Wednesday, December 29, 2010

សម្ដេច ហ៊ុន សែនៈ បើដីថៃ​ធ្វើសកម្ម​ភាព​តាម​ចិត្តចុះ​

 សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនមានប្រសាសន៍ នារសៀល​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ​ ២០១០ ​ថា ខ្ញុំគិតថា ឯកឧត្ដមនាយករដ្ឋមន្ដ្រី អាប់ ភីស៊ីត នឹងយោគយល់ដល់ប្រព័ន្ធច្បាប់របស់កម្ពុជា ដែលមិន អាច​មាន​អ្នកណាមួយ រំលោភបាន ហើយ ខ្ញុំគិតថា ការចាប់ខ្លួនអ្នកទាំង ៧ នាក់នេះគឺមិន រីករាល ដាល​ក្លាយ​ទៅជា​ជម្លោះការទូតសារជាថ្មី រវាង កម្ពុជានឹងថៃទេ ព្រោះអំពើខុសច្បាប់បែបនេះ។
ប្រ​សាសន៍​របស់​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​ទាក់​ទង​ដល់​ការ​ចាប់​ខ្លួនជនជាតិថៃចំនួន ៧ នាក់​ដែល​​បាន ចូលមកដីខ្មែរ​ដោយ​ខុស​ច្បាប់ ដោយមាន​ទាំង តំណាងរាស្ដ្រ​គណបក្ស​ប្រជាធិបតេយ្យ​​របស់​នា យករដ្ឋ​​មន្រ្តី​​ថៃ អាប់ភីស៊ីត​ វេចាជីវ៉ា​ចំនួន ២ នាក់ផងនោះ គឺ​បាន​ធ្វើ​ឡើងនៅក្នុង​ឱកាស​ដែល​ សម្តេច ​​តេជោ​អញ្ជើញចូលរួម​ជា​អធិបតី​ក្នុង​ពិធីបិទ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងអភិវឌ្ឍជនបទ​​​ ដែល​ប្រារព្ធ​ ធ្វើ​នៅ​សាល​សន្និសីទ​ចតុមុខ​​រាជធានី​ភ្នំពេញ​។​ ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ដ្រី​​ថ្លែងឲ្យ​ដឹង​ថា បន្ទាប់ពីការ ចាប់​ខ្លួន​ ​(ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១០)​នោះ​ មាន​អន្ដរាគមន៍​ឱ្យដោះ​លែង​អ្នក​តំណាងរាស្ដ្រ​ ថៃទាំង​ពីររូបនោះ ប៉ុន្ដែ​សម្តេច​បានបដិសេធហើយ បញ្ជាក់​ត្រឡប់​ទៅ​​វិញថា តំណាង​រាស្រ្ត​ទាំង​ពីររូប នេះមកជាមួយសំណុំរឿង ដូច្នោះ​បើដោះលែង ២ នាក់ទុក ៥ នាក់​គឺ​វា​ខុស​រឿង។ តំណាង​រាស្ដ្រ​ ថៃមានអភ័យឯកសិទ្ធិតែក្នុងដីថៃ តែចូល​ដីខ្មែរត្រូវតែចាប់។ បើតំណាង​រាស្ដ្រ​​ខ្មែរ​ចូល​ដី​ថៃថ្ងៃក្រោយ ចាប់ចុះ ប៉ុន្ដែ​យ៉ាងណា​ក៏ដោយ​​ការគោរព​សិទ្ធ​របស់អ្នកដែល​ត្រូវបាន​ចាប់​ខ្លួន​​ត្រូវតែ​បាន​ធានាផង​ដែរ ។
សម្ដេចតេជោ មាន​ប្រសាសន៍​ថា នៅពេលដឹកមកដល់ទីក្រុងភ្នំពេញពីខេត្ដបន្ទាយមានជ័យ ជនជាតិ​​ថៃ​ ទាំង​នោះ នឹងត្រូវទុកនៅកន្លែងប៉ូលីសអន្ដោប្រវេសន៍ ដើម្បីទុក​ឱ្យ​តុលាការ​ក្រុងភ្នំពេញ​ជាអ្នក​ចោទ ​ប្រកាន់ តុលាការ​ចោទប្រកាន់យ៉ាងណាវាជានីតិវិធីរបស់តុលាការ នៅពេល​ចោទ​ប្រកាន់​រួចហើយ​នឹង​ បញ្ជូន​ទៅ​កាន់​ពន្ធនាគារព្រៃសហើយ។ទាក់​ទង​និង​សកម្ម​ភាព​របស់​ “បណ្ដាញ​អ្នក​ស្នេហា​ទាមទា​ កេរ្ដិ៍ដីម៉ែ​ ដឹក​នាំ​ដោយ​លោក​វីរៈស៊ុម ខ្វាមឃិត ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​ចូល​មក​ទឹកដី​ខ្មែរ ​ដោយ​ខុស​ច្បាប់​នេះ​ដែរ​ សម្ដេចតេជោនាយករដ្ឋមន្រ្តី​បាន​ថ្លែងបញ្ជាក់​ថា បើដី​​ថៃ​អ្នក​ឯង​ធ្វើ​ សកម្មភាព​តាមចិត្ដចុះ តែដីកម្ពុជា កម្ពុជាត្រូវធ្វើសកម្មភាពតាមផ្លូវច្បាប់ ។ វា​មិនដូច​ប្រជា ពលរដ្ឋ​ថៃចំនួន ៣ នាក់ដែលយើង​បាន​ដោះលែង​នោះ​ទេ ពីព្រោះបណ្ដាញអ្នកស្នេហាជាតិ ថៃ​គេ​មក​ វាស់ដី​​ថៃក្នុងដីខ្មែរ អញ្ចឹង​ខ្មែរ​មានមាន​សិទ្ធ​ចាប់​ហើយ​កាត់​ទោស ។ ធ្វើអ្នក​តំណាងរាស្ដ្របើ​មិនដឹង​ទេ​ វាគួរ​តែ ​ជាប់គុក ។ អ្នក​ឯង​ចេះការពារដីម៉ែ ចេះទាមទាដីម៉ែ ខ្ញុំមិន​ចេះការពារដីម៉ែទេឬ ?
    ពាក់ព័ន្ធជាមួយបញ្ហាប្រាសាទព្រះវិហារវិញ សម្ដេចតេជោ​នាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា ខ្ញុំមិន​ ដែល​ទទួល​ស្គាល់ថា ការចុះបញ្ជីប្រាសាទព្រះវិហារ​ចូលទៅ​ក្នុង​បេតិកភណ្ឌ​ពិភពលោក​នាំ​ឱ្យ​មាន​ភាព​ តាន​តឹង​រវាង​កម្ពុជា-ថៃទេ បើសិនជាមាន អ្នកណានៅទីក្រុងបាងកកនិយាយបែបនេះ គឺជាការខុស និង បំពាន ។ សម្ដេច​តេជោ​មានប្រសាសន៍ថា សូមអង្គការយូណេស្កូ ឬមិត្ដភក្ដិបរទេសកុំភ័ន្ដច្រឡំ និង ចាញ់​ការ​ឃោសនា​អកុសល​​ពីជនណាក៏ដោយចុះ ។ អ្វីដែលខ្ញុំទទួលស្គាល់ថា ការតានតឹង គឺ​បណ្ដាល ​មក​ពីការ​ឈ្លាន​ពាន​របស់​កងទ័ព​ថៃ នៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០០៨ រហូតដល់ខ្ញុំបានប្រកាស ជាសាធារណៈថា ការបញ្ជូន​អ្នក​ការទូត​ត្រឡប់មកវិញ ការប្ដូរទូតទៅវិញទៅមកក៏មែនពិត ក៏ប៉ុន្ដែខ្ញុំមិន បានចាត់ទុកថា នេះជា ប្រក្រតីកម្ម​ពេញ​លេញទេ ប្រក្រតីកម្មពេញលេញរហូតដល់ទៅ​ កងទ័ព ឈ្លានពាន​ដកចេញ​ពីវត្ដ​កែវ​សិក្ខាគីរីស្វរៈ។ សម្ដេច​​តេជោ​នាយករដ្ឋមន្រ្តី​មានប្រសាសន៍ថា ចាប់ពីម៉ោង ១០,៣០នាទី ថ្ងៃទី ១ ខែធ្នូឆ្នាំ ២០១០ កងទ័ព​បាន​​កែសម្រួល ចេញ​​ពីវត្ដកែវ សិក្ខាគីរីស្វរៈ ខ្ញុំបានប្រកាសថា ប្រក្រតីកម្មពេញលេញហើយ សូម​កុំ​ភ័ន្ដច្រឡំ​លើបញ្ហានេះ ។

     ចំពោះការចោទប្រកាន់ថា កម្ពុជាឈ្លានពានដីថៃរហូតដល់ទៅ ១,៨ លានរ៉ៃវិញ សម្ដេចតេជោ​​ មាន ប្រសាសន៍ថា នេះជាលើកដំបូងក្នុងប្រវត្ដិសាស្ដ្រដែលកម្ពុជាឈ្លានពានគេ កន្លងទៅធ្លាប់តែថា គេ​ឈ្លាន ពានកម្ពុជា គេចោទយើងថាជាអាយ៉ង ប៉ុន្ដែឥឡូវកម្ពុជាមានឈ្មោះថាឈ្លានពាន តែក្នុង​ពេល​ជា​មួយ​គ្នា នោះដែររដ្ឋាភិបាលថៃ និងកងទ័ពថៃបាននិយាយថា មកដល់ពេលនេះ​គ្មាន​ការបាត់បង់​ទឹកដី​ថៃ​ បន្ដិច​ណាទេ ដូច្នោះមានន័យថា ពួកក្រុមនិយមជ្រុលនិយាយខុសការពិត ។ រដ្ឋាភិបាល​ថៃ​ក៏​ចេះ​ស្នេហា ជាតិ​ដែរ នាយករដ្ឋមន្ដ្រីថៃលោក អាប់ភីស៊ីត ក៏ចេះស្នេហាជាតិដែរ រដ្ឋមន្ដ្រីការពារជាតិថៃ​ក៏ចេះ​ ស្នេហា​ជាតិ​ដែរ អគ្គបញ្ជាការកងទ័ពថៃក៏ចេះស្នេហាជាតិដែរ ហើយគាត់បាននិយាយថា គ្មានការបាត់ បង់​ទឹកដីនោះទេ បើខាងកម្ពុជាថាអត់បាត់ ខាងថៃថាអត់មាន​បាត់បង់​ទឹកដីនោះ​វាគ្មាន​ ការបាត់បង់​ ទឹក​ដី​នោះ​ទេ ។

ចំពោះការដកសហគមន៍ប្រជាពលរដ្ឋខ្មែរចេញ​ពីភូមិ​“គ១”នោះ សម្ដេចតេជោ​មានប្រសាសន៍ថា ខ្ញុំសូម បញ្ជាក់​ត្រឡប់​ទៅវិញថា នេះមិនមែនដក ចេញតាមការទាមទារបស់ថៃនោះទេ។ ភូមិគ១ និង ប្រជាពលរដ្ឋ​ដែល​រស់​នៅគឺស្ថិត​នៅ​ក្នុង​​តំបន់ត្រូវការពារ ការ​ដកចេញគឺ​ធ្វើ​តាមតម្រូវការ នៃអាជ្ញាធរ ​ព្រះវិហារ និង អង្គការ​យូណេស្កូ​គឺមិនមែន​ដកចេញ​តាមការទាមទារ របស់ក្រុមណា​មួយដែល​ មិនមែន​ជា​កម្ពុជា​នោះទេ ។

   នៅ​វេលាម៉ោង​ប្រមាណ​ជា​ ១០ ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​ ២០១០ អង្គភាព​នគរបាល​ការពារ​ ព្រំដែន ​កម្ពុជា​លេខ​ ៥០៣ បាន​ចាប់ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​ ៧ រូប​ ដែល​ចូល​ជ្រៅ​មក​ក្នុង​ ទឹក​ដី​ កម្ពុជា​ដោយ ​ខុស​ច្បាប់​ ស្ថិត​ក្នុង​ភូមិ​ជោគជ័យ​ ឃុំ​អូរបីជាន់​ ស្រុក អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​។​/

No comments:

Post a Comment