Wednesday, January 12, 2011

បណ្តាញ​អ្នកស្នេហាជាតិ​ថៃ កុំ​ឆ្លាត​ពេក​!

ភ្នំពេញ: ​កាសែត​បាងក​កប៉ុស្ត៍ថៃ​បាន​ចេញផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដែល​និយាយ​​អំពី​គម្រោង​ធ្វើ​បាតុកម្ម​របស់​ក្រុម​បណ្តាញ​អ្នកស្នេហាជាតិ​ថៃ ​(Thai Patriots Network)​ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅមុខ​វិមាន​រដ្ឋាភិបាល​ថៃ​។ 

​យោង​តាម​អត្ថបទ​កាសែត​បាងកក​ប៉ុស្ត៍​បណ្តាញ​អ្នកស្នេហាជាតិ​ថៃ​បាន​ថ្លែង​នៅក្នុង សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ស្នើអោយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ចុះចេញ​ពី​តំណែង ដោយ​ពួកគេ​ខឹងសម្បារ​នឹង​ថ្នាក់ដឹកនាំ​ទាំង​នោះ​ដែល​ប្រកាស​ទទួលស្គាល់​ថា​ជនជាតិ​ថៃ​ទាំង​៧​នាក់​បាន​ដើរ​ចូល​ក្នុង​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​។​

​បណ្តាញ​អ្នកស្នេហាជាតិ​ថៃ​ក៏​បាន​ស្នើ​អោយ​រដ្ឋាភិបាល​ថៃ​និង​កម្ពុជា​គោរពអនុសញ្ញាក្រុង​ហ្សឺ​ណែវ​ទី​៤ ដែល​អនុសញ្ញា​នេះ​និយាយ​អំពី​ការការពារ​ជន​ស៊ីវិល​នៅក្នុង​តំបន់​សង្គ្រាម​។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន បណ្តាញ​អ្នកស្នេហា ជាតិ​ថៃ​សរសេរ​បន្ថែមថា​អនុសញ្ញា ទីក្រុង​ហ្សឺ​ណែវ​ទី​៤​បានចែង​ហាមឃាត់​មិន អោយ​មាន​ការចាប់​ឃាត់​ខ្លួន​និង​កាត់ទោស​ជន​ស៊ីវិល នៅ​លើ​តំបន់​ជម្លោះ​។​

​លោក​បណ្តាញ​អ្នកស្នេហាជាតិ​ថៃ​! ហេតុ​អ្វី​លោក​មិន​ដែល​ស្រែកប្រាប់​ទាហាន​ថៃ​របស់​លោក អោយ​ឈប់​បាញ់ប្រហារ​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ទន់ខ្សោយ​ដែល​គ្រាន់តែ​ប្រកប​របរ​រកស៊ី​ចិញ្ចឹម ជីវិត​នៅ​តាម​ព្រំដែន​ផង​? ហេតុ​អ្វី​ជីវិត​ជនជាតិ​ថៃ​របស់​លោក​មាន​តម្លៃ​ជាង​ជីវិត​ប្រជា​ពលរដ្ឋ​ខ្មែរ​? ហេតុអ្វី​បានជា​មាន​តែ​កម្ពុជា​ដែល​ត្រូវ​អនុវត្ត​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ទី​៤ ចំពោះ​ជនជាតិ​ថៃ ៧​នាក់​ដែល​ទទួលស្គាល់​ខ្លួនឯង​ថា បាន​ដើរចូល​ទឹកដីកម្ពុជា​ខុស​ច្បាប់​ដែរ​នោះ​? 

​បណ្តាញ​អ្នកស្នេហាជាតិ​ថៃ​! លោក​មិន​បាន​យល់​ទេ​ឬ​ថា​ប្រសិនបើ​ទាហាន​ខ្មែរ​មិន​គោរព​ច្បាប់ ដូច​លោក​គិត​នោះ ជនរួមជាតិ​របស់​លោក​ទាំង​៧​នាក់​អាច​មាន​វាសនា​ដូច​ប្រជាជន​ខ្មែរ​ស្លូតត្រង់ ដែល​ទាហាន​ថៃ​របស់​លោក​តែង​បាញ់ប្រហារ​អីចឹង​? ដូច្នេះ​អស់លោក​គួរតែ​បង្វែ​សំណើរ​នេះ ទៅកាន់​ទាហាន​ថៃ​នៅ​តាម​ជាយ​ដែន​វិញ​ទើប​ត្រឹមត្រូវ​ជាង​។ កុំ​ចេះ​ពេក​ប្រយត្ន័​របេះក្បាច់​៕

No comments:

Post a Comment