Monday, January 03, 2011

សម្ដេច​ជា​ ស៊ីម​ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បើក​អនុសំវច្ឆរៈ​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​១៩

ភ្នំពេញ ៖ អនុ​សំវច្ឆរ​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​១៩​បាន​ប្រារព្ធ​ពិធី​បើក​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ខែ​មករា​ឆ្នាំ​២០១១​នេះ​នៅ​សាល​សន្និសីទ​ចតុមុខ​ដោយ​មាន​ការ​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ពី​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា ​ស៊ីម​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

ឯក​ឧត្ដម​មិន​ឃិន​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា​បាន​ថ្លែង​អោយ​ដឹង​ថា​អនុ​សំវច្ឆរ​មហា​សន្និបាត​មាន​រយៈ​ពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​០៣​ដល់​០៤​ខែ​មករា​ឆ្នាំ​២០១១​ដើម្បី​បូក​សរុប​ពិនិត្យ​មើល​លទ្ធផល​នៃ​ការ​អនុវត្ត​សង្ឃ​ប្រកាស​របស់​អនុសំវច្ឆរៈ​មហា​សន្និបាត​មន្ត្រី​សង្ឃ​កន្លង​ទៅ​និង​ពិភាក្សា​ប្តូរ​​យោបល់​លើ​ការ​ងារ​ព្រះពុទ្ធ​សាសនា​ពេល​បច្ចុប្បន្ន​ និង​លើក​ទិស​ដៅ​បន្ត​សំដៅ​ពង្រឹង​អនុវត្ត​រចនាសម្ព័ន្ធ​ដឹក​នាំ​គ្រប់​គ្រង់​ ពង្រឹង​​លិខិត​បទដ្ឋាន​គតិ យុទ្ធ​ដែល​មាន​ស្រាប់​ធ្វើ​ឲ្យ​វិស័យ​ព្រះ​ពុទ្ធ​សាសនា​រីក​ចំរើន​ សក្ដិសម​ជា​ទី​គោរព​បូជា​របស់​ពុទ្ធ​បរិស័ទ​និង​ពង្រឹង​គុណ​ភាព​ពុទ្ធិក​សិក្សា​ដើម្បី​អភិវឌ្ឍន៍​ធនធាន​បុព្វ​ជិក​ឲ្យ​កាន់​តែ​សុ ក្រឹត្យ​ភាព​និង​គុណ​ភាព​ខ្ពស់។

សម្ដេច​ជា​ ស៊ីម​ ប្រធាន​ព្រឹទ្ធសភា​ ក៏​បាន​បញ្ជាក់​ថា​ទន្ទឹម​និង​ការ​រីក​ចំរើន​ក៏​នៅ​មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​បន្ត​ដោះ​ស្រាយ​។ សម្ដេច​ប្រធាន​ព្រឹទ្ធសភា​ក៏​បាន​ឯកភាព​​អំពី​មហា​សន្និបាត​លើក​នេះ​បាន​ចាប់​អារម្មណ៍​ដល់​ការ​ពង្រឹង​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​អភិបាល​កិច្ច​ការ​គោរព​ប្រតិបត្តិ​ធម៌​វិន័យ​និង​ការ​ចូល​រួម​ការ​ងារ​សង្គម​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ពិសេស​អប់​រំ​សីល​ធម៌​ព្រោះ​ព្រះពុទ្ធ​សាសនា​គឺ​ជា​កម្លាំង​ដឹក​នាំ​ចរិយា​ធម៌​សង្គម​ដ៏​ល្អ​បំផុត​។សម្ដេច​បន្ថែម​ទៀត​ថា​ការ​ពង្រឹង​គុណ​ភាព​លើ​អភិបាល​កិច្ច​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ជួរ​មន្ត្រី​សង្ឃ​ត្រូវ​ផ្សារ​ភ្ជាប់​និង​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ឲ្យ​កិច្ច​ការ​សាសនា​មាន​សណ្ដាប់​ធ្នាប់​ល្អ​និង​ធានា​បាន​នូវ​សាមគ្គី​ភាព​ក្នុង​ជួរ​ពុទ្ធ​សាសនិក​ជន​។ សម្ដេច​ក៏​សូម​អោយ​ជន​រួម​ជាតិ​ខិត​ខំ​សំអាត​កាយ​វាចា​ជម្រះ​នូវ​សេចក្ដី​សៅ​ហ្មង​ទាំង​ឡាយ​ធ្វើ​ដំណើរ​តាម​គន្លង​ព្រះធម៌​និង​មាន​សេចក្ដី​ជ្រះ​ថ្លា​ក្នុង​ការ​ប្រមូល​ផ្តុំ​កម្លាំង​ថែ​រក្សា​ការពារ​សេចក្ដី​សុខ​សន្តិភាព​ស្ថេរ​ភាព​សាមគ្គី​ភាព​ក្តី​សង្ឃឹម​ហើយ​ជំរុញ​ការ​កសាង​ជាតិ​ឆ្ពោះ​ទៅ​រក​ភាព​ថ្កុំថ្កើង​រុង​រឿង​សម្បូរ​សប្បាយ​ត​រៀង​ទៅ​៕

No comments:

Post a Comment