Monday, January 03, 2011

ក្រុម​អាវ​លឿង​បង្កើន​កម្លាំង​ថែម​មក​ទាំង​យប់ ធ្វើ​ឲ្យ​ស្ថាន​ភាព​ព្រំដែន​តាន​តឹង​ថែម

បន្ទាយមានជ័យ ៖ ស្ថាន​ភាព​ព្រំដែន​ចំណុច​បង្គោល​លេខ​៤៦ ចាប់​ផ្ដើម​តាន​តឹង​ថែម​ទៀត​ហើយ ដោយ​សារ​ក្រុម​អាវ​លឿង​បាន​ដឹក​កម្លាំង​បន្ថែម​មក​ជាង​៣០​ឡាន បន្ថែម​ពី​លើ​កម្លាំង​​​របស់​គេ​ដែល​មាន​ស្រាប់​ជិត​១០០០​នាក់។

លោក​អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ប្រាប់​កម្ពុជា​ថ្មី​មុន​នេះ​ថា ជា​ការ​ពិត​ហើយ ចំណុច​ព្រំដែន​ជោគ​ជ័យ ត្រង់​បង្គោល​លេខ​៤៦ មក​ដល់​ម៉ោង​នេះ​សភាព​ការ​បន្ត​តាន​តឹង​ខ្លាំង​ឡើង។ លោក​អ៊ុង អឿន និយាយ​ថា ឥឡូវ​ក្រុម​អាវ​លឿង​បាន​ឲ្យ​កម្លាំង​ជាង​១០០​នាក់​មក​តវ៉ា​នៅ​ចំណុច​ច្រក​អូរបីជាន់​បន្ថែម​ទៀត។ ខ្ញុំ​បាន​ជួប​ជាមួយ​នឹង​មន្រ្តី​ជាន់​ខ្ពស់​កង​ទ័ព​ថៃ​មួយ​រូប​តាម​រយៈ​ទូរស័ព្ទ គាត់​ប្រាប់​ថា ថ្មី​ៗ​នេះ ក្រុម​អាវ​លឿង​បាន​ដឹក​កម្លាំង​ចូល​ជាង​៣០​ឡាន​ថែម​ទៀត តែ​តម្រួត​យោធា​ថៃ​ក៏​គេ​បាន​បង្កើន​កម្លាំង​ថែម​​ដើម្បី​ទប់​ស្កាត់​ពួក​ជ្រុល​និយម​នេះ។ មន្រ្តី​រូប​នោះ​បាន​ប្រាប់​ថា ឥឡូវ​ក្រុម​អាវ​លឿង​និយាយ​លែង​ស្ដាប់​គ្នា​ហើយ ពួក គេ​បាន​ចែក​ជា​បី​ក្រុម ក្រុម​ទី​១​កំពុង​តវ៉ា​នៅ​មុខ​អគ្គ​កុងស៊ុល​កម្ពុជា​ក្នុង​ខេត្ត​ស្រះកែវ ក្រុម​ទី​២ នៅ​ប្រចាំ​ការ ទល់​មុខ​ច្រក​ព្រំដែន​ជោគជ័យ ចម្ងាយ​ពី​បន្ទាត់​ព្រំដែន​ប្រមាណ​២០០​ម៉ែត្រ​ប៉ុណ្ណោះ និង​ក្រុម​ទី​៣ នៅ​ច្រក​អូរ​បី​ជាន់។

ពួក​ក្រុម​អាវ​លឿង​បាន​ព្រមាន​ធ្វើ​ការ​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ព្រឹក​ស្អែក​នេះ​ទៀត​ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង ពួក​គេ​ទាំង​៧​នាក់។ លោក​អ៊ុង អឿន បាន​បន្ត​ទៀត​ថា កង​ទ័ព​របស់​យើង​ក៏​បាន​បន្ថែម​ទៅ​ចំណុច​ខាង​លើ ដើម្បី​ទប់​ស្កាត់​ក្រុម​ជ្រុល​និយម​សៀម ខ្លាច​ក្រែង​ពួក​គេ​រុល​​​ចូល​មក​ក្នុង​ដែន​ដី​របស់​យើង។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​ថៃ​កំពុង​សហការ​ជាមួយ យើង​យ៉ាង​ល្អ​ពាក់ព័ន្ធ​នឹង​រឿង​នេះ៕

No comments:

Post a Comment