Thursday, December 02, 2010

​សម្តេចតេជោ ហ៊ុន សែន បើកកិច្ចប្រជុំ ICAPP លើកទី៦


          មហាសន្និបាតលើកទី ៦ នៃ“សន្និសីទអន្តរជាតិនៃគណបក្ស នយោបាយ នៅអាស៊ី” ដែលហៅ​កាត់​ថា អាយខាប់ (ICAPP) បាន ដំណើរការនៅថ្ងៃទី២ខែធ្នូ នៅវិមានសន្តិភាព។
          «ការស្វែងរកអនាគតកាន់តែប្រសើសំរាប់អាស៊ី» គឺជា ប្រធានបទ  ដែលត្រូវបានជ្រើសរើស សំរាប់មហាសន្និបាតរបស់ អាយខាប់ លើកទី ៦​នេះ ដោយផ្តោតទៅលើសេដ្ឋកិច្ច​ ថាមពល និង បរិស្ថាន
( រូបថត៖ ខែម សុវណ្ណរា
          មហាសន្និបាតលើកទី ៦ របស់ អាយខាប់ បានប្រព្រឹត្តទៅ រួមជាមួយ ខួបលើកទី ១០ នៃ ការបង្កើត អាយខាប់ ហើយ ក្នុង នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សន្និសីទ ដែល ប្រារព្ធឡើង នៅថ្ងៃទី២ធ្នូនេះ មិនមែន ជាការ ចៃដន្យទេ គឺចំនឹង ទិវាជាប្រវត្តិសាស្ត្រមួយ របស់គណៈបក្សប្រជាជនកម្ពុជា ។ សន្និសីទថ្ងៃនេះ គឺចំខួបលើកទី ៣២នៃកំណើត រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដើម្បីរំដោះកម្ពុជា ចេញពីរបបប្រល័យពូជ សាសន៍ខ្មែរក្រហម  ។ ការជួបជុំគ្នានេះ គឺដើម្បី បន្តគំនិត ផ្តួចផ្តើម ដំបូង នៃសន្និសីទអន្តរជាតិ នៃ គណៈបក្ស នយោបាយ នៅអាស៊ី ក្នុងការជំរុញ ការផ្លាស់ប្តូរ និងលើកកំពងស់កិច្ចសហ ប្រតិបត្តិការ ក្នុងចំណោម គណៈបក្សនយោបាយនៅអាស៊ី ដែលមាន មនោគមន៍នយោបាយ ខុសៗគ្នា ក្នុងគោលដៅពង្រឹងបន្ថែមទៀត ដល់ការស្វែងយល់ ពីគ្នា និងពង្រឹងនូវការជឿទុកចិត្តគ្នា ទៅវិញ ទៅមក រវាង ប្រជាជន នៃប្រទេសនានា នៅក្នុងតំបន់ ។ កិច្ចប្រជុំនេះ ក៏នឹងបន្ត លើកកំពស់ផងដែរ នូវកិច្ចសហ ប្រតិ បត្តិការ តំបន់តាមរយៈតួនាទី ដោយឡែក នៃគណៈបក្ស នយោបាយនីមួយៗ ដើម្បី បង្កើតឲ្យ មានបរិយាកាសល្អប្រសើរ សម្រាប់ធានានូវចីរភាព និងការចែក រំលែក នូវ វឌ្ឍនភាពនៅក្នុង តំបន់ទាំងមូល ។ សម្តេច បង្ហាញ នូវ ទស្សនៈថា ប្រធានបទស្តីពី «ការស្វែងរកអនាគត កាន់តែ ប្រសើរ ឡើង សម្រាប់ អាស៊ី»គឺពិតជាមានការពាក់ព័ន្ធ យ៉ាងសំខាន់ទៅនឹង បរិការសកល លោកនាពេលបច្ចុប្បន្ននេះ ពិសេស គឺការផ្តោត ការយកចិត្ត ទុកដាក់ ទៅលើបញ្ហាសេដ្ឋកិច្ច ថាមពល និងបរិស្ថាន  ។ ក្នុងស្មារតីនេះ សម្តេច សង្ឃឹមថា កិច្ចប្រជុំនេះ និង វេទិកា ផ្សេងៗ ទៀត ដែល​រៀបចំក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ នឹងជួយជំរុញ ដល់ការអនុវត្តនូវ កិច្ចសហប្រតិបត្តិការ និងការ ប្តេជ្ញា​ចិត្ត​ខាងនយោបាយដើម្បីសម្រេចបំណងប្រាថ្នារួម របស់ យើងទាំងអស់ គ្នា ពោលគឺ​ការអភិវឌ្ឍ​ប្រកប​ដោយ​​ចីរភាព និង ការស្វែងរក ដំណោះស្រាយ ចំពោះសេចក្តីត្រូវការផ្នែកថាមពល និងកិច្ចការ ពារបរិស្ថាន ។
          គួររំលឹកថា​ អាយខាប់ គឺជាសន្និសីទអន្តរជាតិ នៃ គណៈបក្ស នយោបាយនៅអាស៊ី ដែលបាន ផ្តួចផ្តើម បង្កើតឡើង ដោយ លោកអតីតប្រធានសភាហ្វីលីពីន ហ្សូហ្សេ ឌើវើនេស៉្យា ។ កាលពី បង្កើតដំបូង ក្នុងឆ្នាំ ២០០០ អាយខាប់ មានតែគណៈបក្ស ចំនួន ៤៦ នៃ ២១ប្រទេស ចូលរួមប៉ុណ្ណោះ ប៉ុន្តែ រហូតមកដល់ ឆ្នាំ២០១០ នេះ មានគណៈបក្ស រហូតដល់ ៣២៣ នៃប្រទេស ៥២ និង​ អាជ្ញាធរ​ជាតិ​ ប៉ាឡេ​ស្ទីន ១ ដែល​បាន​ចុះឈ្មោះ​ ក្នុង​បញ្ជី​សមាជិក អាយខាប់ ក្នុងនោះ​កម្ពុជា មាន​គណបក្សចំនួនពីរ គឺគណៈ បក្ស​ប្រជាជន​កម្ពុជាដែលកំពុងកាន់ អំណាច និង​គណបក្ស ​ហ្វ៊ុនស៊ិនប៉ិច ដែល​ជា​គណបក្ស​ សម្ព័ន្ធភាព ក្នុង​រដ្ឋាភិបាល ​អាណត្តិ​ទី ​៤ នេះ ។
គួរកត់សំគាល់ដែរថា រហូតមកដល់ពេលនេះ សន្និបាត របស់ អាយខាប់ បានរៀបចំ ចំនួន ៥លើក រួចមកហើយ គឺលើកទី១ ក្នុងឆ្នាំ ២០០០ ធ្វើនៅ ទីក្រុង ម៉ានីល ប្រទេសហ្វ៊ីលីពីន , លើកទី២ ឆ្នាំ ២០០២ នៅប្រទេសថៃ , លើកទី៣ ឆ្នាំ ២០០៤ នៅ ទីក្រុង ប៉េកាំង ប្រទេសចិន , លើកទី៤ ឆ្នាំ ២០០៦ នៅទីក្រុង សេអ៊ូល សាធារណរដ្ឋកូរ៉េ , លើកទី៥ ឆ្នាំ ២០០៩ នៅទីក្រុង អាស្តាណា ប្រទេស កាហ្សាក់ស្ថាន ហើយលើកទី ៦ ក្នុង ឆ្នាំ២០១០ នេះ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា គណៈបក្សប្រជាជនកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំ សន្និសីទនេះ ចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី ៤ ធ្នូ ។
          ​ ព្រឹត្តិការណ៍ជាច្រើននឹងកើតឡើងរវាងថ្ងៃទី១ ដល់ថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ ២០១០ រួមមានកិច្ចប្រជុំចលនា​​បក្ស ប្រជាធិបតេយ្យនិយម កណ្តាល អន្តរជាតិអាស៊ីប៉ាស៊ីហ្វិក , កិច្ចប្រជុំគណៈ អចិន្រ្តៃយ៍ របស់ អាយកាប់ លើកទី ១៤ , សិក្ខាសាលាស្តីពី អ្នកនយោបាយស្រ្តី , សិក្ខាសាលាស្តីពីអ្នកដឹកនាំ នយោបាយ វ័យ ក្មេង និង មហាសន្និបាតស្តីពី សុវត្តិភាព បរិស្ថានពិភពលោក
         
​    ​ក្នុង​ពិធីនោះ​លោក Jose De Venecia Jr. ប្រធាន​ស្ថាបនិក និង​ជា​សហប្រធាន​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់ ICAPP​ក៏បានថ្លែងសុន្ទរកថានិង​មាន​សារ​អបអរសាទរ​របស់​លោក បាន គីមូន អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ ជាមួយនឹង​សុន្ទរកថា​អបអរសាទរ​របស់​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​អតីត​ប្រមុខរដ្ឋនិង​អតីត​ប្រមុខ​រដ្ឋាភិបាល​ជាច្រើន​រូប​ផ្សេងទៀត​។​    

អត្ថបទ៖ មុត វិសុធ

No comments:

Post a Comment