អត្ថបទបកប្រែក្រៅផ្លូវការ
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ភ្នំពេញថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១១
លោកជំទាវអគ្គនាយកអង្គការយូណេស្កូ
លោកជំទាវ IRINA BOKOVA
ការិយាល័យកណ្តាលយូណេស្កូ - ប៉ារីស
លោកជំទាវអគ្គនាយក
កម្មវត្ថុៈ ប្រាសាទព្រះវិហារដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ប្រឈម នូវការខូចខាតយ៉ាងធ្ងន់ធ្ងរ
ដោយក្តីសោកសៅយ៉ាងខ្លាំង និងសេចក្ដីបារម្ភយ៉ាងធំធេង ខ្ញុំសូមជម្រាបជូនដល់លោកជំទាវ ស្ដីពីព្រឹត្តិការណ៍ដ៏ថ្មីៗបំផុតទាំងឡាយ ដែលកើតឡើងកាលពីថ្ងៃទី ៤ និងទី៥ ខែកុម្ភៈ កន្លងទៅនេះ ក្នុងតំបន់ប្រាសាទព្រះវិហារ និងតំបន់នៅជុំវិញវត្តកែវសិក្ខាគិរីស្វារៈ។
ស្មោះត្រង់ទៅនឹងមាគ៌ាដឹកនាំ គោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្ដរជាតិ និងការ
ប្រកាន់ខ្ជាប់នូវគោលជំហរសន្ដិភាព និងទំនាក់ទំនងល្អជាអ្នកជិតខាង ជាមួយមិត្តថៃ ព្រះរាជាណាចក្រកម្ពុជា សូមធ្វើការកត់សម្គាល់ជាបឋមថា ក្នុងសំណុំឯកសារប្រាសាទព្រះវិហារ ថៃគ្មានអ្វីដើម្បី ធ្វើការទាមទារមកវិញទេ។ ប្រាសាទស្ថិតក្នុងដែនដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ដែលអន្ដរជាតិទទួលស្គាល់។ ព្រំដែនដែលឆ្លងកាត់ក្នុងរង្វង់ប្រាសាទនេះ ត្រូវបានកំណត់ - មិនមែនជាចំណុចឯកតោភាគីទេ ប៉ុន្ដែយោងតាមឯកសារនានា ដែលមានអានុភាពជាអន្ដរជាតិ - គឺវានៅសល់តែការ ព្រមព្រៀងគ្នាក្នុងការដាំបង្គោល បញ្ជាក់នូវគំនូសព្រំដែនជាមួយរាជាណាចក្រថៃតែប៉ុណ្ណោះ។ ព្រះរាជាណាចក្រកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីរៀបចំចាត់ចែងបោះបង្គោលព្រំដែន។
នៅក្នុងខណៈនោះ ប្រទេសថៃគិតតែតវ៉ាទៅគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ជាច្រើនលើកច្រើនសា (ក្នុងកិច្ចប្រជុំនៅ ក្រាយឈឺត ឆ្នាំ ២០០៧ នៅទីក្រុងកេប៊ិច ឆ្នាំ២០០៨ នៅសេវីល ឆ្នាំ ២០០៩ និងនៅប្រេស៊ីលីយ៉ា ឆ្នាំ ២០១០) ដោយលើកហេតុផលថា ការចុះបញ្ជីប្រាសាទព្រះវិហារ គឺជាការចុះបញ្ជី «ឯកតោភាគី» ដែលជាដើមចមនៃទំនាស់រវាងកម្ពុជា និងថៃ។ តាមការពិត ប្រភពនៃជម្លោះដ៏ខ្លាំងក្លា គឺជាផែនការ និងការរៀបចំឡើងដោយរដ្ឋាភិបាលថៃ ដែលកើតចេញពីផែនទីសម្ងាត់ឯកតោភាគី គ្មានការទទួលស្គាល់ជាអន្ដរជាតិ ហើយដែលញ៉ាំងឲ្យមានការវាយប្រហារបែបយោធាជាបន្ដបន្ទាប់ ដើម្បីសម្រេចគោលបំណងនៃមហិច្ឆតាឈ្លានពានលើទឹកដីកម្ពុជា។ ជានិច្ចកាល រាល់រដ្ឋអំណាចថៃតែងតែយកលេសដោយគ្មានមូល ដ្ឋានគ្រឹះថា ការអភិរក្ស និងការការពាររបស់យើងបានសម្រេចធ្វើឡើងដោយ «តាំងខ្លួន» នៅលើទឹកដីរបស់ថៃ។ ការគំរាមកំហែងដោយយោធាថៃក្នុងតំបន់ប្រាសាទបានឈានដល់ការបាញ់គ្នានៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១១។ កងទ័ពជាតិកម្ពុជាបានសម្រេចទប់ទល់ក្នុងការវាយប្រហារ ហើយបានរារាំង ការចូលកាន់កាប់ទឹកដីក្នុងព្រំដែនរបស់យើងខ្ញុំ។ រាល់ការបាញ់គ្រាប់កាំភ្លើងនិងគ្រាប់ផ្លោងរបស់ទាហានថៃ បានបញ្ជាក់យ៉ាងច្បាស់ពីការប៉ុនប៉ងចូលកាន់កាប់ និងបំផ្លាញតំបន់រមណីយ-ដ្ឋានប្រាសាទព្រះវិហារៈ
· តាមការពិនិត្យបឋមៈ គ្រាប់កាំភ្លើងនិងគ្រាប់ផ្លោងដែលកើតចេញពីការបាញ់ផ្តក់ដោយ ( បេ៤០ ដេកា៧៥មម ៨១មម ១០៥មម ១២០មម) គឺសំដៅមកលើប្រាសាទ និងវត្តបានធ្វើឲ្យមានការខូចខាតផ្នែកជាច្រើននៃប្រាសាទ។
· កន្លែងប្រារព្ធពិធីសាសនា និងផ្នែកដទៃទៀតរបស់វត្តកែវសិក្ខាគិរីស្វារៈ ត្រូវបានកម្ទេចដោយគ្រាប់កាំភ្លើងនិងគ្រាប់ផ្លោង។
· នៅគោបុរៈទី១ គ្រាប់កាំភ្លើងផ្លោង ១០៥មម និង១២០មម បានធ្លាក់នៅកន្លែងផ្សេងៗ គ្នាចម្ងាយ ៥ម៉ែត្រ និង ២០ម៉ែត្រ ហើយអំបែងគ្រាប់បានខ្ទាតទៅប៉ះជញ្ជាំងប្រាសាទ។
· នៅគោបុរៈ ទី៣ និងទី៥ គ្រាប់កាំភ្លើងផ្លោង ១០៥មម និង ១២០មម បានធ្លាក់ចម្ងាយ ពី៥ម៉ែត្រ ៧ម៉ែត្រ និងធ្វើឲ្យប៉ះពាល់ទៅលើជញ្ជាំងប្រាសាទ និងទៅលើថ្មនៃទីលានខាងមុខ។
លោកជំទាវជាទីគោរព
ខ្ញុំសូមជម្រាបលោកជំទាវថា ការប្រយុទ្ធគ្នានេះបានកើតឡើងក្នុងខណៈដែលរដ្ឋមន្ដ្រីការបរទេសថៃកំពុងស្នាក់នៅខេត្តសៀមរាប។ តើគេអាចយល់យ៉ាងដូចម្តេចអំពីកិច្ចចរចា!!! ហើយតើគេយល់យ៉ាងដូចម្តេចអំពី ប្រទេសហត្ថលេខីមួយនៃអនុសញ្ញាក្រុងឡាអេ ឆ្នាំ ១៩៥៤ និងអនុសញ្ញាឆ្នាំ ១៩៧២ មិនបានលើកលែងចំពោះរមណីយដ្ឋានបេតិកភណ្ឌពិភពលោក និងកន្លែងប្រារព្ធពិធីសាសនា ដូចជាវត្តកែវសិក្ខាគិរីស្វារៈ។ ការគំរាមកំហែងយោធាទាំងនោះ អាចនឹងបណ្ដាលឲ្យមានការខូចខាតធ្ងន់ធ្ងរជាងនេះទៅទៀត។
លោកជំទាវអគ្គនាយក
យើងខ្ញុំមានការបារម្ភយ៉ាងខ្លាំងចំពោះប្រាសាទព្រះវិហារ!
យើងខ្ញុំសូមអំពាវនាវយ៉ាងឱឡារឹក និងជាបន្ទាន់ដល់អ្នកការពារអនុសញ្ញាឆ្នាំ ១៩៧២ និងដល់អ្នកការពារបេតិកភណ្ឌមនុស្សជាតិ។ ប្រាសាទព្រះវិហារត្រូវបានដាក់ក្រោមការការពាររបស់អង្គការយូណេស្កូ ហើយវាបានបង្ហាញពីការទទួលខុសត្រូវរបស់លោកជំទាវអគ្គនាយក។ យើងខ្ញុំស្នើសុំដល់លោកជំទាវឲ្យមានការរៀបចំបេសកកម្មជាបន្ទាន់មួយក្នុងការពិនិត្យវាយតម្លៃទៅលើការខូចខាតរបស់ប្រាសាទព្រះវិហារ។
រាជរដ្ឋាភិបាលកម្ពុជារងចាំការសម្រេចក្នុងការធ្វើអន្តរាគមន៍របស់លោកជំទាវសម្រាប់ ការការពារនូវវត្ថុ ដ៏មានតម្លៃ ដែលគ្មានអ្វីអាចជំនួសបាន ហើយក៏ជា សម្បត្តិ
បេតិកភណ្ឌពិភពលោក ផងដែរ។
សូម លោកជំទាវ អគ្គនាយក ទទួលនូវសេចក្ដីគោរពរាប់អាន ដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។
ប្រធានគណៈកម្មការជាតិយួណេស្កូកម្ពុជា
ឧបនាយករដ្ឋមន្រ្តី
ហត្ថលេខា
សុខ អាន
No comments:
New comments are not allowed.