Monday, November 29, 2010

ឧបទ្ទវហេតុ​ស្ពានពេជ្រ​ជាកំហុស​រួម​មួយ​​ ដែល​ទាំង​អស់​គ្នា​នឹក​ស្មាន​មិនដល់​(២៩/១១/២០១០)

នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល ​នៃ​ទី​ស្តី​ការ​រដ្ឋមន្រ្តី​​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវនីតិសម្បទា​នាព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១០ សម្តេច​អគ្គមហា​ សេនាបតី​តេជោ ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រាជ​រដ្ឋាភិបាល​ទទួល​បាន​ ជោគជ័យ​​ផង និង​បរាជ័យ​ផង​នៅ​ក្នុង​​ការ​រៀប​ចំ​​ព្រឹត្តិការណ៍​ធំៗ​ក្នុង​រាជធានី​ភ្នំ​ពេញ​ចាប់​តាំង​ ពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា រហូត​ដល់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ ​កន្លង​មកនេះ​​។
  តាម​ប្រសាសន៍​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​​​ ជោគជ័យ​គឺ​ការ​រៀប​ចំ​កិច្ច​ប្រជុំ​ CLV, CLMV និង​ ACMECS ​និង​ការ​បា្ររព្ធ​ពិធី​បុណ្យ ​អំទូក អកអំបុក បណ្តែត​ប្រទីប​សំពះ​ព្រះខែ​ ​បាន​ល្អ​ ក្រោម​​ព្រះ​រាជ​អធិបតី​ភាព​ព្រះ​មហាក្សត្រ​។ ឯការ​បរាជ័យ​គឺ​ការ​កើត​ឧបទ្ទវហេតុ​លើ​ស្ពាន​ ពេជ្រ​កាល​ពី​រាត្រី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ បណ្តាល​ឲ្យ​មាន​ប្រ​ជា​ពលរដ្ឋ​​ស្លាប់​ដោយ ​ការ​រត់​ជាន់​គ្នា​ចំនួន​ ៣៥១ នាក់​ និង​រង​របួស​ ៣៩៥ នាក់ ។​
 ទាក់​ទង​និង​ឧបទ្ទវហេតុ​ដែល​កើត​ឡើង​នា​រាត្រី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ ជា​ថ្ងៃ​ទី​៣ ដែល ​សល់​តែ​ប៉ុន្មាន​ម៉ោង​​ត្រូវ​បញ្ចប់​ព្រះ​រាជ​ពិធី​បុណ្យ​អំទូក​ អកអំបុក​ បណ្តែត​ប្រទីប​សំ​ពះ​ព្រះ​ខែ​ នេះ​ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថាៈ នេះ​ជាកំហុស​ដ៏​ធំបំផុត​របស់​យើង​ នោះ​​គឺ​​ការ​វាយ​តម្លៃ​សភាពករណ៍​មិន​​គ្រប់​ជ្រុង​ជ្រោយ​ នឹក​ស្មាន​មិនដល់​មើល​ស្រាល ​សភាព ​ការណ៍​ និង​មាន​ការ​ធ្វេស​ប្រហែស​។​ ផ្តើម​ចេញ​ពី​ស​ភាព​ការណ៍​ខាង​លើ​ គឺ​យើង​មិន​បាន ​ការ​ពារ​នោះ​ទេ​ ហើយ​ការ​នឹក​ស្មាន​មិន​ដល់​គឺ​មនុស្ស​បុក​មនុស្ស​ស្លាប់​ដូច​គ្រោះ​ថ្នាក់​ម៉ូតូ​ បុក​ម៉ូតូ​។ គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់​ ហើយ​ការ​ស្មាន​មិន​ដល់​នោះ​ទៀត​ គឺ​ប្រជា​ពលរដ្ឋ​ មក​លេង​​នៅ​ក្នុង​ស្ថាន​ភាព​ប្រទេស​មាន​សន្តិសុខ​ គឺ​មិន​បាន​គិត​ថា​វា​មាន​រឿង​អ្វី​កើត​ឡើង​ទើប​ គេមក​លេង​។
  មាន​ប្រសាសន៍​បកស្រាយ​ និង​ពន្យល់​ទៅ​នឹ​ង​ពាក្យ​ចោទ​ប្រកាន់​នានា​​ពិសេស​អ្នក ​នយោបាយ​ប្រឆាំង​ ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ និង​ដាក់​ពិន័យ ​សម្តេច​តេជោ​ បាន​មាន​ប្រសាសន៍​គ្មាន​នណា​មួយ​​ត្រូវ​ទទួល​យក​កំហុស​នេះ​ទេ​​។ នេះ​ជា​កំហុស​រួម​មួយ​ ដែល​ទាំង​អស់​គ្នា​ស្មាន​មិន​ដល់​។ ខ្ញុំ​សូម​បញ្ជាក់​ជូន​ជន​រួម​ជាតិ​ថា គ្នាន​នណាមួយ​ទទួល​ ទណ្ឌកម្ម​ក្នុង​ហេតុការណ៍​នេះ​ទេ​។ ​រំលឹក​ដល់​ព្រឹត្តិការណ៍​​កាល​ពី​ថ្ងៃទី​១១ ខែ​កញ្ញា​ ឆ្នាំ​២០០១ ​នៅ​សហរដ្ឋអាមេរិក​​ ដែល​មាន​​ពួក​ភេរវករ​ធ្វើ​សកម្ម​ភាព​ភេរវកម្ម​បើក​ យន្ត​ហោះ​បុក​អគារ​ ភ្លោះ​នៅ​ទី​ក្រុង​ញូយ៉ក​ ​សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី​​បាន​មាន​ប្រសាសន៍​ថា ពេល​នោះ​ លោក​​អតី​ត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចចដាប៊ិលយូប៊ូស​ លោក​ ដូណាល់រ៉ាំ​ស្វែល​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស​អាមេរិក​ និង​​ចៅហ្វាយ​ក្រុង​ញូយ៉ក​ មិន​បាន​ចុះ​ចេញ​ពី​ដំណែង ​នោះ​ទេ បើ​ទោះ​បី​មាន​ព័ត៌មាន​ឲ្យ​ដឹង​ជា​មុន​ថា ភេរវករ​ប៉ុនប៉ង​ធ្វើ​សកម្ម​ភាព​ក៏ដោយ​​។ ប៉ុន្តែ​​ សំរាប់​កម្ពុជា​ បើមាន​ការ​ណែនាំ​ ឬក៏​ព័ត៌មាន​​ប្រាប់​ជាមុន​ថានឹង​កើតហេតុ​​សោក​នាដកម្មនេះ​ ហើយ​យើង​មិន​ធ្វើតាម មិន​មាន​វិធាន​ការ​​ទើប​ជា​ការ​ទទួល​ខុសត្រូវ​។ ទោះជា​យ៉ាងណា​ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ដៃ​ម្ខាង​ដោះ​ស្រាយ​ ហេតុការ​ ដែល​កំពុង​កើត​ឡើង​ និង​ដៃម្ខាង​ទៀត​ត្រូវ​ទប់​ស្កាត់​កុំឲ្យ​មាន​ចលនា​ស៊ីវិលកើតឡើង​ ដែល​ បើតាម​សម្តេច​ការ​ផ្អើលរត់​ជាន់​គ្នា​នឹង​កើត​ឡើង ​នៅ​កន្លែង​​ដែល​មនុស្ស​កកកុញ​ផ្សេង​​ទៀត​ បើចាត់ការ​មិន​ល្អ​។​
  ដោយ​ទទួល​យក​ការ​រិះគន់នានា​ សម្តេ​ច​តេជោ បាន​មាន​ប្រសាសន៍​ចាត់​​ឧបទ្ទវហេតុ​ ស្ពាន​ពេជ្រ​​​ជា​មេរៀន​ប្រវត្តិ​សាស្រ្ត​សំរាប់​ធ្វើការ​ដោះ​ស្រាយ​ទៅ​ថ្ងៃមុខ​ទៀត​។ សម្តេច​តេជោ​ នាយករដ្ឋមន្ត្រី​បាន​ដាក់​ចេញ​នូវ​អនុសាសន៍​ចំនួន​៤ ចំណុច សំរាប់​មន្រ្តី​រាជរដ្ឋាភិបាល​ ទាំង​អស់​យក​ទៅ​ធ្វើការ​ប្រតិបត្តិ​នៅ​ពេល​ខាង​មុខ​ក្នុង​ពេល​មាន​ពិធីបុណ្យ​ជាតិ​ធំៗ​រួម​មាន ​ទី​១ ត្រូវ​វាយ​តម្លៃឲ្យ​គ្រប់​ជ្រុង​ជ្រោយ​មុន​សម្រេច​ផែនការ​អ្វី​មួយ​​ ទី​២ កុំមើល​ស្រាល​សភាព ការណ៍, ទី៣ រៀបចំ​ផែន​ការ​ត្រៀម​កំលាំង​ និង​មធ្យោបាយ​ឲ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ ការ​ជួយ​អន្តរាគមន៍​សង្រ្គោះ​បន្ទាន់​នៅ​ពេល​មាន​ឧបទ្ទវហេតុ​កើតឡើង​​, ទី​៤ គឺការ​រៀបចំ​ បន្ថែម​ច្រកចេញចូល​ ឬ​ ច្រកសុវត្ថិភាព​សំរាប់​ជួយ​សង្គ្រោះ​មនុស្ស​។​
 សម្រាប់​អនាគត​នៃ​មជ្ឈមណ្ឌល​កោះពេជ្រ​ក្រោយ​ពេល​ កើត​ព្រឹត្តិការណ៍​មហាសោក​នាដ កម្ម​នេះ​នា​រាត្រី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា មជ្ឈមណ្ឌលកោះ​ពេជ្រ​ ទាំង​មូល​មិន​ត្រូវ​បញ្ឈប់​ដំណើរ​ការ​អភិវឌ្ឍ​ទេ​គឺ​មាន ​តែ​បង្កើន​ការ ​អភិវឌ្ឍថែម​ខ្លាំង​​ទៀត​។ ស្ពាន​ដែល​គ្រោះ​ថ្នាក់​ក៏​មិន​វាយចោល​ដែរ​​​ តែ​យើង​ឲ្យ​ក្រុម​ហ៊ុន​ កោះ​ពេជ្រ​បន្ថែម​ស្ពាន​ថ្មី​ចេញ​ចូល​ឲ្យ​បាន​ច្រើន​ជាង​នេះ ។​
 ទាក់​ទង​ដល់​ប្រជាពលរដ្ឋ​ ដែល​ទទួល​រងគ្រោះ​ស្លាប់​និង​របួស សម្តេច​តេជោ​ បាន​មាន ​ប្រសាសន៍​ថា នឹង​បញ្ជូន​អ្នក​របួស​ធ្ងន់​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ នៃ​ប្រទេស​ជិត​ខាង​ដូច ​ជា​ប្រទេស ​វៀតណាម​ ប្រទេស​ថៃ​បន្តទៀត​ដោយ​រដ្ឋាភិបាល​ជា​អ្នក​ធានារាប់រង​ចេញសាហ៊ុ​យ​​ ប្រសិន ​បើ​មន្ទីរ​ពេទ្យ​នៅ​កម្ពុជា​អស់​លទ្ធភាព​ព្យាបាល​។​ សំរាប់​អ្នក​ស្លាប់​ ដែល​ត្រូវ​​ទទួល​បាន​ ការ​ជួយ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ ព្រះមហាក្សត្រ​ និង​ព្រះវររាជបិតា​ កាកបាទក្រហមកម្ពុជា​ ក្រុម​ហ៊ុនកោះពេជ្រ​ និង​មូលនិធិ​សង្រ្គោះ​ទូរទស្សន៍​បាយ័ន និង​ CTN សរុប​ប្រមាណ​​ ១២០០០ ដុល្លារអាមេរិក​ សម្តេច​តេជោ​មាន​ប្រសាសន៍ថា ត្រូវ​ធ្វើការ​ប្រគល់​ដល់​ដៃ​គ្រួសារ​នៃ​សព​ ជន​រងគ្រោះ​ ឬក៏​ត្រូវ​ដាក់​ក្នុងគណនីនៃ​ធនាគារ​អេស៊ីលីដា​ ដើម្បី​ធ្វើ​យ៉ាង​ណា​ធានា​សុវត្ថិភាព ​សំរាប់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​នោះ​។​ សម្តេច​តេជោ ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​អំពី​ការ​ សាង​សង់​ស្តូប​សំរាប់​គោរព​វិញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​ទាំង​អស់​ផង​ដែរ។

No comments:

Post a Comment