Wednesday, December 01, 2010

ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ សុខ អាន ត្រូវបាន​ប្រកាសជា​ សមាជិក​ពេញសិទ្ធ​ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា(០១/១២/២០១០)

នារសៀលថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១០ នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី មានការពប្រារព្វ​ពិធី​ប្រកាស​សមាជិក​ពេញ​សិទ្ធ​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ ជូនឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ សុខ អានឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី​និងរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈ​រដ្ឋមន្ត្រី មានគោរមងារជា​ បណ្ឌិត​សភាចារ្យ​​​នៃ​រាជបណ្ឌិត​សភា​កម្ពុជា។
( រូបថត៖ អ៊ុក សាផាន)
លោកជំទាវបណ្ឌិត​ ខ្លូត ធីដា ​ប្រធានរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៏​ថា​ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន ជា​ឥស្សរជន​ខាង​ចំណេះដឹង និង​ជា​បញ្ញវន្ដ​ជាន់ ខ្ពស់​មួយ​រូប​របស់​ជាតិ ពោរពេញ​ដោយ​បទពិសោធន៏ និង​ទេពកោសល្យ​ខ្ពស់​ជា​ឥស្សរជន​នយោបាយ​ដ៏​ឆ្នើម​មួយ​រូប​ដែល​បាន​ចូល​បម្រើ​ប្រទេស​ជាតិ​ក្នុង​វិស័យ​អប់រំ​លើកទី​១ តាំងពី​ឆ្នាំ​១៩៦៧មក​ម្ល៉េះ ដែល​ពេល​នោះ ឯកឧត្ដម​ជា​សាស្ត្រាចារ្យ ភូមិវិទ្យា ប្រវត្តវិទ្យា និង​សង្គមវិទ្យា។ នៅ​ឆ្នាំ​១៩៧១​-​១៩៧៥ ឯកឧត្ដម​ជា​និស្សិត​សាលា​គរុវិជ្ជា​ជាន់ខ្ពស់ និង ជា​សិស្ស​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ការទូត​នៅសាលា​ជាតិ​រដ្ឋបាល (ENA) ។ ក្រោយ​ថ្ងៃ​រំដោះ ០៧ មករា ឆ្នាំ​១៩៧៩ ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន បាន​ចូល​បម្រើ​ប្រទេស​ជាតិ និង​កាន់​មុខតំណែង​សំខាន់​ៗជាគន្លឹះ​ ជាច្រើន​បន្ត​បន្ទាប់ ។ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ រហូត​មកដល់​បច្ចុប្បន្ន​ ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​តាកែវ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ។
ទន្ទឹម​នឹង​តួនាទី​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្ដម​បណ្ឌិត​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រគល់​តួនាទី​ដឹកនាំ​ជា​គន្លឹះ​ជាច្រើន​ទៀត ហើយ​ភារកិច្ច​ជា​សារវ័ន្ត​ទាំងអស់​នោះ បាន​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​វិស័យ ​អប់រំ វប្បធម៌ និង​វិទ្យាសាស្ត្រ ពិសេស​ក្នុង​វិស័យ​កំណែ​ទម្រង់​រដ្ឋបាល ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ។ ម៉្យាង​ទៀត ឯកឧត្ដម​បណ្ឌិត​ជា​អ្នក​មាន​ទេព្យកោសល្យ ផ្នែក​ជំនាញ​ឯកទេស​ភាសា មាន​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់គាំទ្រ និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ និង​អភិរក្ស​ភាសា​ជាតិ និង​អក្សរសាស្ត្រ​ជាតិ​ខ្មែរ ហើយ​ឯកឧត្ដម​បណ្ឌិត​ជា​ស្ថាបនិក​មួយ​រូប​ក្នុង​ការបង្កើត​គណៈ​កម្មាធិការ​ជាតិ​ភាសា​ខ្មែរ ដើម្បី​ឯកភាព​ភាសា​ជាតិ ។
( រូបថត៖ អ៊ុក សាផាន)
លោកជំទាវបណ្ឌិត ខ្លូត ធីដា ក៏បានលើកឡើងថា​ លក្ខណៈ​សម្បត្តិ​ពិសេស​ដោយ​ឡែក​ មួយ​ទៀត ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី ជា​អ្នក​មាន​ជំនាញ ​ខ្ពស់​ខាង​វិជ្ជាជីវៈ​ការទូត និង​វិជ្ជា​ទំនាក់​ទំនង​អន្តរជាតិ ។ ជាក់ស្ដែង​ឯកឧត្ដម បាន​បង្ហាញ​ អំពី​សមត្ថភាព​ទាក់​ទាញ​ការ​គាំទ្រ ឲ្យ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូស​ សម្រេច​ចុះ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​តាម​ សំណើ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ។
ចំណុច​ជាក់ស្ដែង​មួយទៀត ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ដណ្ដើម​បាន​ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់ក្នុងវិស័យវប្បធម៌ ក្នុង​កិច្ច​ប្រជុំ​ទី​៣៣ នៅទីក្រុង​សេវីយ៉ា ប្រទេសអេស្ប៉ាញ កាលពី​ខែ​មិថុនា ឆ្នាំ២០០៩ កន្លងទៅនេះ គឺ​ចំពោះ​ការ​ទាមទារ​តវ៉ា​យ៉ាង ខ្លាំង​ក្លាទាំង៤ចំណុច​របស់​ភាគី​ប្រទេស​ថៃ​ពិសេសគឺ ការចង់​សើរើ​លុបឈ្មោះ​ប្រាសាទ​ព្រះវិហារ ​ខ្មែរ​ចេញ​ពី​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក​វិញ ហើយនៅ​ទីបំផុត ឯកឧត្តម​បណ្ឌិត​និង​ប្រតិភូ​ បាន​ធ្វើឲ្យ​ភាគី​ថៃ​បរាជ័យ​ទាំងស្រុង សូម្បី​តែឱកាស​ពីរនាទី​សម្រាប់​ធ្វើ​អន្តរាគមន៍​ក៏​គ្មាន ​ដែរ ។
ជា​មោនទន​ភាព​ថ្មី​មួយទៀត​របស់​កម្ពុជាដែល​ឯក​ឧត្តម​ឧបនាយក​រដ្ឋម​ន្ត្រី សុខ អាន សម្រេច​បាន​តាមរយៈ​ការ​ចាត់តាំង​ជា​តំណាង​របស់​សម្ដេច​តេ​ជោ​បណ្ឌិត​សភាចារ្យ ហ៊ុន សែននាយក​ រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​នោះ​គឺ សមាជិក​ភាព​កម្ពុជា​ក្នុង​គណៈ​កម្មាធិការអចិន្រ្តៃយ៏នៃគណះកម្មាធិការបេតិកភណ្ឌ​ពិភព​លោក កាល​ពីថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ​២០០៩ កន្លង​ទៅ​នេះ នៅ​ទីក្រុង​បារីស ប្រទេស​បារាំង ដែល​កម្ពុជា​បាន​ជាប់​ឆ្នោត​ក្នុងលំដាប់​ទី២ បន្ទាប់​ពីប្រទេស​ស្វីស ក្នុង​ជុំទី១ មាន​សំឡេង​គាំទ្រ​ចំនួន​៨១ ក្នុង​ចំណោម ១៤១​ប្រទេស ។ សមិទ្ធផល​ដ៏ធំធេង​នេះ​មិនមែន​កើតឡើង​ដោយ​ចែដន្យ​នោះ​ទេ ប៉ុន្តែ​វាកើត​ឡើង​ពីការ​ប្រើប្រាស់​បញ្ញាញាណ ទេព​កោសល្យ​និង​វិជ្ជាជីវៈ​ច្បាស់​លាស់ ព្រមទាំង​ការតស៊ូ​ដោយ​ស្វិតស្វាញ​ក្នុង​សមរភូមិ​ចំណេះ​ដឹង​និង​ការទូត។
( រូបថត៖ អ៊ុក សាផាន)
 ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ សុខ អាន ដែលជារដ្ឋមន្រ្តីអាណាព្យាបាលបចេ្ចកទេសនៃរាជបណ្ឌិតសភាកម្ពុជាបានមានឬប្រសាសន៏ថា​ សមាជិក​ភាពនេះ​បានលើកទឹក​ចិត្ត​បន្ថែម ទៀតដល់ឯកឩត្តម ក្នុងការរួមចំណែកដ៏សកម្មទ្វេឡើងថែមទៀតជា​មួយ រាជរដ្ឋា​ភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ​គតិបណ្ឌិត​របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រ​កម្ពុជាក្នុងការបម្រើប្រជាជន​ បម្រើជាតិមាតុភូមិ ក្នុងបុព្វហេតុនៃការអភិវឌ្ឍសង្គម​សេដ្ឋកិច្ច ការ លើកតម្កើងមរតកវប្បធម៌​ អរិយធម៌ជាតិអោយបានគង់វង្សរឹងមាំ ការលើក​តម្កើង​ការគោរព តម្លៃសីលធម៌ និងសេចក្តីថៃ្លថ្នូររបស់សង្គម​ ព្រមទាំងជំរុញការអភិរក្សនិង​អភិវឌ្ឍវប្បធម៌ការថែរក្សាប្រពៃណី និងអត្តសញ្ញាណជាតិ ការធ្វើទំនើបកម្មស្ថាប័ន និងការអភិវឌ្ឍ វិទ្យាសាស្រ្តអោយស្របតាទៅនឹងនិន្នាការនៃសាកលូបនីយកម្ម។​ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​សុខ អាន បានថែ្លងគាំទ្រយ៉ាងពេញទំហឹងដល់រាជបណ្ឌិតសភាកម្ពុជា ដើម្បីលើកទឹកចឹត្តបន្ថែមទៀតដល់ស្ថាប័នដ៏សំខាន់មួយនេះ ក្នុងគោលដៅពង្រឹងនូវតួនាទី ជា​មជ្ឍមណ្ឌល ស្រាវជ្រាវវិទ្យាសាស្រ្ត និងបណ្តុបណ្តាលធនធានបញ្ញាញ្ញាណជាន់ខ្ពស់ របស់ជាតិអោយ កាន់តែរឹងមាំថែមទៀត៕
( រូបថត៖ អ៊ុក សាផាន)

No comments:

Post a Comment