Thursday, January 06, 2011

សម្តេច​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សួរ​សុខ​ទុក្ខ​កុមារ​ពិការ​ភ្នែក និង​គ ថ្លង់

ព្រឹក​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០១១ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ ព្រម​ទាំង​នាំ​យក​នូវ​ស្បៀង សម្ភារៈ ថវិកា​មួយ​ចំនួន ឧបត្ថម្ភ​ជូន​ដល់​កុមារ​ពិការ​ភ្នែក និង​ថ្លង់ គ ចំនួន ១៤៥ នាក់ និង​គ្រូ ៤៥ នាក់ ដែល​កំពុង​ស្នាក់​នៅ និង​ទទួល​ការ​សិក្សា ក្នុង​សាលា​កុមារ​ពិការ​ភ្នែក និង​កុមារ គ ថ្លង់ របស់​អង្គការ​គ្រួសារ​ថ្មី  ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ និង​សាលា​កុមារ​ គ ថ្លង់ របស់​អង្គការ​គ្រួសារ​ថ្មី​ច្បារ​អំពៅ ចំនួន ១៤៥ នាក់ គ្រូ ៤៩ នាក់ អង្គការ អាសស្ពេកា ដែល​មាន​កុមារ កំព្រា និង​កុមារ​ក្រីក្រ ចំនួន ៥០​នាក់ គ្រូ ៥ នាក់ សរុប​ទាំង​អស់​កុមារ​ចំនួន ៣៦៣ នាក់ និង​គ្រូ ៩៩ នាក់ ។

អំណោយ​ដែល​​ត្រូវ​ឧបត្ថម្ភ​ជូន​នា​ពេល​នោះ​រួម​មាន ៖ សម្រាប់​កុមារ​ទាំង​៣៦៣ នាក់ ក្នុង​ម្នាក់​ៗ ទទួល​បាន​ប៊ិច​មួយ​ដើម សៀវភៅ​ពីរ​ក្បាល និង​ថវិកា ១០ ម៉ឺន​រៀល ជូន​លោក​គ្រូ អ្នកគ្រូ ៩៩ នាក់ ក្នុង​ម្នាក់​ៗ ថវិកា ២០ ម៉ឺន​រៀល ។ ឧបត្ថម្ភ​ជូន​មណ្ឌល​ទាំង​បី​ខាង​លើ ដោយ​ក្នុង​មួយ​មណ្ឌល​ទទួល​បាន​អង្ករ ២ តោន មី​យើង ៥០ កេស​តូច ត្រីខ ១០ កេស​ធំ ស្ករស ១០០ គ.ក្រ ប៊ីចេង ៥ គ.ក្រ និង​ថវិកា ២ លាន​រៀល ។ ក្នុង​ឱកាស​នោះ​សម្តេច​តេជោ និង​លោក​ជំទាវ​បណ្ឌិត​ក៏​បាន​រៀប​ចំ​ជា​ម្ហូប​អាហារ បាយ​សម្លរ ផ្លែ​ឈើ​គ្រប់​មុខ ជូន​ដល់​កុមារ​ទាំង​អស់​ពិសា​មួយ​ពេល​ថ្ងៃ​ត្រង់​រួម​មាន ម្ហូប​៤ មុខ បង្អែម ១ មុខ ផ្លែ​ទំពាំង​បាយ​ជូ​ស្រស់ ១០ កេស ផ្លែ​ប៉ោម​​ស្រស់ ១០ កេស ផ្លែ​សារីស្រស់ ១០ កេស ផ្លែ​ក្រូច​ឃ្វីច​ស្រស់ ១០ កេស ផ្លែ​មៀន​ស្រស់ ៥០ គ.ក្រ ទឹកក្រូច ៧០ កេស និង​ទឹក​បរិសុទ្ធ ១០០ កេស ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​បន្ត​ឧបត្ថម្ភ​ដល់​មណ្ឌល​ទាំង​បី រៀង​រាល់​ខែ ចាប់​ពី​ខែ​មករា ឆ្នាំ​២០១១ តទៅ ដែល​ក្នុង​នោះ សាលា​កុមារ​ពិការ​ភ្នែក និង​ថ្លង់ គ នៃ​អង្គការ​គ្រួសារ​ថ្មី ភ្នំពេញ​ថ្មី នូវ​អង្ករ​ចំនួន ១ តោន និង​ថវិកា ៣ លាន​រៀល ជូន​ដល់​អង្កការ​គ្រួសារ​ថ្មី​ច្បារ​អំពៅ នូវ​អង្ករ ១ តោន និង​ថវិកា ៣ លាន​រៀល ឧបត្ថម្ភ​ជូន​អង្កការ​អាសស្ពេកា នូវ​អង្ករ ៥០០ គ.ក្រ និង​ថវិកា ១ លាន​រៀល ព្រម​ទាំង​ទទួល​តាម​សំណើរ​របស់​នាយិកា​អង្គការ​អាសស្ពេកា​នូវ​ការ​កសាង​ប្រព័ន្ធ​លូ​រំដោះ​ទឹក និង​ចាក់​ដី បំពេញ​បរិវេណ​កសាង​របង​មុខ-ក្រោយ​មណ្ឌល ដែល​សំណើ​នេះ​ត្រូវ​បាន​សម្តេច​តេជោ ប្រគល់​ជូន​សាលា​រាជ​ធានី​ភ្នំពេញ សហការ​ជាមួយ​ក្រសួង​សង្គម​កិច្ច បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​អតីត​យុទ្ធជន ជា​អ្នក​ចាត់​ចែង​លើ​ការងារ​នេះ ។

មាន​ប្រសាសន៍​នា​ឱកាស​នោះ​សម្តេច​តេជោ ហ៊ុន សែន បាន​សម្តែង​នូវ​ក្តី​នឹក​រលឹក និង​អាណិត​អាសូរ យ៉ាង​ក្រៃលែង​ចំពោះ​ក្មួយៗ ចៅ​ៗ ដែល​ពិការ​ភ្នែក ថ្លង់ គ ហើយ​កំពុង​សម្រាក​ទទួល​ការ​អប់រំ​បណ្តុះបណ្តាល នៅ​សាលា​និង​មណ្ឌល​ទាំង​បី ដោយ​សម្តេច​សូម​ឱ្យ​ក្មួយៗ និង​ចៅ​ៗទាំង​អស់​ខិត​ខំ​​សិក្សា​រៀន​សូត្រ ក្រេប​យក​ចំណេះ​វិជ្ជា​ពី​សំណាក់​លោក​គ្រូ​អ្នក​គ្រូ ពី​លោក​ស្រី​នាយិកា​ជា​អ្នក​គ្រប់គ្រង ដើម្បី​ក្មួយ​ៗ ចៅ​ៗ មានឱកាស​យក​ចំណេះ​វិជ្ជា​​ទាំង​នេះ​ទៅ​បំពេញ​ការងារ និង​ប្រកប​របប​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ។ សម្តេច​តេជោ​ក៏​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ និង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ជំទាវ​បណ្ឌិត​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ដែល​បាន​ខិត​ខំ​ជួយ​គ្រប់​បែប​យ៉ាង​ទៅ​ដល់​ក្មួយៗ ចៅ​ៗ ជា​កុមារ​ពិការ​ភ្នែក ថ្លង់ គ ក្នុង​មនោសញ្ចេតនា​អាណិត​ស្រឡាញ់​ជាប់​ជានិច្ច ។ សម្តេច​តេជោ​ក៏​បាន​ថ្លែង​អំណរ​គុណ​ផង​ដែរ​ដល់​លោក​ស្រី នាយិកា លោក​គ្រូ​អ្នក​គ្រូ ដែល​បាន​យក​អស់​ស្មារតី​ជួយ​ដល់​កុមារ​ទាំង​នេះ ដើម្បី​ឱ្យ​គេ​មាន​ឱកាស​ដូច​មនុស្ស ដទៃ​នៅ​ក្នុង​ការ​ទទួល​យក​ការ​បណ្តុះបណ្តាល​មុខ​ជំនាញ​វិជ្ជាជីវៈ ។ សម្តេច​តេជោ ក៏​បាន​ថ្លែង​នូវ​ការ​លើក​ទឹក​ចិត្ត​ដល់​ក្មួយៗ ចៅៗ ជា​កុមារ​ពិការ​ភ្នែក ថ្លង់ គ សូម​កុំ​មាន​ក្តី​អស់​សង្ឃឹម ព្រោះ​រាជ​រដ្ឋាភិបាល មិន​ព្រងើយ​​កន្តើយ​ចំពោះ​សុខ​ទុក្ខ​ក្មួយ​ៗ ចៅ​ៗ ជា​កុមារ​ពិការ​ភ្នែក ថ្លង់ គ ឡើយ រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យន្ត​ការ​ជាច្រើន​ដើម្បី​ជួយ​សម្រាល​ការ​លំបាក​មួយ​ចំនួន​ជា​ពិសេស​បង្ក​លក្ខណៈ​ងាយ​ស្រួល​គ្រប់​យ៉ាង​ដល់​កុមារ​ទាំង​នោះ​ឱ្យ​ទទួល​បាន​ប្រយោជន៍​ពី​សេវា​សាធារណៈ​ដូច​ជន​គ្រប់​រូប​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សាលា​កុមារ​ពិការ​ភ្នែក និង​គ ថ្លង់ នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ត្រូវ​បាន​សាង​សង់​ឡើង កាល​ពី​ឆ្នាំ​២០០៨ និង​បាន​ដំណើរ​ការ​នៅ​ខែ​តុលា ឆ្នាំ ២០០៩ និង​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ ២០១១ ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ។ សាលា​នេះ ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រសួង​សង្គម​កិច្ច ពី​អង្គការ​គ្រួសារ​ថ្មី និង​ពី​សប្បុរស​ជន​ក្នុង-ក្រៅ​ប្រទេស ។ ចាប់​ពី​ឆ្នាំ ១៩៩៥ ដល់​ខែ​មីនា ឆ្នាំ ២០១០ សាលា​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​សម្តេច​តេជោ និង​លោក​ជំទាវ​ក្នុង ១ ខែ ចំនួន ៤០ ម៉ឺន​រៀល ហើយ​ចាប់​ពី​ខែ​មេសា ដល់​ខែ​ធ្នូ ឆ្នាំ ២០១០ សាលា​ទទួល​បាន ប្រចាំ​ខែ​នូវ​អង្ករ ១ តោន និង​ថវិកា ១ លាន ៤ សែន​រៀល ។ រី​ឯ​សាលា​នៅ​ច្បារ​អំពៅ ទទួល​បាន​ការ​ឧបត្ថម្ភ ប្រចាំ​ខែ​ពី​សម្តេច​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន នូវ​អង្ករ ១ តោន ថវិកា ១ លាន​រៀល​ផង​ដែរ ។ ឆ្នាំ ២០១០ សា​លា​កុមារ​ពិការ​ភ្នែក និង​គ ថ្លង់ ភ្នំពេញថ្មី ក៏​ដូច​ជា​សាលា​នៅ​ច្បារ អំពៅ​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​កាក​បាទ​ក្រហម​កម្ពុជា​នូវ​ថវិកា​ចំនួន ២០ លាន​រៀល ។ សម្រាប់​ឆ្នាំ ២០១០ កន្លង​មក​នេះ​ដែរ សាលា​ភ្នំពេញ​ថ្មី និង​ច្បារ​អំពៅ ក៏​ទទួល​បាន​ថវិកា​ពី​មូល​និធិ រ៉ូលីង ចំនួន ៥ ពាន់ ដុល្លារ​អាមេរិក តាម​រយៈ​កាក​បាទ​ក្រហម​កម្ពុជា ។ ដោយឡែក នៅ​ឆ្នាំ ២០១១ នេះ កាក​បាទ​ក្រហម​កម្ពុជា បាន​បន្ត​ឧបត្ថម្ភ​ថវិកា ចំនួន ២០ លាន​រៀល ។

បច្ចុប្បន្ន​សាលា​កុមារ​ពិការ​ភ្នែក ថ្លង់ គ ភ្នំពេញ​ថ្មី​មាន​សិស្ស​សរុប​ចំនួន ១៤៥ នាក់ ក្នុង​នោះ ស្រី ៤៤ នាក់ ។ មាន​សិស្ស​ស្នាក់​នៅ​ចំនួន ៥៧ នាក់​ដោយ​ទទួល​ការ​បណ្តុះបណ្តាល​លើ​ជំនាញ​បន្ថែម​ដូច​ជា កុំព្យូរទ័រ ភាសា​អង់​គ្លេស និង​ភ្លេង​បុរាណ