Monday, January 03, 2011

ប្រជាពលរដ្ឋ​២០​គ្រួសារ​​តវ៉ា​រឿង​ដីធ្លី​នៅ​ចំណុច​ភូមិ​ឃ្លាំង​ចាន់ សង្កាត់​ឫស្សីកែវ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​​២០​គ្រួសារ​បាន​មាន​ទំនាស់​អំពី​បញ្ហា​ដីធ្លី​នៅ​ទីតាំង​ភូមិ​ឃ្លាំង​ចាន់​ សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សីកែវ ជាមួយ​ខាង​កំពង់​ផែ​ទន្លេសាប គឺ​ដី​ចាប់​ពី​ចំណុច​ភូមិ​ជ្រោយ​ចង្វារ រហូត​មក​ដល់​មុខ​ឃ្លាំង​សាំង​សូគីម៉ិច ដែល​បាន​ជួល​ឲ្យ​ទៅ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ម៉ាក់វែល ដើម្បី​ធ្វើ​ការ​បូម​ខ្សាច់​នា​ពេល​កន្លង​មក ក្នុង​តម្លៃ​៥៨០​ដុល្លារ​​មួយ​ខែ។
ការ​តវ៉ា​នោះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១០ នៅ​ទីតាំង​កើត​ហេតុ​​ខាង​លើ។ ប្រជាពលរដ្ឋ​បាន​អះអាង​ថា ដី​នោះ​ជា​ដី​របស់​ពួក​គាត់​ដែល​មាន​ការ​ទទួល​ស្គាល់ ដោយ​សាលា​ក្រុង​ហើយ​បាន​​ជួល​ឲ្យ​ក្រុមហ៊ុន​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​២០​ដុល្លារ​ក្នុង​១​ឆ្នាំ។

សេចក្ដី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​មូល​ដ្ឋាន​កំពុង​រារាំង​ប្រជាពលរដ្ឋ​ទាំង​២០​គ្រួសារ មិន​ឲ្យ​ចូល​ទៅ​បោះ​បង្គោល​ព្រំដែន​នៅ​លើ​ទីតាំង​នោះ ក្រោយ​ពី​មាន​ការ​បញ្ចប់​កិច្ច​សន្យា​ជួល​របស់​ក្រុមហ៊ុន​។ សេចក្ដី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​មក​ដក​បង្គោល​ព្រំដី​របស់​ប្រជាពលរដ្ឋ​នោះ​គឺ​ធ្វើ ឡើង​តាម​ពាក្យ​បណ្ដឹង​របស់​ខាង​កំពង់​ផែ។
តាម​ប្រភព​ព័ត៌មាន​ពី​ខាង​សាលា​ក្រុង​ភ្នំពេញ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដី​ទីតាំង​មាន​ជម្លោះ​នោះ ខាង​សាលា​ក្រុង​រឹប​អូស​រៀប​ចំ​ធ្វើ​ជា​សួន​ច្បារ​សាធារណៈ ដោយ​មិន​ឲ្យ​ភាគី​ប្រជាពលរដ្ឋ​និង​ខាង កំពង់​ផែ​នោះ​ទេ៕

No comments:

Post a Comment