Wednesday, December 29, 2010

ប្រាក់​នៅ​ក្នុង​​ហោប៉ៅរបស់ WB សាង​សង់​​បណ្ណា​ល័យ​មួយយឺតយ៉ាវ​ណាស់​...​យើង​ធ្វើ​​តែ​​១៨​ខែប៉ុណ្ណោះ

សម្តេច​តេជោ​ហ៊ុន សែន ​​នាយករដ្ឋ​មន្ត្រី​​ បានធ្វើ​​ការរិះគន់​ទៅលើធនាគារ​​ពិភពលោក (WB) ថា ធនាគារ​នេះ (WB) ​មាន​ការ​យឺ​ត​យ៉ាវ​​ខ្លាំង​ណាស់ក្នុង​ការ​សាង​សង់​​បណ្ណា​ល័យ​​ដែលមាន​​គំរោង​​តាំងពី​​​ឆ្នាំ​២០០៧មក​ម៉្លេះ ​ឥឡូវ​​ជិត​ដាច់ឆ្នាំ​​២០១០ ទៅហើយ​ នៅតែ​សាង​សង់​​មិន​ទាន់រួច​រាល់​​ទៀត...​​​មិនដឹង​ថា គេធ្វើ​យ៉ាង​​ម៉េច​ទេ? សម្តេច​​អគ្គ​មហា​សេនាប​តី​តេជោ ហ៊ុន សែន បាន​មាន​ប្រតិ​កម្ម​ចំពោះ​ធនាគារ​ពិភព​លោក​​បែប​​នេះ ខណៈ​សម្តេច និង​លោកជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​ សែន ​អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​ស្ថាបនា​​ស្ពាន​អាកាស​​ទី​២ ដែល​មាន​ទីតាំង​​​ត្រង់​ផ្លូវ​បំបែក​ជា​៥ ​ភ្លើង​​ស្តុប​មន្ទីរ​​ពេទ្យ​​ព្រះ​កុសុមៈ កាលពីព្រឹកថ្ងៃទី​​២៩ ធ្នូ ២០១០ ​ប៉ុន្តែ​​ពិធីថ្លែង​សុន្ទរកថា​​ និងជួបជុំ​​ត្រូវ​បាន​​រៀបចំ​​នៅក្នុង​ទីធ្លា​​សាកលវិទ្យា​ល័យ​​ភូមិន្ទ​​ភ្នំពេញ​ ។
បណ្ណាល័យ​​ដែល​សាងសង់​​យឺតយ៉ាវ​​នេះគឺ​​ជា​បណ្ណាល័យ​​ធ្វើនៅក្នុង​បរិវេណ​​សាកលវិទ្យា​ល័យ​​ភូមិន្ទ​ភ្នំពេញ ​ជិត​៤​ឆ្នាំ​​ទៅហើយ ​នៅតែ​សាង​សង់​​មិនទាន់​ហើយទៀត ​ប្រហែល​​ជា​មកពី​លុយ​នៅ​ក្នុង​ហោប៉ៅ​​របស់គេ​​ហើយ​មើលទៅ​ ទើបបាន​ជា​​វាអញ្ចឹង​? បើ​លុយ​​​របស់​យើង​​​វិញ គឺ​យើង​ធ្វើ​លឿនជាងនេះ​ ​យើង​បាន​គិតគូរ​​សាង​សង់​​បណ្ណា​ល័យ​​​មួយផងដែរ ​​មានទំហំប៉ុន​គ្នា ធ្វើតែ​​រយៈ​​ពេល​​១៨​ខែ​ប៉ុណ្ណោះ​ រួច​រាល់​​​បាត់ទៅ​ហើយ​...​​អាហ្នឹង​​លុយរបស់​យើងផ្ទាល់​​គឺវា​អញ្ចឹង ។​ ​ស្តីពី​ស្ពាន​អាកាស​​ទី​២ ឬ​ស្ពាន​​អាកាស​ថ្មី​ដែល​គ្រោង​សាង​សង់​​នេះវិញ​ ជា​ស្ពាន​បេតុង​អាម៉េ​ មាន​ប្រវែង​៣៤៥​ម៉ែត្រ ទទឹង​១៥,២០​ម៉ែត្រ ​ហោះ​ស្រប​​តាម​មហា​វិថី​សហ​ព័ន្ធ​​រុស្ស៊ី ចំណុច​កណ្តាល​មាន​កំពស់​​៥,៥​ម៉ែត្រ យក​ត្រង់​ចំណុច​​ផ្លូវ​​បំបែក​ជា​៥​​នៃ​​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី និង​ផ្លូវ​លេខ​៥៩៨ ។ ស្ពាន​អាកាស​នេះ ជា​ស្ពាន​ទ្វេ​ទិស​ចរាចរណ៍​​សំរាប់​រថយន្ត​ទៅ​មក និង​គ្មាន​​ចិញ្ចើម​សំរាប់​ថ្មើរ​ជើង​ទេ។ ស្ពាន​អាកាស​ទី​២​នេះ វែង​ហើយ​ធំ​ជាង​ស្ពាន​អាកាស​ទី​១ ក្បាល​​ថ្នល់​ដែល​អនុ​វត្ត​​ដោយ​ក្រុម​ហ៊ុន OCIC ជា​ថវិកា​បាន​មក​ពី​ជួល​ដី​កោះ​ពេជ្រ​​ដូច​ស្ពាន​ទី​១ ដែរ ។
ស្ពាន​អាកាស​ទី​២ នេះ មាន​​​ដៃ​ស្ពាន​មួយ​ទៀត ទំលាក់​ទៅ​មហា​វិថី​កម្ពុជា​ក្រោម បំបែក​ពី​​ស្ពាន​ធំ​ស្រប​មហា​វិថី​សហ​​ព័ន្ធ​រុស្ស៊ី​មាន​ប្រវែង​១៦០​ម៉ែត្រ ទទឹង​៦,៥​ម៉ែត្រ ជា​ស្ពាន​ឯក​ទិស​ចរា​ចរណ៍​​ក្នុង​ទិស​ដៅ​ចុះ​ពី​ស្ពាន​ធំ​ទៅ​មហា​វិថី​កម្ពុជា​ក្រោម​ ​ដែល​មាន​មួយ​​កន្លែង​សំរាប់​​រថយន្ត និង​មួយ​កន្លែង​សំរាប់​ម៉ូតូ និង​គ្មាន​​ចិញ្ចើម​សំរាប់​ថ្មើរ​ជើង​​ដែរ ។ ការ​ស្ថាបនា​ស្ពាន​នេះ មាន​ដាក់​បង្គោល​​​ភ្លើង​បំភ្លឺ លាប​​គំនូស​ចរា​ចរណ៍​ ​ដាក់​របាំង​បេតុង​ចែក​ទ្រូង​ស្ពាន ​ស្ថាបនា​​បង្កាន់​ដៃ​ស្ពាន​សង​​ខាង​កំពស់​១,០៨​ម៉ែត្រ ទទឹង​០,៥​ម៉ែត្រ ​មាន​ជំរាល​៥,៧%។ ស្ពាន​​មាន​សសរ​១៤​បូក​ទាំង​ដៃ​ស្ពាន និង​​​មាន​ការ​​ស្ថាបនា​សួន​ច្បារ​នៅ​​​ខាង​ក្រោម​ រៀប​ចំ​​បណ្តាញ​​អូរ​អម​សង​ខាង​​ស្ពាន និង​តំបន់​​ជុំ​វិញ។ ​​មាន​ស្ថាបនា​ពង្រីក​ផ្លូវ​កៅស៊ូ​អម​សង​ខាង​ស្ពាន​នៅ​ផ្នែក​​ខាង​លិច​ភ្លើង​ស្តុប​​ទទឹង​៧​ម៉ែត្រ និង​ផ្នែក​ខាង​កើត​ភ្លើង​​ស្តុប​ទទឹង​​៥.៥០​ម៉ែត្រ។ ក្រៅ​ពី​នេះ ​មាន​ការ​ស្ថាបនា​រង្វង់​មូល​នៅ​ខាង​លិច​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ និង​ស្ថាបនា​សួន​ច្បារ​សំរាប់​បែង​​ចែក​ទ្រូង​ផ្លូវ​លើ​​ផ្លូវ​លេខ​២៧១ និង​ផ្លូវ​លេខ​៥៩៨ ព្រម​ទាំង​ដាក់​ស្លាក​សញ្ញា​ចរា​ចរណ៍​​ផង​ដែរ៕ ​
ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment