Thursday, December 02, 2010

​បើក​មហាសន្និបាត ICAPP លើក​ទី​៦ នៅ​កម្ពុជា

ពិធី​បើក​អង្គ​មហាសន្និបាត លើក​ទី​៦ នៃ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​នៅ​អាស៊ី ICAPP ត្រូវធ្វើឡើង នៅ​ម៉ោង ៩ ព្រឹក ថ្ងៃទី​២​ធ្នូ ឆ្នាំ​២០១០ នៅ​វិមាន​សន្តិភាព ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​មហាសន្និបាត រួមទាំង​នាយក​រដ្ឋមន្ត្រី អតីត​ប្រមុខរដ្ឋ និង​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ប្រហែល ១០០ គណបក្ស ដែល​មាន​និន្នាការ​ផ្សេងៗ​គ្នា មកពី​ប្រទេស​ប្រហែល ៦០​។ 
( រូបថត៖ ខែម សុវណ្ណរា

​    ​ក្នុង​ពិធី​បើក​មហាសន្និបាត ICAPP លើក​ទី​៦​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឡើង​ថ្លែង​សន្ទរកថា មុន​នឹង​សុន្ទរកថា​អបអរសាទរ​របស់​លោក Jose De Venecia Jr. ប្រធាន​ស្ថាបនិក និង​ជា​សហប្រធាន​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់ ICAPP​។ ក្នុង​ពិធី​នោះ ក៏​មាន​សារលិខិត​អបអរសាទរ​របស់​លោក បាន គីមូន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ជាមួយនឹង​សុន្ទរកថា​អបអរសាទរ​របស់​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​អតីត​ប្រមុខរដ្ឋ និង​អតីត​ប្រមុខ​រដ្ឋាភិបាល​ជាច្រើន​រូប​ផ្សេងទៀត​។​    ​
​    ​មហាសន្និបាត លើក​ទី​៦ របស់ ICAPP  ត្រូវ​ប្រារព្ធ​ឡើង ក្រោម​ប្រធានបទ ស្វែងរក​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​តំបន់​អាស៊ី ដែល​ផ្តោត​សំខាន់​លើ​បញ្ហា​សេដ្ឋកិច្ច ថាមពល និង​បរិស្ថាន​។ ក្នុងនោះ ក៏​មាន​សិក្ខាសាលា​សំខាន់​ពីរ ដែល​ពិភាក្សា​លើ​បញ្ហា​ស្ត្រី​ជា​អ្នកនយោបាយ អ្នកដឹកនាំ​នយោបាយ​វ័យក្មេង ព្រមទាំង​សន្និបាត ស្តីពី សុវត្ថិភាព​បរិស្ថាន​ពិភពលោក ដែល​មាន​ការពិភាក្សា​លើ​ប្រធានបទ​សេដ្ឋកិច្ច ថាមពល និង​បរិស្ថាន ជាដើម​។​
​    ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ដើម្បី​រៀបចំ​មហាសន្និបាត​សន្និសីទ​អន្តរជាតិ នៃ​គណបក្ស​នយោបាយ​នៅ​អាស៊ី ហៅ​កាត់​ថា ICAPP ( International Conference of Asian Political Parties ) លើក​ទី​៦ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១០​។​
​    ​មេដឹកនាំ​គណបក្ស​នយោបាយ​ចំនួន ៨៩ គណបក្ស មកពី ៥៧ ប្រទេស ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ជា​សមាជិក ICAPP បាន​ចូលរួម​ក្នុង​មហាសន្និបាត​នេះ​។     ​មហាសន្និបាត ICAPP ជា​ព្រឹត្តិការណ៍​តែមួយ​គត់​ក្នុង​ពិភពលោក ជា​វេទិកា​បើកចំហរ សម្រាប់​គ្រប់​គណបក្ស​នយោបាយ ដែល​មាន​និន្នាការ​ផ្ទុយគ្នា និង​ជា​ច្រក​នយោបាយ​មួយ សម្រាប់​ដោះស្រាយ​ជម្លោះ​នានា​ដោយ​សន្តិវិធី ដូចជា ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ និង​ជម្លោះ​នៅ​អាហ្គានីស្ថាន ជាដើម​។​
​    ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា មហាសន្និបាត ICAPP ដែល​បាន​រៀបចំ​នៅ​ថ្ងៃ​ទី​២​ធ្នូ នាពេលនេះ មិនមែន​ជា​ការ​ចៃដន្យ​ទេ តែ​ជា​ការរៀបចំ ត្រូវ​នឹង​ថ្ងៃ​ខួប​លើក​ទី​៣២ ឆ្នាំ នៃ​ការបង្កើត​រណសិរ្ស​២​ធ្នូ ឆ្នាំ​១៩៧៨ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​៕

No comments:

Post a Comment