរីវឌ្ឍន៍ជូនលោកតាគុយ៉ា អូកាដា នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១០ នៅ ទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ កោតសរសើរ និងថ្លែងអំណរ គុណ ចំពោះ លោក តាគុយ៉ា អូកាដា និងភរិយា ដែលបានរួមចំណែកជួយក្នុងសកម្មភាព អប់រំ សង្គមកិច្ច វប្បធម៌ និងបរិស្ថាន នៅក្នុងព្រះរាជាណាក្រកម្ពុជា ។ ឯកឧត្តមបណ្ឌិត សុខ អាន បានចាត់ទុកជំនួយសប្បុរសរបស់លោក តាគុយ៉ា អូកាដា គឺបានជួយលើកកំពស់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈការជួយលើកស្ទួយវិស័យវប្បធម៌ និងថែរក្សាបរិស្ថាននៅកម្ពុជា និងបានជូនពរលោក តាគុយ៉ា អូកាដា និងភរិយាសូមឲ្យមាន សុខភាពល្អផងដែរ។
នៅចំពោះមុខវត្តមានមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូប និងឯកឧត្តមឯកអគ្គរដ្ឋទូត ជប៉ុនប្រចាំកម្ពុជា លោក តាគុយ៉ា អូកាដា បានសម្តែងនូវសេចក្តីរីករាយ ចំពោះការ ទទួលបានសញ្ជាតិ និងគ្រឿងឥស្សរិយយស ដោយលោក តាគុយ៉ា អូកាដា ចាត់ទុកថា ជាមោទនភាពសំរាប់រូបលោក និងជនជាតិជប៉ុនផ្សេងទៀតផងដែរ ។ លោក តាគុយ៉ា អូកាដា បានសន្យាថា នឹងវិលមកកម្ពុជាម្តងទៀតនៅចុងខែ កក្កដា ឆ្នាំ២០១១ ដើម្បីប្រារព្ធ ពីធីដាំកូនឈើនៅប្រាសាទចៅស្រីវិបុល ក្នុងខេត្តសៀមរាប ដើម្បីបង្កើននូវចំណង មិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឲ្យកាន់តែល្អប្រសើ។
No comments:
Post a Comment