Thursday, November 25, 2010

សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​លោកជំទាវ ញ្ជើញចូលរួមគោរព វិញ្ញាណក្ខន្ធ​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​បទ្ទវហេតុ​នៅស្ពានពេជ្រ​

 នៅស្ពាន​ពេជ្រ​នៃ​មជ្ឈមណ្ឌល​កោះពេជ្រ​រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​ ៧ និង​៥នាទី​​ ព្រឹក​ថ្ងៃ ទី​២៥ ខែ វិច្ឆិកា ឆ្នាំ​២០១០ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​លោកជំទាវ​ បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន រួម​ជាមួយ​និង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ដែល​ជា​សមាជិក​​សមាជិការ ​រាជរដ្ឋាភិបាល​ជា​ច្រើន​រូប​ទៀត​បាន​អញ្ជើញ​ចូល​រួម​ដាក់​កម្រង​ផ្កា​គោរពវិញ្ញា​ណក្ខន្ធ​​ ចំពោះ ​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ​​ រហូត​ដល់​មរណៈ​ភាព​ដោយ​ឧបទ្ទវហេតុ​​​កាល​ពី​រាត្រី​ថ្ងៃ ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០។
          នៅ​ក្នុង​ឱកាស​អុជ​ធូប​ទៀន​ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ សម្តេច​និង​លោក​ជំទាវ​ ដែល​មាន​សេចក្តី​រន្ធត់​ សោកស្តាយ​បាន​បង្ហូរទឹក​ភ្នែក​សោក​សង្រេង​​ ចំពោះ​មរណៈភាព​របស់​ប្រជាពលរដ្ឋ​ ដែល​មិន​ដែល​មាន​សោះ​ក្នុង​រយៈពេល​​៣១ឆ្នាំ​កន្លង​មក​ បន្ទាប់​​ ពី​​គណបក្ស​ប្រជាជន​កម្ពុជា​​​បាន​រំដោះ​ប្រជាពលរដ្ឋ​​ឲ្យ​រួច​ផុត​ពី​ របប​ប្រល័យពូជ សាសន៍​ប៉ុលពត​​​នាថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩។​
 ដោយ​បាន​តាម​ដាន​និង​ពិនិត្យ​សភាព​ការ​ណ៍តាំង​ពី​រាត្រី​ថ្ងៃទី​២២ រហូត​ដល់​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១០ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​បាន​សម្រេច​បង្កើត​គណៈកម្មការ​ និង​ អនុគណៈកម្មការ​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​ សុខ អាន ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ទទួល ​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ជា​ប្រធាន​ ដើម្បី​ស្រាវជ្រាវ​រក​មូល​ហេតុ​នៃ​ ការ​កើ​ត​ឡើង​នូវ​ ឧបទ្ទវហេតុ​ស្ពានពេជ្រ​នេះ​ និង​បាន​ប្រកាស​យក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០១០ ជា​ថ្ងៃ​កាន់ ទុក្ខ​ទូទាំង​ប្រទេស​ ដោយ​តម្រូវ​ឲ្យ​ក្រសួង ​ស្ថាប័ន​ ​គ្រឹះស្ថាន​រដ្ឋ​ និង​ឯកជន​នានា​បង្ហូត ​ទង់ជាតិ​ពាក់កណ្តាល​ដង​ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ​។
យោង​តាម​សេចក្តី​ជូន​ដំណឹង​លេខ​ 0៧៤សអយ ចុះ​ហត្ថលេខាដោយ​ឯកឧត្តម​ អ៊ិ​ត សំហេង​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​ អតីតយុទ្ធជន​ និង​យុវនីតិសម្បទា​ និង​ជា​ប្រធាន​អនុគណៈកម្មការ​ ដោះ​ស្រាយ​ការងារ​បន្ទាន់​លើ​ករណី​ឧបទ្ទវហេតុ​បាន​ឲ្យដឹង​ថាៈ រហូត​ដល់​ម៉ោង​០០ និង​ ៣0នាទី​ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១០ ការ​ផ្ទៀង​ផ្ទាត់​សម្រេច​បាន​លទ្ធផល​ដូចតទៅ​៖
 ១-​ចំនួន​ជនរង​គ្រោះ​ដែល​បាន​ទទួល​មរណៈភាព​សរុប​ចំនួន ​៣៤៧ នាក់​ ក្នុង​នោះ​មាន​ប្រុស​ ១២៦​នាក់ និង​ស្រី ​២២១នាក់​។ សពជនរងគ្រោះ​ត្រូវ​បាន​ចាត់​ចែង​បញ្ជូន​ដល់​ លំនៅ​ដ្ឋាន ​របស់​ក្រុម​គ្រួសារ​ និង​បាន​ចាត់​ចែង​ពិធីបុណ្យ​តាមប្រពៃណី​ ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​ និង​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​។
  ២- អ្នក​រង​របួស​ចំនួន​៣៩៥ នាក់​កំពុង​សំរាក​នៅ​តាម​មន្ទីរពេទ្យ​នានា​ និង​ទទួល​បាន​ការ​ ព្យាបាល​ពី​មន្ទីរ​ពេទ្យ​ដោយ​ឥតគិត​ថ្លៃ​ និង​ទទួល​បាន​ការ​ឧបត្ថម្ភ​​ពី​​កាកបាទ​ក្រហម​កម្ពុជា​ និង​សប្បុរសជន​ជា​ច្រើន​។
  នៅក្នុង​ការ​ចូលរួម​ការ​គោរព​វិញ្ញាណក្ខន្ធ​ក្រៅ​ពី​ប្រតិភូរាជរដ្ឋាភិបាល​ ដឹក​នាំ​ដោយ​សម្តេច ​តេជោ​ និង​លោកជំទាវ​ ក៏មាន​ប្រតិភូគណបក្សប្រជាជនកម្ពុជា​ ប្រតិភូ​រដ្ឋសភា ព្រឹទ្ធសភា កាកបាទក្រហមកម្ពុជា សាលារាជធានីភ្នំពេញ​ផងដែរ​។
 ឧបទ្ទវហេតុ​ស្ពានពេជ្រ​ ដែល​បណ្តាល​ឲ្យ​មាន​ប្រជា​ពលរដ្ឋ​ស្លាប់​ និងរង​របួសជាច្រើន​នាក់​ ត្រូវ​បាន​អះអាង​ដោយ​ សម្តេច​តេជោ​នាយករដ្ឋមន្រ្តីថា ករណី​នេះ​មិន​បណ្តាល​មក​ពី​អំពើ​ ភេរវកម្ម​ណាមួយ​នោះ​ឡើយ។ សម្តេច​តេជោ​បាន​អំពាវនាវ​ឲ្យ​អ្នកទេស​ចរណ៍​ អ្នកវិនិយោគ ទុន​ ធុរកិច្ច​នានា​ រក្សាភាព​ស្ងប់ស្ងាត់​កុំ​ជ្រួល​​ច្របល់​ ហើយ​សូម​ឲ្យ​បន្តការ​ងារ​ជា​ធម្មតា​។

No comments:

Post a Comment