Monday, February 07, 2011

Expéditeur Son Excellent SOK An Président de la Commission Nationale Vice-Premier Ministre Destinataire Son Excellence la Présidente du Conseil Exécutif Madame Eleonora MITROFANOVA Ambassadrice de la Fédération de Russie à l’UNESCO

អត្ថបទបកប្រែក្រៅផ្លូវការ

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១១
លោក​ជំទាវ​​ប្រធានក្រុមប្រឹក្សាប្រតិបត្តិ
លោកជំទាវ ​ Eleonora MITROFANOVA
ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំអង្គការយូណេស្កូ


លោក​ជំទាវ​ប្រធាន

កម្មវត្ថុៈ ប្រាសាទព្រះវិហារ​ដែលបាន​ចុះក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក​ ប្រឈម      នូវការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ

ដោយ​​ក្តីសោក​សៅ​យ៉ាងខ្លាំង​ និង​សេចក្ដី​បារម្ភ​យ៉ាង​ធំធេង​ ​ខ្ញុំ​សូម​ជម្រាបជូន​​ដល់​លោក​​ជំទាវ​ ស្ដី​ពី​ព្រឹត្តិការ​ណ៍ដ៏​ថ្មី​ៗបំផុត​​ទាំងឡាយ​ ដែលបាន​កើតឡើង​កាល​ពី​ថ្ងៃ​ទី​ ៤ និង​ទី​៥ ខែ​កុម្ភៈ កន្លងទៅ​នេះ​ ក្នុង​​តំបន់​​ប្រាសាទព្រះវិហារ និងតំបន់​នៅ​ជុំវិញ​វត្ត​កែវសិក្ខាគិរីស្វារៈ។​

ស្មោះត្រង់​ទៅ​នឹង​មាគ៌ា​ដឹក​នាំ គោរព​យ៉ាង​ខ្ជាប់ខ្ជួននូវ​ច្បាប់អន្ដរជាតិ និង​ការ​​ប្រកាន់ខ្ជាប់នូវ​គោលជំហរសន្ដិភាព​ និងទំនាក់ទំនង​​ល្អជាអ្នក​ជិតខាង​ ជាមួយមិត្ត​ថៃ ព្រះរាជាណាចក្រកម្ពុជា​​ សូម​ធ្វើការ​កត់​សម្គាល់​ជាបឋមថា ក្នុង​សំណុំឯកសារ​ប្រាសាទ​ព្រះវិហារ ថៃ​គ្មាន​អ្វីដើម្បីធ្វើការ​ទាម​ទារ​មក​វិញ​ទេ​​។ ប្រាសាទ​​ស្ថិតក្នុង​ដែន​ដី​ក្រោម​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ ដែល​អន្ដរ​ជាតិទទួល​ស្គាល់។​ ព្រំដែន​ដែល​ឆ្លង​កាត់​​ក្នុង​រង្វង់​ប្រាសាទនេះ ​ត្រូវបាន​កំណត់ - មិនមែន​ជា​ចំណុច​ឯកតោ​ភាគីទេ​ ប៉ុន្ដែ​យោង​​តាម​ឯកសារ​នានា ​ដែលមាន​​អានុភាពជា​អន្ដរជាតិ​ - គឺវានៅ​សល់តែការ ព្រមព្រៀង​គ្នា​ក្នុង​ការ​ដាំ​បង្គោល ​បញ្ជាក់​​នូវ​គំនូស​​​​​ព្រំដែន​​ជាមួយ​រាជាណា​ចក្រ​​ថៃ​តែ​ប៉ុណ្ណោះ​។ ព្រះរាជាណាចក្រកម្ពុជា​មាន​លទ្ធភាពគ្រប់គ្រាន់ដើម្បីរៀបចំចាត់ចែងបោះ​បង្គោល​​ព្រំដែន។
 

នៅក្នុងខណៈនោះ ប្រទេសថៃគិតតែតវ៉ា​ទៅគណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​ ជា​ច្រើនលើក​ច្រើន​សា​ (ក្នុង​កិច្ច​ប្រជុំនៅ ក្រាយឈឺត ឆ្នាំ២០០៧  នៅទីក្រុង​កេប៊ិច ឆ្នាំ២០០៨ នៅ​សេវីល ឆ្នាំ២០០៩ និង​នៅ​ប្រេស៊ីលីយ៉ា ឆ្នាំ២០១០) ដោយ​លើក​ហេតុ​ផល​ថា​ ការ​ចុះបញ្ជី​ប្រាសាទព្រះវិហារ​ គឺជា​ការ​ចុះបញ្ជី​ «ឯកតោភាគី» ដែល​ជា​ដើម​ចម​​នៃទំនាស់​រវាង​កម្ពុជា​ និង​ថៃ។​ តាមការ​ពិត ប្រភពនៃ​ជម្លោះ​ដ៏​​ខ្លាំងក្លា គឺ​ជា​​ផែន​ការ​​​ និងការរៀបចំឡើង​ដោយ​រដ្ឋាភិបាលថៃ​ ដែល​កើតចេញពី​ផែនទី​សម្ងាត់​ឯក​តោ​ភាគី​​​ គ្មានការ​ទទួល​ស្គាល់ជាអន្ដរជាតិ​ ​ហើយ​ដែលញ៉ាំង​ឲ្យ​មាន​ការ​វាយ​ប្រហារ​បែប​​យោធា​ជាបន្ដ​បន្ទាប់ ​​ដើម្បី​​សម្រេច​គោល​បំណងនៃ​មហិច្ឆតា​ឈ្លាន​ពាន​លើ​ទឹក​ដី​​កម្ពុជា​។ ជានិច្ចកាល រាល់រដ្ឋ​អំណាច​​ថៃ​តែង​តែយកលេសដោយ​​គ្មាន​មូលដ្ឋាន​គ្រឹះ​ថា​ការ​អភិរក្ស និង​ការការពារ​របស់យើងខ្ញុំបានសម្រេច​ធ្វើ​ឡើងដោយ​ «តាំងខ្លួន»​​ នៅ​លើ​ទឹកដីរបស់​ថៃ។​​​ ការ​គំរាម​កំហែង​ដោយ​យោធាថៃ​ក្នុង​តំបន់​ប្រាសាទ​​បាន​​ឈាន​​​​ដល់​ការ​បាញ់គ្នា។ កងទ័ពជាតិ​កម្ពុជា​បាន​សម្រេច​ទប់ទល់​ក្នុង​ការ​វាយ​ប្រហារ​ ហើយ​បាន​រារាំង​ការ​​ចូល​កាន់កាប់​ទឹកដី​ក្នុងព្រំដែន​របស់​យើងខ្ញុំ។​ រាល់ការ​បាញ់​គ្រាប់​កាំ​ភ្លើង និងគ្រាប់​ផ្លោង​របស់​ទាហាន​​ថៃ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​ប៉ុនប៉ង​ចូល​កាន់​កាប់​ ​និង​​បំផ្លាញ​តំបន់​រមណីយ​ដ្ឋាន​ប្រាសាទ​​ព្រះវិហារៈ

·         តាម​ការ​ពិនិត្យ​​ជាបឋមៈ គ្រាប់កាំភ្លើង​និង​គ្រាប់​ផ្លោង​ដែល​កើត​ចេញ​ពីការ​បាញ់​ដោយ​ ( បេ៤០ ដេកា៧៥មម ៨១មម ១០៥មម ១២០មម) គឺសំដៅ​មក​លើ​ប្រាសាទ​ និង​វត្ត​​ដែលបាន​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ផ្នែក​ជា​ច្រើន​នៃ​ប្រាសាទ។
·         កន្លែង​ប្រារព្ធ​ពិធីសាសនា និង​ផ្នែក​ដទៃទៀត​របស់​វត្ត​កែវ​សិក្ខាគិរីស្វារៈ​​ ត្រូវ​បាន​បំផ្លាញដោយ​​គ្រាប់​កាំភ្លើង​និង​គ្រាប់​ផ្លោង​។
·         នៅគោបុរៈ​ទី១គ្រាប់កាំភ្លើង​ផ្លោង​ ១០៥មម និង​១២០មម​ បានធ្លាក់​នៅ​កន្លែង​​ផ្សេងៗគ្នា​​ចម្ងាយ​ ៥ម៉ែត្រ និង​ ២០ម៉ែត្រ ហើយ​អំបែង​គ្រាប់បាន​ខ្ទាត​ទៅ​​ប៉ះ​ជញ្ជាំង​ប្រាសាទ។
·         នៅ​គោបុរៈ ទី៣ និង​ទី​៥  គ្រាប់កាំភ្លើង​ផ្លោង ១០៥មម និង​ ១២០មម ​បាន​ធ្លាក់​ចម្ងាយ​ពី៥ម៉ែត្រ ៧ម៉ែត្រ និង​ធ្វើ​ឲ្យ​ប៉ះពាល់ទៅ​លើ​ជញ្ជាំងប្រាសាទ និង​ទៅ​លើថ្ម​នៃទីលានខាងមុខ។​


លោកជំទាវជាទីគោរព

ខ្ញុំសូមជម្រាប​ជូនលោកជំទាវថា ការ​វាយប្រយុទ្ធគ្នា​នេះបាន​កើតឡើង​ក្នុង​ខណៈ​​ដែល​​រដ្ឋមន្ដ្រី​ការបរទេស​ថៃ​កំពុង​ស្នាក់នៅ​ខេត្ត​សៀម​រាប។ តើ​គេ​អាចយល់​យ៉ាង​ដូច​ម្តេច​​ពី​កិច្ច​​ចរចា!!!​ ហើយ​តើគេយល់យ៉ាងដូចម្តេចអំពី ប្រទេស​ហត្ថលេខី​​មួយ​នៃ​អនុសញ្ញា​​ក្រុង​ឡាអេ​ឆ្នាំ១៩៥៤ និង​អនុសញ្ញា​ឆ្នាំ១៩៧២ មិនបាន​​លើកលែង​ចំពោះ​រមណីយ​ដ្ឋាន​​បេតិកភណ្ឌ​ពិភព​លោក និង​កន្លែង​ប្រារព្ធ​ពិធីសាសនា​​ ដូចជា​វត្ត​កែវ​សិក្ខាគិរី​ស្វារៈ​​​។​ ការ​​គំរាម​កំហែង​យោធាទាំងនោះ​ អាចនឹង​​បណ្ដាល​​ឲ្យ​មានការខូច​ខាតធ្ងន់ធ្ងរ​ជាង​នេះ​​ទៅ​ទៀត​។​


ទន្ទឹមនឹងនេះ យើងខ្ញុំសូមទាញការចាប់អារម្មណ៍ពីលោកជំទាវ​ និង​សមាជិក​ដ៏ឧត្តុង្គឧត្តមនៃក្រុមប្រឹក្សាប្រតិបត្តិថា យើងខ្ញុំសូមធ្វើការអំពាវនាវជាបន្ទាន់ឲ្យ​មាន​​ការគោរពដល់ជីវិតមនុស្ស និងសម្បត្តិបេតិកភណ្ឌមនុស្សជាតិ។ យើងខ្ញុំសង្ឃឹម​ថា​សហគមន៍អន្តរជាតិជាអ្នកជួយធ្វើឲ្យមានការគោរពច្បាប់ និងសីលធម៌ហើយ​ជួយ​រក្សា​បាន​នូវសន្តិភាព។
​
លោកជំទាវ​ប្រធាន

យើងខ្ញុំមាន​ការ​បារម្ភយ៉ាងខ្លាំង​ចំពោះប្រាសាទព្រះវិហារ !

យើង​ខ្ញុំសូមអំពាវនាវ​យ៉ាងឱឡារឹក និងជា​បន្ទាន់​ដល់​អ្នកមានកាតព្វកិច្ច​ការពារ​​អនុសញ្ញា​​ឆ្នាំ១៩៧២ និង​ដល់​អ្នកការ​ពារ​បេតិកភណ្ឌ​មនុស្សជាតិ​។ ​យើង​ខ្ញុំ​ជឿ​ជាក់​ចំពោះ​សម្ថតភាព​ដ៏ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ​ប្រធាន​​​​ នូវក្របខ័ណ្ឌនៃ​ការ​​​​ទទួល​ខុសត្រូវរបស់​ក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការយូណេស្កូ។​​​

សូម​លោកជំទាវប្រធាន​​ទទួល​នូវ​សេចក្ដី​​គោរព​រាប់អាន​ដ៏ខ្ពង់ខ្ពស់​​អំពីខ្ញុំ។
ប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា
ឧបនាយករដ្ឋមន្រ្តី

ហត្ថលេខា

សុខ អាន