Thursday, January 06, 2011

បាតុករ​អាវ​លឿង​ថៃ​ដកថយ​ពី​ព្រំដែន រីឯ​កងកម្លាំង​កម្ពុជា​ស្ថិតក្នុង​សភាព​ប្រុង​ជើងការ​ដដែល

នៅ​ព្រឹក​ថ្ងៃទី​៦​ មករា ឆ្នាំ​២០១១នេះ សភាពការណ៍​ព្រំដែន​កម្ពុជា​-​ថៃ ពិសេស​នៅ​ខេត្តបន្ទាយមានជ័យ ចំណុច​បង្គោល​ព្រំដែន​លេខ ៤៦ ហាក់ដូចជា បាន​ធូរស្រាល​វិញ​ហើយ ដោយសារតែ​ក្រុមបាតុករ​អាវ​លឿង​ថៃ​ប្រមាណ ៣០០ នាក់ បាន​ដកថយ ចេញពី​ជំរុំ​នៅ​ឃុំ​ប៉ា​រៃ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ទៅកាន់​ក្រុង​បាងកក​វិញ​ហើយ​។ ជំរុំ​របស់​បាតុករ​អាវ​លឿង​ថៃ ប្រឈម​នឹង​ភូមិ​ទួលប្រាសាទ សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

     មិនមាន​ការបញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ទេ ចំពោះ​ការដកថយ​របស់​បាតុករ​អាវ​លឿង​ថៃ ចេញពី​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​។ ប៉ុន្តែ​កាលពី​ល្ងាច​មិញ បាតុករ​អាវ​លឿង​ថៃជាច្រើន​នាក់បាន​វិល​ត្រលប់​ទៅកាន់​ផ្ទះសម្បែងនៅ​ក្រុង​បាងកក និង​ខេត្ត​នានា​។ ដូច្នេះ​នៅ​ព្រឹក​នេះ បាតុករ​ថៃដែល​នៅ​សេសសល់ក៏បាន​វិល​ត្រលប់​ទៅផ្ទះ​វិញ​ដែរ​។

    មួយវិញទៀត ក្រុមបាតុករ​អាវ​លឿងក៏​ហាក់ដូចជា​គាំទ្រ​ចំពោះ​ប្រព័ន្ធ​ឃោសនា​ថៃ ដែល​បាន​ផ្សព្វផ្សាយ​ថា ជនជាតិ​ថៃ ៧ នាក់ដែល​បាន​ចូល​ទឹកដី​កម្ពុជានៅ​ចំណុច​បង្គោល​ឡាក់​លេខ ៤៦ ហើយ​ត្រូវ​រដ្ឋាភិបាល​កម្ពុជាចាប់ខ្លួន និង ​បញ្ជូនទៅ​កាត់ទោស កាល​ថ្ងៃទី​២៩ ​ធ្នូ ឆ្នាំ​២០១០កន្លងមក មានទោស​ស្រាល​ប៉ុណ្ណោះ គួរតែ​រដ្ឋាភិបាល​កម្ពុ​ជា​ដោះលែង​។ចំណែកស្ថានការណ៍​ព្រំដែន និង​ ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង ​ថៃ ក៏បាន​ប្រសើរឡើង ក្រោយពី​មាន​ជម្លោះព្រំដែននៅ​ប្រាសាទព្រះវិហារ​ ។ ដូច្នេះ​បាតុករ​អាវ​លឿង​ថៃស្នើ​ឲ្យ​កម្ពុជាដោះលែង​ជនជាតិ​ថៃ​ទាំង ៧ នាក់​នោះ​ ។

    ជាមួយគ្នា​នោះ នៅ​ព្រឹក​ថ្ងៃទី​៦ ​មករា​នេះ នៅ​ចំណុច​ភូមិ​ណង​ចាន់របស់​ថៃ និង​ភូមិ​ជោគជ័យរបស់​កម្ពុជា ត្រង់​បង្គោល​ឡាក់​លេខ ៤៦ ទាហាន​ឈុតខ្មៅ​ថៃ ប្រមាណ ៣០០ នាក់ និង​ទាហាន​ប៉ា​រ៉ា​ថៃ​ជិត ១០០ នាក់ ដែល​ត្រូវបាន​បញ្ជូនមក​ទប់ទល់​បាតុករ​អាវ​លឿងកុំ​ឲ្យ​ឆ្លងដែន​ចូល​ទឹកដី​កម្ពុជា ក៏ត្រូវ​បាន​ដក​ចូលទៅ​បន្ទាយ​វិញ ​។ លើកលែងតែ​ទាហាន​ការពារ​ព្រំដែន​ថៃនៅតែ​ឈរជើង​ក្នុង​បន្ទាយ​ក្បែរ​ព្រំដែន​កម្ពុជា ​។ រីឯ​របាំង និង ​ប៉ា​រ៉ា​សដែល​ទាហាន​ថៃបានដាក់​រារាំង​ក្រុមបាតុករ​អាវ​លឿងនៅ​ជិត​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជាប្រចាំខេត្ត​ស្រះកែវ ក៏ត្រូវ​បាន​គេ​រើចេញ​ផងដែរ ​។

    យ៉ាងណាក៏ដោយ ខាង​កងកម្លាំង​កម្ពុជានៅ​ចំណុច​បង្គោល​ព្រំដែន​លេខ ៤៦ ក្នុងភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ គឺ​នៅ​ឈរជើង​ដដែល ដោយ​ខ្លាច​ស្ថានការណ៍​ប្រែប្រួល និង ​ម្យ៉ាងទៀតមិនទាន់មាន​បទបញ្ជាឲ្យ​កងកម្លាំង​ដកថយ​ឡើយ​៕

No comments:

Post a Comment