Wednesday, December 29, 2010

សម្តេច​តេជោហ៊ុន សែន ៖​ ត្រូវតែ​​នាំ ខ្លួន​ជនជាតិ​ថៃ​៧​នាក់​​ដែល​​មានសមាជិក​​សភា​​២នាក់ឡើងតុលាការ

រាជធានីភ្នំពេញ ៖ សម្តេច​តេជោហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​ បានប្រកាស​ថា សមត្ថ​កិច្ច​​ការពារព្រំដែន​​ និងអាជ្ញាធរ​​ដែនដី ត្រូវ​តែនាំ​​ជន​ជាតិ​​ថៃ​​៧​នាក់​​ ជាក្រុម​​អាវលឿង ​ដែលចាប់បាន​​នៅ​ឯព្រំដែន​​​ក្នុងទឹកដី​កម្ពុជា​នោះឡើង​តុលាការ​​ឱ្យ​​ខាង​តែ​បាន ​ព្រោះជា​​កំហុស​​របស់ពួកគេ​​​ហ៊ាន​​រំលោភ​​​​អធិបតេយ្យ​ភាព​​​របស់​កម្ពុជា ។​ សម្តេច​​តេជោនាយករដ្ឋ​មន្ត្រី​​​បានដាក់​​បន្ទុក​​បែបនេះ​​ក្នុង​​ឱកាស​អញ្ជើញ​​ជាអធិបតី​​​​ដ៏ខ្ពង់ខ្ពស់​​ក្នុងពិធី​​​បិទសន្និបាត​​បូកសរុប​​ការងារ​ក្រសួង​អភិ​វឌ្ឍន៍​​ជនបទ​ឆ្នាំ​​២០១០ និង​លើក​ទិសដៅ​​ឆ្នាំ​​២០១១ ​កាលពីរសៀលថ្ងៃទី​​​២៩ ធ្នូ ​២០១០ ​នៅ​​សាល​សន្និសីទ​​ចតុមុខ ​ដោយ​មាន​មន្ត្រីជាន់​ខ្ពស់​​​​រដ្ឋាភិបាល ​​តំណាង​អង្គការ​ជាតិ​-អន្តរជាតិ ​មន្ត្រី​ស្ថានទូត​​ចូលរួមយ៉ាង​​ច្រើនកុះករ ។​
ការចាប់​បាន​​ក្រុមអាវ​លឿង​​ជនជាតិថៃ​​៧​នាក់ ក្នុងនោះ​​មានសមាជិក​​សភា​​២​នាក់ផង ត្រូវបាន​​សម្តេច​តេជោ​​ហ៊ុន សែន ​សង្កត់ធ្ងន់​ថា ​រឿង​ប្រព្រឹត្ត​​​ខុសច្បាប់​​​លុកលុយទឹក​ដីគេនេះ ​បើ​ទោះ​​ជាមាន​​អន្តរាគមន៍​​​សុំ​ឱ្យ​ដោះ​លែង​សមាជិក​​សភាថៃ​២នាក់​នោះ​ក៏ដោយ ​ក៏​យើង​​​មិនអាច​ជួយបាន​​ដែរ ព្រោះ​​ពួកគេ​​យករឿង​ខុស​មក​ជា​មួយ​...។ សម្តេច​តេជោ​​លើកឡើង​ថា ​បើដោះ​លែង​​​​២នាក់ តើ​៥​នាក់​ទៀតគិត​យ៉ាងម៉េច? ព្រោះ​ពួកគេ​បង្ក​កំហុស​​ដូចគ្នា​...។
សម្តេច​នាយករដ្ឋ​មន្ត្រី​​ខ្មែរ ដែលធ្លាប់​​​ព្រមាន​​ដោយពាក្យ​សំដី​ថា ​អ្នកឯង​ហ៊ាន​​ចូលយើង​បាញ់! អ្នក​ឯក​​ចង់​ងាប់​ចូលម៉ោ! កាល​ជម្លោះ​​នៅ​ឯ​​តំបន់ព្រំដែន​​វាល​ឥន្ទ្រី​ និង​ភ្នំ​ទ្រព្យ​នោះ ឥឡូវ​បាន​បញ្ជាក់​ថា ​​ពិត​មែន​​តែ​អ្នកឯង​​ជា​សមាជិក​សភា​ថៃ...ប៉ុន្តែ​​​​សមាជិក​សភា​ថៃ មាន​អភ័យ​ឯកសិទ្ធិ​​តែនៅក្នុង​ទឹកដី​​ថៃ​ប៉ុណ្ណោះ អ្នកឯង​គ្មាន​​អភ័យ​​ឯក​សិទ្ធិ​​នៅក្នុងទឹក​ដីកម្ពុជា​ទេ​...​អ្នក​ឯង​​​ចូលក្នុង​ទឹកដី​កម្ពុជា​​ខុសច្បាប់ ​នាំ​រឿង​ខុស​ច្បាប់​​មក​ជា​មួយ​ទៀត ដូច្នេះ​​បន្ទុក​កាន់តែ​​ធ្ងន់​ហើយ​...​ត្រូវ​​តែ​ឃាត់​ខ្លួន​​​កសាង​​សំណុំរឿង​​បញ្ជូនទៅ​តុលាការ​​ជំនុំជំរះ​តាម​​នីតិវិធី ។​
សម្តេច​​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន ​បានថ្លែង​ថា ការចាប់ខ្លួន​​ជនជាតិថៃ​​៧​នាក់ ​រួម​ទាំង​សមាជិក​​សភា​២នាក់​​ផងនោះ ​ដែលពួកគេ​មក​​វាស់​វែង​​ដី​​គ្មានការអនុញ្ញាត​​​ គ្មានកិច្ច​សហ​ការ​​​ក្នុងទឹក​​ដីប្រទេស​​កម្ពុជា​នេះ ​វាមិនបង្ក​ឱ្យ​មាន​ភាព​កករល្អក់ផ្នែកទំនាក់ទំនង និង​ការទូត​អ្វី​​នោះទេ គឺ​​កម្ពុជា​អនុវត្ត​ច្បាប់​​របស់​កម្ពុជា​​តែ​ប៉ុណ្ណោះ ។
សូម​បញ្ជាក់​ថា ក្រុមជ្រុល​និយម​អាវលឿង ​សៀម​៧​នាក់​​នេះមាន​ស្រី​២ ប្រុស​៥ ត្រូវបាន​​កំលាំង​​សមត្ថកិច្ច​​ជួរមុខបន្ទាត់ព្រំដែន​​ភូមិសាស្ត្រ​​​​ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ​​ធ្វើការ​​ឃាត់ខ្លួន​​ ខណៈ​ពេល​​គេបាន​​ចូលមក​ធ្វើការ​​វាស់វែង​ក្នុង​​
ទឹ​កដី​​កម្ពុជា​​​​ដោយខុសច្បាប់​​​កាលពីវេលាម៉ោង​​១០​និង​​៣០​​នាទីព្រឹក​ថ្ងៃទី​​២៩ ធ្នូ ​២០១០ ។ ក្រុម​​អា​វលឿងមួយក្រុម​​នេះគឺ​ដឹកនាំ​ដោយ​​ឈ្មោះ​​វីរៈ​ ស៊ុម​ខ្វាមឃីត ហៅ​វិរៈ​​ក្បាល​តូច មេ​ក្រុម​​អាវ​លឿងសៀម ព្រមទាំង​​៦​នាក់​​​ផ្សេង​​ទៀត  ហើយ​​ក្នុង​ចំណោម​​​​នេះមាន​សមាជិក​​សភា​​២នាក់​​ផង​ដែរ ។ ចំណែក​​​អ្នក​រួមដំណើរ​​​​បង្ករឿង​​​​៦​នាក់​ទៀត​ គឺ​១-​ឈ្មោះ​​តាយ ណៃ ភេទ​ប្រុស អាយុ​​៣៤​ឆ្នាំ ​២-​ឈ្មោះ​​ផាន ​លីត​វិគីតសែត ភេទ​ប្រុស ​អាយុ​​៤៧​ឆ្នាំ ​ជា​សមាជិក​​សភា​​ភូថៃ​រ៉ាត់​សាដន ក្រុង​ថែប ៣-​ឈ្មោះ​​កត់​ផុន​ផន​ឈឺ​ឆាក់​សេរី​​​មុនស្រ ​ភេទ​​ស្រី អាយុ​​៤៨​ឆ្នាំ ​៥-​ឈ្មោះ​ឡាត ​ទ្រី​ភិផាក​ណា​ផៃ ភេទ​ស្រី​​ អាយុ​​៥០​ឆ្នាំ ​៦-​ឈ្មោះ​​លឿ ទ្រី​សែម​ឌីន លើ​តបុត​ ភេទ​ប្រុស អាយុ​​​៥៧​ឆ្នាំ ជា​​លេខា​ធិការ​បក្ស​​​អាវ​លឿង ។ ក្រៅពី​​ការឃាត់ខ្លួន​ក្រុមជ្រុល​​និយម​​មួយ​ក្រុមនេះ កំលាំង​​ការពារ​ព្រំដែន​​ជួរ​មុខ ​ដក​ហូត​បាន​ម៉ាស៊ីន​ថត​ចំនួន​​​៤គ្រឿង និង​​សំភារ​មួយ​ចំនួន ។ ​ពួកគេ​​ទាំង​​៧​នាក់​​បាន​លួច​ចូលមក​ទឹកដីកម្ពុជា នៅ​ចំណុច​បង្គោល​ឡាក់​​លេខ​៤៦​ ស្ថិត​​​​ក្នុង​ភូមិ​​​ជោគជ័យ​​​ ឃុំ​អូរបីជាន់ ស្រុកអូរ​ជ្រៅ ​​ខេត្ត​​បន្ទាយមានជ័យ គឺ​ឆ្លង​​ហួស​​ចូល​មក​ទឹកដីកម្ពុជា ​​ដោយ​គ្មាន​ការ​​អនុញ្ញាត​​​ និង​ផ្តល់​​ព័ត៌​មាន​​ឱ្យស​មត្ថ​កិច្ច​​ ឬអាជ្ញាធរ​​ខ្មែរឡើយ ៕

No comments:

Post a Comment