Saturday, January 22, 2011

បញ្ជា​របស់​លោក​សៅ សុខា អត់​ប្រសិទ្ធ​ភាព ! មន្រ្តី​អាវុធ​ហត្ថ​បាញ់​បោះ​ត្រូវ​អ្នក​ដទៃ ត្រូវ​បាន​ដោះលែង

ភ្នំពេញ ៖ កាល​មុន​នេះ​បន្តិច លោក​សៅ សុខា មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន ចេញ​បញ្ជា​យ៉ាង​ដាច់​ណាត់ ឲ្យ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួន​មន្រ្តី​ក្រោម​ឱវាទ​របស់​ខ្លួន​ម្នាក់ ឲ្យ​តុលា ការ​វិនិច្ឆ័យ​ទោស​តាម​ច្បាប់ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ទុះ​អាវុធ​សេរី បណ្ដាល​ឲ្យ​រង​របួស​អ្នក​ដទៃ។ គ្រាន់​​តែ​​ចេញ​បញ្ជា​​ចប់ ជន​ដៃ​ដល់ ត្រូវ​បាន​គេ​ឃុប​ឃិត​គ្នា​ដោះ​លែង​ស្ងាត់ៗ ដោយ​មិន​បាន​បញ្ជូន​ឲ្យ​តុលាការ​ចាត់​ការ​តាម ផ្លូវ​ច្បាប់​ឡើយ។
ជន​ដៃ​ដល់​ដែល​លោក​សៅ សុខា បញ្ជា​ឲ្យ​ចាប់​ខ្លួន​នោះ ឈ្មោះ​សំបូរ ចាន់វណ្ណា ជា​មន្រ្តី​អាវុធ​ហត្ថ រាជធានី​ភ្នំពេញ និង​ជា​កូន​របស់​លោក​មុំ ភារម្យ ប្រធាន​ការិយាល័យ​ព័ត៌មាន​សន្តិសុខ​អាវុធ​ហត្ថ​រាជធានី​ភ្នំ ពេញ។

នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១១ ឈ្មោះ​សំបូរ ចាន់វណ្ណា បាន​ប្រើ​កាំភ្លើង ម៉ាក រឺឡូ បាញ់​ចំនួន​១​គ្រាប់ ចៃដន្យ​គ្រាប់​កាំភ្លើង​នោះ បាន​ត្រូវ​ស្រ្តី​មា្នក់ ឈ្មោះ​ស្រី និច អាយុ​១៨​ឆ្នាំ មាន​មុខ របរ​ជា​អ្នក​លក់​គ្រឿង​ក្រអូប នៅ​ក្នុង​ផ្សារ​ចាស់ គ្រាប់​កាំភ្លើង​បាន​ត្រូវ​ជើង​ឆ្វេង​របស់​នាង​រង​របួស​ជា​ទម្ងន់ ហើយ​បាន​ត្រូវ​បញ្ជូន​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា។
ក្រោយ​កើត​ហេតុ លោក​សៅ​ សុខា មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អគ្គ​មេ​បញ្ជា ការ​រង​កង​យោធពលខេមរ​ភូមិន្ទ បាន​ចេញ​បញ្ជា​យ៉ាង​ហំហាន ឲ្យ​ស្វែង​រក​ចាប់​ខ្លួន​ឈ្មោះ​សំបូរ ចាន់វណ្ណា ហើយ​ព្រមាន​មន្រ្តី​ថ្នាក់​ក្រោម​របស់​ខ្លួន មិន​ឲ្យ​ធ្វើ​អន្តរាគមន៍​សម្របសម្រួល​ជាមួយ​ជន​រង​គ្រោះ​ក្រៅ​ប្រព័ន្ធ​តុលាការ ហើយ​ដាច់​ខាត​ត្រូវ​តែ​បញ្ជូន​ជន​ដៃ​ដល់​ឲ្យ​តុលាការ​អនុវត្ត​តាម​ច្បាប់។
ក្រោយ​មាន​បញ្ជា សមត្ថកិច្ច​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​ស្វែង​រក​ចាប់​ខ្លួន​ឈ្មោះ​សំបូរ ចាន់វណ្ណា ហៅ​មុំ សិលា អាយុ២​៤​ឆ្នាំ ដែល​ប្រើ​ប្រាស់​កាំភ្លើង​ម៉ាក​រឺឡូ បាញ់​បោះ​បណ្ដាល​ឲ្យ​ត្រូវ​របួស​អ្នក​ដទៃ។ ប៉ុន្តែ ក្រោយ​ចាប់​ខ្លួន ជន​នេះ មិន​ត្រូវ​បាន​បញ្ជូន​មក​តុលាការ តាម​បញ្ជា​របស់​លោក​ឧត្ដម​សេនីយ៍ សៅ សុខា ឡើយ ហើយ​បើ​តាម​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​អះអាង​ថា មាន​មន្រ្តី​ថា្នក់​ក្រោម​មួយ​ចំនួន បាន​ធ្វើ​ការ​សម្របសម្រួល សុំ​មិន​ឲ្យ​ជន​រង​គ្រោះ​ប្ដឹង​ផ្ដល់ ហើយ​បាន​សុខ​ចិត្ត​សង​សំណង​ជា​លុយ​កាក់ ដល់​ជន​រង​គ្រោះ​ក្រៅ​ប្រព័ន្ធ តុលាការ​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ ទើប​ជន​រង​គ្រោះ​ដក​ពាក្យ​ឈប់​ប្ដឹង ហើយ​ឈ្មោះ​សំបូរ ចាន់វណ្ណា ក៏​មិន ត្រូវ​បាន​បញ្ជូន​ឲ្យ​តុលាការ អនុវត្ត​នីតិវិធី​ច្បាប់ តាម​បញ្ជា​របស់​លោក​ឧត្ដម​សេនីយ៍​សៅ សុខា​ឡើយ៕

No comments:

Post a Comment