Monday, November 29, 2010

ឧបទ្ទវហេតុ​ស្ពាន​ពេជ្រ​គឺ​ដោយ​សារ​ផ្អើល​ជាន់គ្នា​គ្មាន​ការ​ឆក់ខ្សែ​ភ្លើង​ ឬ អំពើ​ភេរវកម្ម​ទេ​(២៩/១១/២០១០)

 នារៀល​ថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ​២០១០ ឯកឧត្តម​បណ្ឌិត សុខ អាន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ទទួល​បន្ទុកទី​ស្តីការ​គណៈរដ្ឋមន្ត្រី​​​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​ មាន​ ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈមណ្ឌល​កោះពេជ្រ​រាជធានី​ភ្នំពេញ​នារាត្រី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០​ គឺ​បណ្តាល​មក​ពី​ការ​ផ្អើល​ឆោឡោ​ជាន់​គ្នា​នាំ​ឲ្យ​ថប់ដង្ហើម​ស្លាប់​ និង​ របួស​។
នៅ​ក្នុង​​សន្និសីទកាសែត​ដែល​ធ្វើ​នៅ​ទី​ស្តីការ​គណៈរដ្ឋ​មន្ត្រី​ ​ឯកឧត្តម​បណ្ឌិត សុខ អាន ដែល​ត្រូវ​បាន​ចាត់​តាំង​ ជា​ប្រធាន​គណៈកម្ម​ការ​ទទួល​បន្ទុក​ដោះស្រាយ​ករណី​ ឧបទ្ទវហេតុ​ ស្ពាន​ពេជ្រ​​ នារាត្រី​​ទៀប​ភ្លឺ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១០ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ឧបទ្ទវហេតុ​​នេះ​មិន​មែន​មក​ពី​ឆក់​ខ្សែភ្លើង​ ឬ​អំពើភេរវកម្ម​ ឬ អំពើ​ឧក្រិដ្ឋកម្ម​ដែល​មាន​ការ​ គ្រោង​ទុក​ណា​មួយ​ឡើយ​។​ ដោយ​បាន​រំលឹក​ឡើង​ផង​ដែរ​អំពី​​ឧបទ្ទវហេតុ នៃ​ការ​ផ្អើល​ជាន់​ គ្នា​គឺ​ធ្លាប់​មាន​នៅ​លើ​ពិភពលោក​តាំង​ពី​សតវត្ស​ទី​ ១៩ នៅ​ពេល​មាន​មនុស្ស​ប្រមូល​ផ្តុំ​ជួបជុំ​គ្នា​ នៅ​បណ្តាប្រទេស​ផ្សេងៗ​មាន​អាមេរិក​ អារ៉ាប់​ អ៊ីរ៉ាក់​ អង់គ្លេស​ និង​ប្រទេស​អាហ្វ្រិក​ នា​ពេល ​​កន្លង​មក​ និង​ការ​ខិត​ខំ​ជួយ​សង្គ្រោះ​របស់រាជរដ្ឋាភិបាលចំពោះ​ឧបទ្ទវហេតុ​​នារាត្រី​ថ្ងៃទី​២២​ វិច្ឆិកា​​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​​ សុខ អាន​ ​បាន​បញ្ជាក់ថា ​ព្រឹត្តិការ​ណ៍​មហាសោកនាដកម្ម​​ ស្ពាន​កោះ​ពេជ្រ​នេះ​ ​ជា​បទពិសោធន៍​សំរាប់​​ការ​គ្រប់​គ្រង​ហ្វូង​មនុស្ស​ ដើម្បី​ឲ្យ​​មាន​សុវត្ថិភាព ​ទៅ​ថ្ងៃ​ក្រោយ​នៅ​ពេល​មាន​បុណ្យ​ទាន​មិនមែន​នៅ​តែ​រាជធានី​ភ្នំពេញ​ទេ​ គឺ​ជាបទ​ពិសោធន៍​ នៅ​គ្រប់ទីកន្លែង​ទូទាំង​ប្រទេស​។
នៅ​ក្នុង​សន្និសីទ​កាសែតនេះ​ដែរ​ ឯកឧត្តម ម៉ម ប៊ុនហេង​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​អនុគណៈកម្មការ​កោសល្យ​វិច្ច័យ​ករណី​ឧបទ្ទវហេតុ​លើ​ស្ពានពេជ្រ ​បាន​មាន ​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា តាម​ការ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​បង្ហាញ​ថា អ្នក​ស្លាប់​មាន ​ជាំ​ឈាមលើក្បាល​ ដើមទ្រង​ ឈាមមាត់​ ប៉ោង​ពោះ​ និង​ខ្លះ​បាក់​ជើង និង​បាក់​ឆ្អឹង​ជំនី​។ អ្នក​ របួស​អះអាង​ពី​ការ​ស្រេកទឹក​ និង​ថប់​ដង្ហើម​។​ ឯកឧត្តម​ម៉ម ប៊ុនហេង បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រួពេទ្យ​​​ ជនរងគ្រោះ​​ត្រូវ​ស្លាប់​ដោយសារ​​ការ​សង្កត់​លើ​គ្នា​ ថប់​ដង្ហើម​ និង​គ្មាន​សញ្ញា​ថា​មាន​ឆក់​ខ្សែភ្លើង​នោះ​ទេ​។
ឯកឧត្តម​ ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជាប្រធាន​អនុគណៈកម្មការស៊ើប​ អង្កេត​ករណី​ឧបទ្ទវហេតុ​ស្ពាន​កោះ​ពេជ្រ​បាន​មាន​ប្រសាសន៍ថា តាម​រយៈ​វីដឺអូគ្លីប​ រូបថត​ និង ​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ ព្រម​ទាំង​ជន​រងគ្រោះ​​ ដែល​​រស់​រាន​មាន​ជីវិត​​​​បាន​បញ្ជាក់​ អំពី​ហេតុ​ការណ៍​​​ថា​ នៅ​ម៉ោង​ ៩:00 យប់​​​ថ្ងៃទី​២២ ខែវិច្ឆិកា នៅ​ចំណុច​ស្ពាន​ពេជ្រ​​ មាន​ មនុស្ស​រាប់​ពាន់​បាន​ដើរ​បញ្រ្ចាស់ទិសគ្នា​នាំ​ឲ្យ​កកស្ទះ​ និង​មាន​មនុស្ស​ខ្យល់គរ​​។ ២០​ នាទី​ ក្រោយ​មក​ក៏​កើត​ឧបទ្ទវហេតុ​​ដោយ​សារ​មាន​សម្លេង​ស្រែក​ថា ស្ពាន​បាក់​ និង​ខ្សែ​ភ្លើង​ឆក់​នាំ​ ឲ្យ​អ្នក​នៅ​លើ​ស្ពាន​ផ្អើល​ឆោឡោ​ជាន់​គ្នា​។ ឯកឧត្តម​ ព្រំ សុខា បាន​មាន​ប្រសាសន៍​ ឲ្យ​ដឹង​សមត្ថកិច្ច​បាន​ខិត​ខំ​ប្រឹង​ជួយ​សង្គ្រោះ​តែ​លំបាក​​ចូល​ទៅ​ជួយ​ដោយ​សារ​តែ​មាន​មនុស្ស ​កកស្ទះ​។​ ឯកឧត្តម​ ព្រំ សុខា បាន​មាន​ប្រសាសន៍​ថា ពេល​កើត​ឧបទ្ទវហេតុ​ ស្ពាន ​​ប្រភេទ​ខ្សែ​កាប​ដែល​មាន​រំញោច​ចុះ​ឡើង​ ​មាន​ទទឹង​ ៧​,១៦ម៉ែត្រ​ បណ្តោយ​ ១០១ ម៉ែត្រ​ សមត្ថកិច្ច​ប៉ាន់ស្មាន​ថា មនុស្ស​កកស្ទះ​​អាច​មាន​ចំនួន​ពី​ ៧ ទៅ​ ៨ ពាន់នាក់​​ ដែល​​សន្និដ្ឋាន​​ថា​ ក្នុង​១ម៉ែត្រ​ការ៉េ ​អាច​មានមនុស្ស​ពី ​១០ ទៅ​១២ នាក់​ ដែល​នាំ​ឲ្យ​ដួល​សង្កត់​លើ​គ្នា​​​​ ពេល​ផ្អើល​ ឆោឡោ​ថា មាន​ស្ពាន​បាក់​ ឬ​ ឆក់​ខ្សែ​ភ្លើង​។
ឯកឧត្តម​ អិត សំហេង រដ្ឋមន្រី្ត​ក្រសួង​សង្គម​កិច្ច​ អតីតយុទ្ធជន និង​​យុវនីតិសម្បទា និ​ង​ជា​ ប្រធាន​​អនុគណៈកម្មការ​ដោះ​ស្រាយ​ការងារ​បន្ទាន់លើ​ករណីឧបទ្ទវហេតុ បាន​មាន​ ប្រសាសន៍​ថា ក្រោម​ការ​ណែនាំ​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន គឺ​យើង​បាន​ធ្វើ​ការ​សង្គ្រោះ​និង​បញ្ជូន​អ្នករងគ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​​បាន​រហ័ស​។ សំរាប់​អ្នក​ ដែល​ទទួល​មរណៈ​ភាព​ ដែល​មាន​ចំនួន​៣៥១នាក់ ត្រូវ​បាន​រៀប​ចំ​ថែរក្សា​ និង​ដឹក​ជញ្ជូន​ ភ្លាមៗ​តាម​រថយន្ត​ទៅ​ដល់​គេហដ្ឋាន​នៃ​គ្រួសារ​សពគ្រប់​ចំនួន​រួច​រាល់​អស់ហើយ​​​ ព្រម​ទាំង​ ផ្តល់​ការ​ឧបត្ថម្ភ​ជាបន្ត​បន្ទាប់​ទាន់​ពេល​ផងដែរ​​។​ ឯ​អ្នក​រងរបួស​ក៏​ទទួល​បាន​ការ​ថែរក្សា​ និង​ ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ដោយឥតគិត​ថ្លៃ​​​​ និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ផង​ដែរ​។​ សំរាប់​ ថវិកា​ ឧបត្ថម្ភ​ចំពោះ​​គ្រួសារ​សព​ ឯកឧត្តម​ អិត សំហេង បាន​ឲ្យដឹងថា អនុវត្ត​តាម​ អនុសាសន៍​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​​ គឺ​ត្រូវ​​រៀប​ចំឲ្យ​មាន​គណនី​សំរាប់​ធានា សុវត្ថិភាព ​នៅ​ធនាគារ​អេស៊ីលីដា​ផងដែរ​។

No comments:

Post a Comment