Sunday, January 02, 2011

ជនជាតិ​ថៃ​២​នាក់​ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់​៨​ឆ្នាំ និង​ម្នាក់​ទៀត​៦​ឆ្នាំ​

ភ្នំពេញ​: វរៈ ស៊ុម​ខ្វាម​ឃី​ត​( Veera Somkwamkit) ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៨​ឆ្នាំ និង​ផាកពិន័យ​ជា​ប្រាក់​ចំនួន ១​លាន​៨​សែន​រៀល និង​ឈ្មោះ រ៉ាត់​ទ្រី​ប៉ៃ ពូ​តា​ណា​ប៉ៃ​ប៊ូ​ន ( Ratree Paiputanapaiboon) ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៦​ឆ្នាំ និង​ផា​កពិន​យ័ជាប្រាក់​ចំនួន​១​លាន​២​សែន​រៀល ស្របតាម​មាត្រា​២៩​នៃ​ច្បាប់​អន្តោប្រវេសន៍ និង​មាន​ត្រា ២៧, ៤៤៦, ៤៧៣ ​និង​មាត្រា​៤៣៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​អ្នក​ទាំង​ពីរ​នេះ​ត្រូវបាន​តុលាការ​ចោទ​ពី​បទ​ឆ្លងដែន​ខុសច្បាប់ ចូល​ក្នុង​តំបន់​យោធា​ដោយ​ចេតនា​ទុច្ចរិត និង​ប៉ុនប៉ង​ប្រមូល​ព័ត៌មាន​ដែល​អាច​នាំឱ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ ហើយ​ត្រូវបាន​គេ​នាំ​មក​ដល់​តុលាការ​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១​ខែ​កុម្ភៈ​នេះ​ដើម្បី​បើក​សវនាការ​ជុំនុំជម្រះ​ទោស​។​

​អង្គ​សវនាការ​មាន​ចៅក្រម​៣​នាក់​គឺ​លោក​សួស សំអាត លោក​ជ័យ សុវណ្ណ និង​លោក​អឿង សៀង និង​ដោយ​មាន​លោក​សុខ រឿន ព្រះរាជអាជ្ញារង​តុលាការ​រាជធានី​ភ្នំពេញ​ជា​តំណាង​អយ្យការ​។ មេធាវី​ខ្មែរ​ពីរ​រូប​ដែល​ការពារ​ជនជាតិ​ថៃ​ទាំង​ពីរ​គឺ​លោក​ប៉ិច វិច្ឆិកា និង​លោករ​ស់ អូន​។

​នៅ​ចំពោះមុខ​អង្គ​សវនាការ ជនជាតិ​ថៃ​ទាំង​២​មិន​បាន​ទទួលស្គាល់​ថា​ខ្លួន​បាន​ដើរ​ចូល​ក្នុងទឹកដី​កម្ពុជា​ទេ តែ​ពួកគេ​អះអាង​ថា​ទីនោះ​ជា​ដី​របស់​ថៃ​។ ការជជែក​តឹង​សសៃក​រវាង​ព្រះរាជអាជ្ញា​និង​ជនជាប់​ចោទ​ក្បាលរឹង​ទាំងពីរ​មាន​លក្ខណៈ​តឹងតែង​និង​ប្រើពេល​យូរ​ដោយសារតែ​ពួកគេ​មិន​ព្រម​ទទួល​ថា​បាន​ដើរ​ចូល​ក្នុង​ទឹកដី​ខ្មែរ​។

​បន្ទាប់​ពី​ដេញដោល​អស់​មួយ​ព្រឹក​ធំ​មក តុលាការ​បាន​បន្ត​ការសួរដេញដោល​នៅ​ពេល​រសៀល​ទៀត​ដោយ​មាន​ទាំង​ការចាក់​ខ្សែ​វីដេអូរ​បង្ហាញ​ផង​។ តែ​វរៈ ស៊ុម​ខ្វាម​ឃី​ត​នៅ​តែ​អះ​អ​អាង​ថា​ទីនោះ​ជា​ដី​របស់​ថៃ​ដែល​ខ្មែរ​បាន​ឈ្លានពាន​យក​។ យ៉ាងណាក៏ដោយ ដោយ​ផ្អែក​លើភស្តុតាង​នានា តុលាការ​បាន​រកឃើញ​ថា​ជនជាតិ​ថៃ​ទាំង​ពីរ​ពិតជា​មាន​ពិរុទ្ធភាព​ដូច​ការចោទប្រកាន់​មែន​។

​សូមបញ្ជាក់​ថា​វរៈ ស៊ុម​ខ្វាម​ឃី​ត​( Veera Somkwamkit) និង​ឈ្មោះ រ៉ាត់​ទ្រី​ប៉ៃ ពូ​តា​ណា​ប៉ៃ​ប៊ូ​ន ( Ratree Paiputanapaiboon) គឺជា​ជនជាតិ​ថៃ​ចុងក្រោយ​ក្នុងចំណោម​៧​នាក់​ដែល​តុលាការ​កម្ពុជា ត្រូវ​ជំនុំជម្រះ​ទោស​។ ជនជាតិ​ថៃ ៥ នាក់​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​ផានិ​ច វី​គីត​សេត (Panic Vikitseth) ជា​សមាជិក​សភា ឈ្មោះ​ណា​រឿ​ម មុល​ជិត​វ៉ា​រ៉ា​តាណា ( Maruemol Chitwaratana) ឈ្មោះ​គុជ ពុន​ថន​ជូ​សា​ណា​សេរី (Kochpontorn Chusana Seree) ឈ្មោះ សែម ឌី​ន​ឡឺត​ប៊ូ​ឆា (Samdin Lersbusya) និង​ឈ្មោះ​តា​យ ណែ​មួង​ម៉ាក​ច​ន (Taynae Moonmachon) ត្រូវបាន​តុលាការ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ហើយ​កាលពី​ថ្ងៃ​ទី​២១​មករា​ឆ្នាំ​២០១១​នេះ​។​

​ជនជាតិ​ថៃ​ទាំង​៧​នាក់​នេះ​ត្រូវបាន​អាជ្ញាធរ​ខ្មែរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​ឆ្នាំ​២០១០​ខណៈ ដែល​ពួកគេ​ដើរ​ចូល​ក្នុង​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​ក្នុង​ភូមិសាស្ត្រ​ចំណុច​គីឡូ​ម៉ែត​លេខ​២៦ ក្នុង ខេត្ត​បន្ទាយមានជ័យ​។ ពួកគេ​ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ ឆ្លង​ដែល​ខុសច្បាប់ និង​ចូល​ក្នុង​តំបន់​យោធា​ក្នុង​បំណង​ទុច្ចរិត​។ ប៉ុន្តែ ជនជាតិ​ថៃ​២​នាក់ ចុងក្រោយ​នេះ​ត្រូវបាន​តុលាការ​ចោទ​បន្ថែម ពី​បទ​ប៉ុនប៉ង​ប្រមូល​ព័ត៌មាន​ដែល​អាច​ធ្វើឱ្យ អន្តរាយ​ដល់​ការ​ការពារជាតិ​។

ពេល​ចេញពី​សវនាការ វរៈ ស៊ុម​ខ្វាម​ឃី​ត​បាន​ស្រែក​ថា​នេះ​ជា​ការកាត់ក្តី​ដ៏​អយុត្តិធម៌​មួយ​ដែលគាត់​មិន​អាច​ទទួលយក​បាន​ឡើយ ហើយ​គាត់​នឹង​ប្តឹង​ទៅ​សាលាឧទ្ទរណ៍​បន្តទៀត​។ សូមបញ្ជាក់​ថា អ្នកស្រី រ៉ាត់​ទ្រី​ប៉ៃ ពូ​តា​ណា​ប៉ៃ​ប៊ូ​ន មុន​ពេល​កាត់ក្តី​នេះ​គឺ​មិន​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ទេ​គឺ​អ្នកស្រី​បាន​ស្នាក់នៅ​ក្នុង​ស្ថានទូត​ថៃ​ចាប់​តាំងពី​ក្រោយ​ការដោះលែង​ឱ្យ​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​មក​។ តែ​ពេល​នេះ អ្នកស្រី​ត្រូវបាន​ចៅក្រម​បញ្ជា​ឱ​នាំខ្លួន​ទៅ​ឃុំ​នៅ​បណ្ឌល​អប់រំ​កែប្រែ ម​២ ​ព្រៃ​ស​វិញ​ហើយ​៕​

ដោយ : រតនា

No comments:

Post a Comment