Friday, February 11, 2011

វត្តមាន​អ្នក​សង្កេត​ការ​យោធា​អង្គការ​សហប្រជាតិ​គឺ​​ ដើម្បី​​ជួយ​ពង្រឹង​ការ​ទុក​ចិត្ត​គ្នា​រវាង​កម្ពុជា​-ថៃ​ ​

ឯកឧត្តម​បណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ បាន​មាន​ប្រសាសន៍​ថា​ វត្តមាន​អ្នក​ជំនាញ​ការ​អង្គការ​ យូណេស្កូ​ និង​អ្នក​សង្កេត​ការ​ណ៍​យោធា​អង្គការ​សហប្រជា​ជាតិ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ​គឺ​ជា​វិធី​តែ​មួយ​ដើម្បី​ជួយ​ការ​ពារ​ប្រាសាទ​ព្រះ​វិហារ​ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ និង​ពង្រឹង​កា​រ​ទុក​ចិត្ត​គ្នា​រវាង​កម្ពុជា​និង​ថៃ​ ​។​
នៅ​ក្នុងជំនួប​ពិភាក្សា​ការ​ងារ​ជាមួយ​លោក​ជំទាវ​ ខារ៉ូលរ៉ូដលី​ (Carol Rodley)​ ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​នៅ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី​ នា​រសៀល​ថ្ងៃទី ១០ ខែ​កុម្ភៈ ឆ្នាំ ២០១១។​​​ឯកឧត្តម​បណ្ឌិត​ សុខ អាន​ បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​សង្គ្រាម​ឈ្លាន​ពាន​កម្ពុជា​​កាល​ពី​ថ្ងៃទី​ ៤​ ដល់​ ថ្ងៃទី ៧​ កន្លង​មក​នេះ​ភាគី​ថៃ​បាន​រំលោភ​បំពាន​​លើ​អនុសញ្ញាឆ្នាំ ១៩៥៤ ​ស្តី​ពី​ការ​ការពារ​បេតិកភណ្ឌ​ពេល​មាន​ជម្លោះ​ប្រដាប់​អាវុធ​ ដោយ​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ព្រះ​វិហារ​ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​ ភាគីថៃ​បាន​រំលោភ​សិទ្ធិ​មនុស្ស​ ដោយ​សារ​បាន​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​រំលោភ​លើ​សន្ធិ​សញ្ញា​អន្តរជាតិ​ស្តី​ពី​ការ​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​ ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​អន្តរជាតិ​ ដើម្បី​​បញ្ឈប់​ និង​ទប់​ស្កាត់​សកម្មភាព​ឈ្លាន​ពាន​របស់​ភាគី​ថៃ។
​ឯកឧត្តម​បណ្ឌិត​ សុខ​ អាន បាន​បញ្ជាក់​ថា ការ​ជម្រុញ​ណា​មួយ​ឲ្យ​វិល​មក​រក​ការចរចា​ទ្វេ​ភាគី​ គឺ​ជា​ការ​ទុក​ឱកាស​ឲ្យ​ភាគី​ថៃ​បិទ​ទ្វារ​ ដើម្បី​ធ្វើ​សង្គ្រាម​ឈ្លាន​ពាន​កម្ពុជា​។​ ព្រោះថា ការ​ចរចា​ទ្វេ​ភាគី​កន្លង​មក​ត្រូវ​បាន​​បរាជ័យ​ ដោយ​សារ​ភាគី​ថៃ​រំលោភ​ និង​មិន​អនុវត្ត​។​ ជា​មួយ​នឹង​ការ​​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​ដល់​លោក​ជំទាវ IRINA BOKOVA អគ្គនាយក​អង្គការ​ យូណេស្កូ​ ​ដែល​បាន​​យល់​ព្រម​បញ្ជូន​អ្នក​ជំនាញ​ការ​អង្គការ​ យូណេស្កូ មក​ពិនិត្យ​ការ​ខូច​ខាត​ប្រាសាទ​ព្រះ​វិហារ​​ ​ឯកឧត្តម​បណ្ឌិត សុខ អាន​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ចង់​ឲ្យ​បេសកកម្ម​អ្នក​ជំនាញ​ការ​នៃ​អង្គការ​យូណេស្កូ​ និង​បេសក​ជន​ នៃ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​រំខាន​ និង​ដើម្បី​ធានា​សុវត្ថិភាព​​ជូន​ក្រុម​អ្នក​ជំនាញ​ការ​នេះ ដូ​ច្នេះ​​វត្ត​មាន​​របស់​អ្នក​សង្កេត​ការ​ណ៍​យោធា​របស់​អង្គការ​សហ​ប្រជាជាតិ​ គឺ​ជាការ​ចាំបាច់។
ឯកឧត្តម​បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​​បញ្ជាក់​ជូន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិកថា វត្ត​មាន​អ្នក​សង្កេត​ការ​យោធា​ នៃ​អង្គការ​សហប្រជាជាតិ​ នឹង​ធានា​ឲ្យ​មាន​នូវ​តម្លា​ភាព​រាល់​សកម្ម​ភាព​ដែល​មាន​នៅ​លើ​ប្រាសាទ​ក៏​ដូច​ជា​ពង្រឹង​ការ​ទុក​ចិត្ត​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ថៃ-កម្ពុជា​ផង​ដែរ​​ ក៏​ដូច​ជា​លុប​បំបាត់​​ការ​ចោទ​ប្រកាន់​ពី​ភាគី​ថៃ​ ថា កម្ពុជា​យក​ប្រាសាទ​ព្រះ​វិហារ​ធ្វើ​ជា​មូល​ដ្ឋាន​យោធា​។​
លោក​ជំទាវ​ ខារ៉ូលរ៉ូដលី​ (Carol Rodley)​ ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ចំពោះ​ ឯកឧត្តម​បណ្ឌិត សុខ អាន ​ដែល​បាន​ផ្តល់​ព័ត៌មាន​ ដោយ​លោ​ក​ជំទាវ​បាន​អះអាង​ថា ចំពោះ​ជម្លោះ​រវាង​កម្ពុជា​ និង​ថៃ​នេះ​សហរដ្ឋ​អាមេរិក​នឹង​ប្រកាន់​ជំហរ​កណ្តាល​ ដើម្បី​ជួយ​ដោះ​ស្រាយ​។​ លោក​ជំទាវ​​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​សំណូម​ពរ​ឲ្យ​ភាគី​ទាំង​ពីរ​មាន​ការ​អត់​ធ្មត់​ និង​ដោះ​ស្រាយ​បញ្ហា​ ដោយ​សន្តិវិធី​។​

No comments: